កម្ពុជាបន្តចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការពហុភាគី ដោយបំពេញភារកិច្ចជាប្រធានក្រុមប្រឹក្សាស្ដីពីពាណិជ្ជកម្មសេវានៃអង្គការពាណិជ្ជកម្មពិភពលោក

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ម៉ោង ០៩:០៨ នាទី ព្រឹក

👁 5

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ហ្សឺណែវ ប្រទេសស្វីស)៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ កម្ពុជា តំណាងដោយអគ្គរាជទូត ឡុង កែមវិចិត្រ តំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក បានបំពេញភារកិច្ចជាប្រធានក្រុមប្រឹក្សាស្ដីពីពាណិជ្ជកម្មសេវានៃអង្គការពាណិជ្ជកម្មពិភពលោក នៅក្នុងកិច្ចប្រជុំលើកទី៣ ប្រចាំឆ្នាំ២០២២ របស់ក្រុមប្រឹក្សាដ៏មានសារៈសំខាន់នេះ។

ក្នុងដំណើរការនៃកិច្ចប្រជុំ ក្នុងនាមជាប្រធានក្រុមប្រឹក្សា អគ្គរាជទូតកម្ពុជាបានរាយការណ៍ជូនសមាជិកទាំងអស់អំពីលទ្ធផលនៃកិច្ចពិភាក្សាទ្វេភាគីរវាងប្រធានក្រុមប្រឹក្សាជាមួយនឹងសមាជិកមួយចំនួនដែលបានចូលរួមពិភាក្សា ដើម្បីស្វែងយល់ពីការយល់ឃើញ និងគោលជំហររបស់សមាជិកទាំងនោះទៅលើការអនុវត្តសេចក្ដីសម្រេច និងសេចក្ដីប្រកាសនានា ដែលជាលទ្ធផលនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ នៃអង្គការ WTO ដែលបានបញ្ចប់កាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅ។ នៅក្នុងសេចក្ដីសម្រេច និងសេចក្ដីប្រកាសទាំងនោះ រដ្ឋមន្ត្រីបានផ្ដល់អាណត្តិដល់ក្រុមប្រឹក្សាស្ដីពីពាណិជ្ជកម្មសេវា ជំរុញការពិនិត្យ និងលើកកម្ពស់ការអនុវត្តលើប្រធានបទចំនួន ៤ គឺ៖ (១) ភាពអនុគ្រោះដល់វិស័យសេវារបស់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC Services Waiver) (២) កម្មវិធីស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការព្យួរជាបណ្តោះអាសន្តការមិនយកពន្ធលើការបញ្ចូនតាមអេឡិចត្រូនិក (E-Commerce Work Programme and Moratorium) (៣) ការឆ្លើយតបទៅនឹងជំងឺរីករាលដាលជាសកល (Response to Pandemic) និង (៤) កំណែទម្រង់អង្គការ WTO (WTO Reform)។

ក្រៅពីពិចារណាលើរបាយការណ៍ខាងលើ សមាជិក​ទាំងអស់ក៏បានពិភាក្សាលើប្រធានបទផ្សេងៗទៀត ក្នុងគោលបំណងតាមដានការអនុវត្តកិច្ចព្រមព្រៀងទូទៅស្ដីពីពាណិជ្ជកម្មសេវា ក៏ដូចជាសេចក្ដីសម្រេចដទៃមួយចំនួនទៀតផងដែរ។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ