ឯកឧត្តម ប៉ាន សូរស័ក្ដិ ចូលរួមអមសម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងសុន្ទរកថាគន្លឹះ និងបើកវេទិកាជាន់ខ្ពស់ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)

ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ០២:២៨ នាទី រសៀល

👁 8

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ បានចូលរួមអម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្ដេចអញ្ជើញចូលរួមជាអធិបតី និងបានថ្លែងសុន្ទរកថាគន្លឹះដើម្បីបើកវេទិកាជាន់ខ្ពស់ស្តីពី "កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)" ក្រោមមូលបទ៖ គម្រប់ខួបអនុស្សាវរីយ៍ ១០ឆ្នាំ នៃកិច្ចព្រមព្រៀងអាសិប៖ ការរំលឹកឡើងវិញដំណើរការនៃកិច្ចព្រមព្រៀងអាសិប។ វេទិកាជាន់ខ្ពស់នេះ ត្រូវបានប្រារព្ធឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា ពីថ្ងៃទី០២-០៣ ខែវិច្ឆិកា ក្រោមការគាំទ្រពីវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) និងលេខាធិការដ្ឋានអាស៊ាន ហើយក៏ជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៨-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្នុងវេទិកានេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាសមាជិករាជរដ្ឋាភិបាលកម្ពុជា តំណាងអង្គទូតនានាប្រចាំប្រទេសកម្ពុជា មន្ត្រីជាន់ខ្ពស់មកពីស្ថាប័នពាក់ព័ន្ធ អ្នកស្រាវជ្រាវជាតិ-អន្តរជាតិ តំណាងវិស័យឯកជន ដៃគូអភិវឌ្ឍ ព្រមទាំងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ ជាច្រើនរូបផងដែរ។

ថ្លែងក្នុងសុន្ទករថាគន្លឹះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញថា កិច្ចព្រមព្រៀងអាសិបនេះចាប់ផ្តើមកិច្ចចរចានៅកម្ពុជា កាលឆ្នាំ២០១២ ក្នុងឱកាសកម្ពុជាជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី១២ ហើយបានចូលជាធរមានផ្លូវការនៅឆ្នាំ២០២២ នៅកម្ពុជាដូចគ្នា ចំពេលដែលកម្ពុជាទទួលឋានៈជាប្រធានអាស៊ានជាថ្មីម្តងទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តថា ភាពជោគជ័យនេះមិនមែនជារឿងចៃដន្យឡើយ តែជាកិច្ចខិតខំប្រឹងប្រែងឥតស្រាកស្រាន្តរបស់រដ្ឋមន្ត្រីពាក់ព័ន្ធ និងក្រុមការងារចរចាទាំងអស់ ក្នុងការជំនះការលំបាក និងភាពស្មុគស្មាញជាច្រើន នៅរយៈពេលជាង៨ឆ្នាំនៃការចរចាដ៏សស្រាក់សស្រាំនេះ។ មិនតែប៉ុណ្ណោះ វិបត្តិតំបន់ និងសកល ដែលរួមមានជំងឺកូវីដ-១៩ សង្គ្រាមពាណិជ្ជកម្មនិងបច្ចេកវិទ្យា សង្រ្គាមរុស្សី-អ៊ុយក្រែន និងបញ្ហាបម្រែបម្រួលអាកាសធាតុ ។ល។ បានញ៉ាំងឱ្យការចូលជាធរមាននៃកិច្ចព្រមព្រៀងអាសិបនេះ កាន់តែមានតម្លៃមិនអាចខ្វះបានថែមទៀត ខណៈដែលច្រវាក់តម្លៃនិងផលិតកម្មតំបន់សកល បាននឹងកំពុងរងការរាំងស្ទះពីវិបតិ្តខាងលើ។ សម្តេចបន្តថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់តំបន់ក្នុងការគាំពារសកលភាវូបនីយកម្ម ការពារប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគីដែលផ្អែកលើគោលការណ៍ច្បាប់ ការបន្តបើកចំហសេដ្ឋកិច្ច និងការរក្សាបាននូវស្មារតីសហប្រតិបត្តិការរួមគ្នា ទោះបីជានៅក្នុងបរិបទនៃការកើនឡើងនៃគោលនយោបាយគាំពារនិយម និងបម្រែបម្រួលតុល្យភាពអំណាចក៏ដោយ។

ដើម្បីចូលរួមជាយុទ្ធសាស្ត្រក្នុងការអនុវត្តកិច្ចព្រមព្រៀងអាសិបនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់ជាអនុសាសន៍គន្លឹះចំនួន ៤ ដូចខាងក្រោម៖

ទី១- ភាគីសមាជិកនិងភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងអាសិបទាំងអស់ ជាពិសេសភាគីសមាជិកដែលជាប្រទេសអភិវឌ្ឍន៍តិចតួច គួរបង្កើនកិច្ចសហការនិងគាំទ្រគ្នាទៅវិញទៅមក ក្នុងការអនុវត្តកិច្ចព្រមព្រៀងអាសិបនេះឱ្យបានពេញលេញ ដើម្បីទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា។ ដើម្បីសម្រេចបាននូវគោលបំណងនេះ លេខាធិការដ្ឋានអាសិបគួរតែត្រូវបង្កើតឡើងឱ្យកាន់តែឆាប់តាមតែអាចធ្វើទៅបាន ដោយត្រូវពិចារណាលើគ្រប់ទិដ្ឋភាពនិងលក្ខខណ្ខចាំបាច់នានា សំដៅធានាបានអព្យាក្រឹត្យភាព ឯករាជ្យភាព កាលានុវត្តភាពសម្រាប់ការអភិវឌ្ឍ និងការចូលរួមក្នុងការធ្វើសមាហរណកម្មតំបន់។ សម្តេចក៏បានបញ្ជាក់សារជាថ្មីផងដែរថា កម្ពុជានៅតែមានចំណាប់អារម្មណ៍ក្នុងការទទួលតាំងលេខាធិការដ្ឋានអាសិបនៅទីក្រុងភ្នំពេញ និងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រនិងសម្បទានចាំបាច់នានា។

ទី២- កម្ពុជាលើកទឹកចិត្តឱ្យភាគីសមាជិក និងភាគីហត្ថលេខីទាំងអស់នៃកិច្ចព្រមព្រៀងអាសិប ចាប់ផ្តើមពិភាក្សាលើនីតិវិធីក្នុងការស្នើសុំចូលជាសមាជិកនៃកិច្ចព្រមព្រៀងនេះឱ្យបានឆាប់តាមតែអាចធ្វើទៅបាន ដោយហេតុថា កិច្ចព្រមព្រៀងអាសិបនឹងអនុញ្ញាតឱ្យមានការស្នើសុំចូលជាសមាជិកនៅក្នុងអំឡុងឆ្នាំក្រោយនេះ។

ទី៣- កម្ពុជាស្វាគមន៍ចំពោះការផ្តល់ជំនួយហិរញ្ញវត្ថុ ពីបណ្តាភាគីសមាជិក និងភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងអាសិប សំដៅគាំទ្រនិងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងអាសិប ជាពិសេសសម្រាប់ភាគីសមាជិកជាប្រទេសអភិវឌ្ឍន៍តិចតួច រួមទាំងកម្ពុជា និងអំពាវនាវដល់សមាជិកអាសិបទាំងអស់នៃកិច្ចព្រមព្រៀងអាសិបនេះ ពន្លឿនការពិភាក្សាលើយន្តការនៃការប្រើប្រាស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេសនេះឱ្យបានឆាប់ ចែករំលែកឧត្តមានុវត្តក្នុងការអនុវត្តកិច្ចព្រមព្រៀងអាសិបនេះ ដើម្បីប្រែក្លាយកិច្ចព្រមព្រៀងអាសិបនេះទៅជាយន្តការរួមមួយដែលគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ ប្រកបដោយចីរភាព ភាពធន់រឹងមាំ និងបរិយាប័ន្ន។  

ទី៤- កម្ពុជាជំរុញឱ្យបង្កើនការចូលរួមរបស់វិស័យឯកជន តាមរយៈការពង្រឹងសមត្ថភាព សកម្មភាពលើកកម្ពស់ការយល់ដឹង និងវេទិកាពិគ្រោះយោបល់ជាមួយវិស័យឯកជន ដែលនឹងអាចក្លាយជាក្របខណ្ឌដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងយល់អំពីបញ្ហាប្រឈមនិងកាលានុវត្តភាពនានា។

នៅក្នុងវេទិកានេះ សម្តេចតេជោក៏បានចូលរួមសម្ភោធជាផ្លូវការនៃសៀវភៅលើកទី២ របស់វិទ្យាស្ថាន ERIA ដែលមានចំណងជើងថា "ថាមវន្តនៃតំបន់អាស៊ីបូព៌ា និងកិច្ចព្រមព្រៀងអាសិប៖ ក្របខណ្ឌសម្រាប់ការធ្វើសមាហរណកម្មតំបន់"។ បន្ទាប់ពីនេះ វេទិកានេះនឹងដំណើរការទៅដោយមានកិច្ចពិភាក្សាកម្រិតខ្ពស់ជាច្រើនវគ្គ ដែលវាគ្មិនជាថ្នាក់ដឹកនាំនៅប្រទេសក្នុងតំបន់ អ្នកស្រាវជ្រាវជាន់ខ្ពស់របស់ស្ថាប័នឯករាជ្យអន្តរជាតិ និងអ្នកជំនាញកិច្ចការអាសិបជាច្រើនរូប នឹងធ្វើបទបង្ហាញ និងពិភាក្សាដេញដោលស៊ីជម្រៅជុំវិញការវិវត្ត និងខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ។

សូមបញ្ជាក់ថា ការសិក្សារបស់វិទ្យាស្ថាន ERIA នៅឆ្នាំ២០២២ថ្មីៗនេះ បានបង្ហាញថា កិច្ចព្រមព្រៀងអាសិបនឹងផ្តល់ឱ្យកម្ពុជានូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ២%-៣,៨%, កំណើនការនាំចេញក្នុងរង្វង់ ៩,៤%-១៨%, កំណើនឱកាសការងារប្រចាំឆ្នាំប្រមាណ ៣,២%-៦,២%, កំណើនវិនិយោគប្រមាណ ២៣,៤%, និងកំណើនចំណូលពន្ធប្រចាំឆ្នាំប្រមាណ ២%-៣,៩% ផងដែរ។ ការសិក្សារបស់ស្ថាប័នអន្តរជាតិផ្សេងទៀតក៏បានបង្ហាញថា ប្រសិនបើអនុវត្តបានពេញលេញ កិច្ចព្រមព្រៀងអាសិបនេះនឹងបង្កើនទំហំពាណិជ្ជកម្មសកលប្រមាណជាង៤០ប៊ីលានដុល្លារអាម៉េរិក បង្កើនប្រាក់ចំណូលពិត (Real Income) សកលប្រមាណ២,៥% បង្កើនសកម្មភាពពាណិជ្ជកម្មរវាងបណ្តាប្រទេសអាសិបប្រមាណ ១២,៣% និងជួយលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់អាសិប ប្រមាណជាង ២៧ លាននាក់ ឱ្យក្លាយជាប្រជាជនមានចំណូលមធ្យម នៅឆ្នាំ២០៣៧ ផងដែរ៕

 

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ