ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ម៉ោង ០៩:០៨ នាទី យប់
👁 3
ក្រសួងពាណិជ្ជកម្ម ៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នាយដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និងការិយាល័យប៉ាតង់នៃប្រទេសជប៉ុន បានសហការរៀបចំសិក្ខាសាលាស្តីពីការចុះបញ្ជីម៉ាក និងយន្តការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញាតាមនីតិវិធីរដ្ឋបាលក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជ តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក អូកាម៉ូតូ ម៉ាសាគី (OKAMOTO Masaki) នាយកនៃការិយាល័យកិច្ចសហប្រតិបត្តិការប្រចាំតំបន់ នៃការិយាល័យប៉ាតង់នៃប្រទេសជប៉ុន រួមនឹងអ្នកចូលរួមជាអតីតសិក្ខាកាម នៃវគ្គបណ្តុះបណ្តាលការិយាល័យប៉ាតង់នៅប្រទេសជប៉ុនចំនួនប្រមាណ ៦០នាក់។
ជាតំបូង ឯកឧត្តមរដ្ឋលេខាធិការ បានសំដែងសេចក្តីសោមនស្សរីករាយជាអនេក និងកិត្តិយសជាខ្លាំងដែលទទួលបានការអញ្ជើញចូលរួមជាអធិបតីក្នុង សិក្ខាសាលាស្តីពី ការចុះបញ្ជីម៉ាក និងយន្តការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញា តាមនីតិវិធីរដ្ឋបាល ដែលបានសហការរៀបចំទ្បើងដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម និងអង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន (JPO) នាថ្ងៃនេះ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសំដែងនូវការកោតសរសើរចំពោះនាយកដ្ឋានកម្មសិទ្ធិបញ្ញា និងអង្គភាពប្រកាសនីយបត្រ តក្កកម្មជប៉ុន (JPO) ដែលបានផ្តួចផ្តើម និងខិតខំរៀបចំសិក្ខាសាលានេះទ្បើង និងអរគុណចំពោះ វត្តមានរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ ដែលមានវត្តមាន នៅទីនេះ។ ដូចដែល ឯកឧត្តម លោក លោកស្រី បានជ្រាបរួចហើយថារយៈពេលជាងពីរឆ្នាំកន្លងមក ហើយដែលពិភពលោកទាំងមូលរួមទាំងប្រទេសកម្ពុជា បានប្រឈមនឹងជំងឺរាតត្បាតជាសាកលគឺ កូវីដ១៩ ដែលបានបង្កសោកនាដកម្មរាប់មិនអស់ ក្នុងនោះមិនត្រឹមតែឆក់យកអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែចូលរួមជាបច្ច័យអវិជ្ជមានទាញសេដ្ឋកិច្ចពិភពលោក និងប្រទេសកម្ពុជាឱ្យធ្លាក់ចុះក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមក។ ប៉ុន្តែបច្ចុប្បន្នស្ថានភាពមានការល្អប្រសើរទ្បើងវិញ ដូច្នេះថ្ងៃនេះយើងមានឱកាសបានធ្វើការជួបជុំគ្នាឡើងវិញ តាមបែបកន្លងប្រក្រតីភាពថ្មីក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំគ្រប់គ្រងសភាពការណ៍នៃការ រីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍បានទាំងស្រុង តាមរយៈការអនុវត្តយ៉ាងជោគជ័យនូវយុទ្ធ សាស្ត្រវ៉ាក់សាំង និងការទូតវ៉ាក់សាំង ដែលធ្វើឱ្យប្រទេសកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ និងទាន់ ពេលវេលា។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមបានជម្រាបអង្គពិធីទាំងមូលឱ្យបានជ្រាបថា កម្ពុជាបាន ចូលជាសមាជិករបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោកតាំងពីឆ្នាំ១៩៩៥ ដែលនេះជាមូលដ្ឋានគ្រឹះនៃរបបកម្មសិទ្ធិបញ្ញានៅកម្ពុជា និងបានត្រួសត្រាយផ្លូវសម្រាប់កម្ពុជាក្នុងការកសាងឡើងវិញនូវបទប្បញ្ញត្តិនានា ដើម្បី ចូលរួមក្នុងប្រព័ន្ធកម្មសិទ្ធិបញ្ញាជាសាកល ដោយក្នុងនោះយើងបានបង្កើត៖
- ច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ឆ្នាំ២០០២
- ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ឆ្នាំ២០០៣
- ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ឆ្នាំ២០០៣
- ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ ឆ្នាំ២០០៨
- ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ឆ្នាំ២០១៤
- ច្បាប់ស្តីពីអាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ ឆ្នាំ២០១៨
- សេចក្តីព្រាងច្បាប់ស្តីពីការសម្ងាត់ពាណិជ្ជកម្ម និងព័ត៌មានមិនទម្លាយចេញ និង
- សេចក្តីព្រាងអនុក្រឹត្យស្តីពីវិធានការរដ្ឋបាលសម្រាប់អនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា
ព្រមជាមួយនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ និងជាប្រធាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាកម្ពុជា ក៏បានបន្តចូលរួមជាភាគីហត្ថលេខីនៃសន្ធិសញ្ញាមួយចំនួន ដែលគ្រប់គ្រងដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោកផងដែរ រួមមាន៖
- ពិធីសារក្រុងម៉ាឌ្រីដ ឆ្នាំ២០១៥
- សន្ធិសញ្ញាសហប្រតិបត្តិការប្រកាសនីយបត្រតក្កកម្ម (PCT) ឆ្នាំ២០១៦
- កិច្ចព្រមព្រៀងទីក្រុងទ្បាអេស្តីពីកិច្ចការពារគំនូរឧស្សាហកម្ម ឆ្នាំ២០១៧
- កិច្ចព្រមព្រៀងទីក្រុងលីស្បោនស្តីពីការហៅឈ្មោះតាមប្រភពដើមនៃទំនិញ និងម៉ាកសម្គាល់ភូមិសាស្រ្ត ទំនិញ ២០១៨
- សន្ធិសញ្ញាទីក្រុងប៉េកាំងស្តីពីការសម្តែងសោតទស្សន៍ ឆ្នាំ២០១៩ និង
_ អនុសញ្ញាទីក្រុងប៊ែនស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈ ឆ្នាំ២០២២ ។
ឯកឧត្តមបានទៀតថា នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មក៏បានខិតខំធ្វើការកែទម្រង់ និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យ កម្មសិទ្ធិបញ្ញាក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបានរៀបចំច្បាប់លិខិតបទដ្ឋានគតិយុត្តផែនការសកម្មភាពការងារកម្មសិទ្ធិបញ្ញាសម្រាប់រយៈពេល៣ឆ្នាំ សេចក្តីព្រាងគោលនយោបាយជាតិកម្មសិទ្ធិ បញ្ញា២០២២-២០២៧ ការពង្រឹងស្ថាប័នកម្មសិទ្ធិបញ្ញាក្នុងការគ្រប់គ្រងច្បាប់ និងប្រព័ន្ធកម្មសិទ្ធិបញ្ញា ឱ្យមានប្រសិទ្ធភាពនិងមានតុល្យភាព ការកសាងហេដ្ឋារចនាសម្ព័នរូបវន្ត ដើម្បីលើកកម្ពស់ការការពារកម្មសិទ្ធិបញ្ញា និងការអភិវឌ្ឍសមត្ថភាពរបស់ស្ថាប័នសាធារណៈ និងវិស័យឯកជនក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍ ការពង្រឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមួយស្ថាប័ន្ធពាក់ព័ន្ធនានា។ ម៉្យាងវិញទៀត ការផ្តល់សេវាសាធារណៈជូនដល់វិស័យឯកជនក៏ត្រូវបានកែលម្អជាបន្តបន្ទាប់ឱ្យកាន់តែប្រសើរជាងមុន តាមរយៈការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានវិទ្យាទំនើបដែលក្នុងនោះថ្លៃសេវា ពេលវេលា និងបែបបទដែលមានភាពលំបាកស្មុគស្មាញត្រូវបានកាត់បន្ថយ។ ទន្ទឹមនឹងនេះនាយកដ្ឋានកម្មសិទ្ធិបញ្ញាក៏កំពុងសហការជាមួយភាគីពាក់ព័ន្ធដើម្បីសិក្សាលទ្ធភាពក្នុងការបន្តចូល ជាសមាជិកនៃ កិច្ចព្រមព្រៀងសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិ ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាដទៃទៀត ដើម្បីឱ្យស្របតាមកាតព្វកិច្ចអន្តរជាតិ និងការវិវត្តន៍យ៉ាងលឿន នៃសេដ្ឋកិច្ច-សង្គមឌីជីថល បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និងបរិបទនៃសាកលភាវូនីយកម្ម ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច។ ចំណែកឯការលើក កម្ពស់ចំណេះដឹង សាធារណៈដែលជាសរសរស្តម្ភ ទ្រទ្រង់ប្រព័ន្ធកម្មសិទ្ធិបញ្ញាក៏នៅតែជាកិច្ចការសំខាន់ផងដែរ យើងអាចនិយាយ បានថាប្រព័ន្ធកម្មសិទ្ធិ បញ្ញាដែលរឹងមាំមិនត្រឹមតែត្រូវការគោលនយោបាយ ច្បាប់បទដ្ឋានគតិយុត្តហេដ្ឋា រចនាសម្ព័ន្ធសេវាសាធារណៈល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែចាំបាច់ត្រូវមានការចូលរួមផងដែរពី សាធារណៈជន ទើបអាចធានាបាននូវសង្គមមួយដែលផ្តល់តម្លៃ និងគោរពកម្មសិទ្ធិបញ្ញាដែលជាផ្នែកមួយនៃ ការលើកទឹកចិត្ត ឱ្យមានការអភិវឌ្ឍន៍គ្រប់វិស័យ។
ចំពោះការរៀបចំសិក្ខាសាលានាថ្ងៃនេះ ក៏បានសបញ្ជាក់ឱ្យឃើញអំពីសន្ទុះរីកចម្រើនក្នុងផ្នែកកម្មសិទ្ធិ បញ្ញា និងកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូអន្តរជាតិក្នុងការលើកកម្ពស់ និងអភិវឌ្ឍវិស័យកម្មសិទ្ធិ បញ្ញារបស់កម្ពុជា ព្រមទាំងឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ស្ថាប័នពាក់ព័ន្ធក្នុងការធ្វើឱ្យប្រសើរឡើងនូវកិច្ចការពារកម្មសិទ្ធិបញ្ញា ការសម្របសម្រួលដោះស្រាយវិវាទ និងជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញា ក្នុងការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា។
មុននឹងបញ្ចប់ ឯកឧត្តមបានថ្លែងអំណរគុណម្តងទៀត ជូនចំពោះក្រុមការងារទាំងអស់នៃអង្គភាពប្រកាស នីយបត្រតក្កកម្មជប៉ុន (JPO) និងនាយកដ្ឋានកម្មសិទ្ធិបញ្ញា ដែលបានខិតខំសហការរៀបចំសិក្ខា សាលានេះទ្បើង និងឆ្លៀតយកឱកាសនេះលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់ ក្នុងការស្តាប់បទបង្ហាញរបស់វាគ្មិនយើងក៏ដូចជាលើកជាសំនួរផ្សេងៗ និងចែករំលែកបទពិសោធន៍ និងចំណេះដឹងទៅវិញទៅមក ដើម្បីឱ្យសិក្ខាសាលានេះកាន់តែទទួលបានលទ្ធផលត្រចះត្រចង់៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣