ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ០៩:៤៥ នាទី យប់
👁 2
(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាសហប្រធានកិច្ចប្រជុំលើកទី១ របស់ក្រុមការងារអភិវឌ្ឍន៍ច្រករបៀងខាងលិច-ខាងកើត សម្រាប់ឆ្នាំ២០២២ (The 1st Meeting of 2022 West-East Corridor Development Working Group – (WEC-WG)) ជួបពិភាក្សាការងារជាមួយភាគីជប៉ុន ដឹកនាំដោយលោក Chiyo Koichi អគ្គនាយករងទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន តាមប្រព័ន្ធវីដេអូ។
កិច្ចប្រជុំនេះ មានការចូលរួមដោយគណៈប្រតិភូមកពីកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម និងគណៈប្រតិភូជប៉ុន ព្រមទាំងលេខាធិការដ្ឋានអេកម៉ិកប្រចាំទីក្រុងបាងកក នៃប្រទេសថៃផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គនាយក និងជាសហប្រធានដឹកនាំកិច្ចប្រជុំ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅ ជូនសមាជិកអង្គប្រជុំទាំងអស់ និងស្នើសុំផ្តល់ការគាំទ្រ និងចូលរួមផ្លាស់ប្តូរមតិយោបល់លើរបៀបវារៈនៃកិច្ចប្រជុំនីមួយៗ។ អង្គប្រជុំ បានធ្វើការកត់សម្គាល់ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ រួមមាន៖ (១) លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចមេគង្គ-ជប៉ុន លើកទី១៣ (២) វឌ្ឍនភាពនៃចក្ខុវិស័យអភិវឌ្ឍន៍ឧស្សាហកម្មមេគង្គ ២.០ (MIDV 2.0) និង (៣) ការត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចមេគង្គ-ជប៉ុន លើកទី១៤ នាពេលខាងមុខ។ អង្គប្រជុំក៏បានលើកពីបច្ចុប្បន្នភាពនៃការអនុវត្តគម្រោងទាំងចាស់ទាំងថ្មីក្រោម MIDV 2.0 ដែលជួយប្រទេសសមាជិកមេគង្គលើសសរស្តម្ភទាំងបីគឺវិស័យហេដ្ឋារចនាសម្ព័ន្ធ បរិវត្តកម្មឌីជីថល និងការផ្លាស់ប្តូរថាមពល។
ជាកិច្ចបញ្ចប់ អង្គប្រជុំឯកភាពលើកកម្ពស់កិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌតំបន់តាមរយៈការអនុវត្តគំនិតផ្តួចផ្តើម និងគម្រោងនានាដែលកំពុងអនុវត្ត ក៏ដូចជាគម្រោងថ្មីៗ ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ដើម្បីគាំទ្រដល់ការអភិវឌ្ឍដល់ប្រទេសសមាជិកមេគង្គ ហើយទន្ទឹមនឹងនោះ អង្គប្រជុំនឹងត្រៀមរៀបចំរបាយការណ៍វឌ្ឍនភាពជូនកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចមេគង្គ-ជប៉ុនដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣