ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន សាន់វ៉ា ប្រផឹធី (ខេមបូឌា) ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ

ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ម៉ោង ០៩:៣៣ នាទី យប់

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២, ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ ក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន សាន់វ៉ា ប្រផឹធី (ខេមបូឌា) ខូអិលធីឌី ដឹកនាំដោយ លោកបណ្ឌិត Jonathan Choi ប្រធានក្រុមហ៊ុន សាន់វ៉ា គ្រុប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធការធ្វើធុរកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ ក្នុងនាម ឯកឧត្តមរដ្ឋមន្ត្រី និងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តមសូមសម្តែងនូវស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកសិក្សាស្វែងយល់ ចាប់យកនូវកាលានុវត្តភាព និងមានបំណងពង្រីកធុរកិច្ចនៅព្រះរាជាណាចក្រកម្ពុជា របស់លោកបណ្ឌិត Jonathan Choi ប្រធានក្រុមហ៊ុន សាន់វ៉ា គ្រុប និងគណៈប្រតិភូ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានជម្រាបគណៈប្រតិភូក្រុមហ៊ុន សាន់វ៉ា ប្រផឹធី ថាក្រោមការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ, ក្រសួងពាណិជ្ជកម្មបានយកជាអាទិភាពក្នុងការពង្រឹងលើការផ្តល់សេវាសាធារណៈសំដៅសម្រួលក្នុងការធ្វើធុរកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា និងបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មជាបន្តបន្ទាប់ តួយ៉ាងដូចជាប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ការចុះបញ្ជីក្រុមហ៊ុន និងការចុះបញ្ជីម៉ាក ដែលមានភាពងាយស្រួល ឆាប់រហ័ស តម្លាភាព និងប្រសិទ្ធភាព។ បន្ថែមលើនេះ ក្រសួងពាណិជ្ជកម្ម ក៏បានដាក់ចេញ និងកំណត់ផែនការច្បាស់លាស់ក្នុងការចរចាបើកទីផ្សារថ្មីៗបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បន្ថែមថា ផ្អែកលើតួលេខ៩ខែឆ្នាំ២០២២នេះ ឃើញថាទំហំពាណិជ្ជកម្មកម្ពុជាមានការកើនឡើង ហើយសេដ្ឋកិច្ចកម្ពុជាក៏កំពុងងើបឡើងវិញផងដែរ ខណៈដែលសេដ្ឋកិច្ចកម្ពុជាមុនកូវីដ-១៩ មានកំណើនក្នុងរង្វង់៧%។ ការសម្រេចទៅបានបែបនេះ គឺក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយម របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងកត្តាសុខសន្តិភាពពេញលេញ និងស្ថេរភាពនយោបាយ។

លោកបណ្ឌិត Jonathan Choi, ប្រធានក្រុមហ៊ុន សាន់វ៉ា គ្រុប បានសម្តែងនូវក្តីសោមនស្បរីករាយ និងសូមអរគុណដល់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅចំពោះរូបលោក និងគណៈប្រតិភូ។ លោកបណ្ឌិតប្រធាន បានជម្រាបជូនថា ក្រុមហ៊ុន សាន់វ៉ា គ្រុប បានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៥៧ គិតមកទល់ពេលនេះមានអាយុកាលជាង៦៥ ឆ្នាំ ហើយបាននឹងកំពុងធ្វើប្រតិបត្តិការអាជីវកម្មលើវិស័យសំខាន់ៗរួមមាន វិស័យចំណីអាហារ ជាពិសេសគ្រឿងសមុទ្រ កាហ្វេ តែ, វិស័យអចនលទ្រព្យ ហរិញ្ញវត្ថុ បច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ កសិកម្ម និងហេដ្ឋរចនាសម្ព័ន្ធ នៅប្រទេសចិន ម៉ាកាវ ហុងកុង ជប៉ុន កាណាដា និងវៀតណាម ជាដើម។ល។ ដោយឡែកចំពោះ ក្រុមហ៊ុន សាន់វ៉ា ប្រផឹធី (ខេមបូឌា) ខូអិលធីឌី បានបង្កើតឡើង និងចុះបញ្ជីពាណិជ្ជកម្មនៅឆ្នាំ២០០៥ ដែលមានកូនប្រុសលោកផ្ទាល់គឺលោក Jackson Choi ជាប្រធានក្រុមហ៊ុន។ លោកបណ្ឌិតប្រធាន ក៏បានជម្រាបជូន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ជ្រាបផងដែរថាលោក Jackson Choi បានជាប់ឆ្នោតជាប្រធានសមាគមពាណិជ្ជកម្ម ហុងកុង ម៉ាកាវ កម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានអបអរសាទរ និងកោតសរសើរចំពោះក្រុមហ៊ុន សាន់វ៉ា គ្រុប ដែលមានប្រតិបត្តិការអាជីវកម្មលើពហុវិស័យ ហើយទទួលបានជោគជ័យ។ ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ជឿជាក់ថា តាមរយៈក្រុមហ៊ុន សាន់វ៉ា ប្រផឹធី (ខេមបូឌា), ក្រុមហ៊ុន សាន់វ៉ា គ្រុប នឹងពង្រីកការវិនិយោគថែមទៀតលើវិស័យអចនលទ្រព្យ ហើយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ស្នើក្រុមហ៊ុនពិចារណាវិនិយោគផងដែរ លើវិស័យកសិកម្ម និងទាញប្រយោជន៍ចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ