ការជំរុញនិងបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគ តាមរយៈ វេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម ២០២២

ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ១០:១៦ នាទី យប់

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្មកម្ពុជា  ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសហការជាមួយ ក្រសួងផែនការនិងវិនិយោគវៀតណាម ព្រមទាំងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានរៀបចំវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម ២០២២ ដែលប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវសមាជិករាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងភាគីវៀតណាមមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាលវៀតណាម ព្រមទាំងវិស័យឯកជននៃប្រទេសទាំងពីរប្រមាណ៣០០នាក់។

ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តម សុខ ចិន្តាសោភាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្មកម្ពុជា ក្រសួងផែនការនិងវិនិយោគវៀតណាម ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ស្ថានទូតវៀតណាមប្រចាំកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងក្លឹបធុរកិច្ចវៀតណាមនៅកម្ពុជា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ ក្នុងការរៀបចំវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម ២០២២ ដ៏មានសារៈសំខាន់នេះឡើង ក្រោយពីខកខានអស់រយៈពេលជាង៣ឆ្នាំ ដែលលើកចុងក្រោយបានរៀបចំនៅទីក្រុងហាណូយ។

ឯកឧត្តមបានបន្តថា ផ្អែកតាមទិន្នន័យគម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតពីខែមករា ដល់ខែតុលា ឆ្នាំ២០២២ កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៦១គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ៣,៥ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះវិស័យឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ទទួលបានការវិនិយោគច្រើនជាងគេប្រមាណ ៤១,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ ដែលគម្រោងវិនិយោគមានការកើនឡើង ១៥គម្រោង ហើយទុនវិនិយោគកើនឡើងប្រមាណ ១, ៣%។

ជាមួយគ្នានេះ ឯកឧត្តម ង្វៀន ជីយុង រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម បានលើកឡើងថា កម្ពុជាគឺជាប្រទេសមួយដែលវៀតណាមបានបោះទុនវិនិយោគធំបំផុត។ គម្រោងវិនិយោគនៅកម្ពុជាមានចំនួន ២០០គម្រោង ដែលមានទុនវិនិយោគចំនួន ២.៩លានដុល្លារអាមេរិក ចំណែកគម្រោងវិនិយោគរបស់កម្ពុជានៅវៀតណាមមានចំនួន ២៨គម្រោង ដែលមានទឹកប្រាក់ប្រមាណ ៧៨ លានដុល្លារអាមេរិក។ វិស័យដែលវៀតណាមផ្ដោតលើការវិនិយោគមានដូចជា    វិស័យទេសចរណ៍ សុខាភិបាល និងផ្សេងៗទៀត។

ក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្នុងឆ្នាំ២០២១ កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងកម្ពុជា និងវៀតណាម សម្រេចបានប្រមាណ ៣ ៦៦៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ២១% បើធៀបនឹងឆ្នាំ២០២០។  យ៉ាងណាមិញ ក្នុងឆ្នាំ ២០២១ ការនាំចេញពីកម្ពុជាទៅវៀតណាមនៅមានទំហំទឹកប្រាក់សរុបត្រឹមតែ ៥០៧ លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើធៀបនឹងការនាំចូលពីវៀតណាមមកកម្ពុជា មានចំនួនប្រមាណ ៣ ១៥៩ លានដុល្លារអាមេរិក។  បើគិតត្រឹមរយៈពេល ៧ខែ ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានជាង ២ ៨១៦ លានដុល្លារអាមេរិក ដែលមានកំណើនប្រមាណជាង ៣៤% បើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។  ក្នុងនោះដែរ  ទំនិញសំខាន់ៗរបស់កម្ពុជានាំចេញទៅវៀតណាម  មានដូចជា កៅស៊ូធម្មជាតិ សំលៀកបំពាក់ សម្ភារៈអេឡិចត្រូនិក និងគ្រឿងបន្លាស់ ផ្លែឈើនិងគ្រាប់ធញ្ញជាតិ ស្បែកជើង នាឡិកា ថ្នាំជក់ឆៅ ម៉ូទ័រអគ្គីសនី កាហ្វេ និងតែ ជាដើម។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ដើម្បីអនុវត្តតាមអនុសាសន៍ណែនាំរបស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរ សំដៅបង្កើនទំហំពាណិជ្ជកម្មសរុបឱ្យបានដល់ ៥ពាន់លានដុល្លារអាមេរិក និងផ្តល់ប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម នឹងបង្កើនកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ  ព្រមទាំងសម្របសម្រួលឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នាឱ្យបានកាន់តែច្រើន។

ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា ក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងធ្វើការយ៉ាងជិតស្និទជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងវៀតណាម ក្នុងការកសាងក្របខណ្ឌគត្តិយុត្តិដើម្បីសម្រួលបរិស្ថានធុរកិច្ច ក្នុងនោះដែរ ភាគីទាំងពីរបានបង្កើតឡើងនូវកិច្ចព្រមព្រៀងមួយចំនួនដូចជា កិច្ចព្រមព្រៀងស្ដីពីកិច្ចសម្រួលពាណិជ្ជកម្ម កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម ដែលត្រូវបានចរចាបញ្ចប់រួចរាល់ និងរង់ចាំការចុះហត្ថលេខា និងកិច្ចខឹតខំប្រឹងប្រែងមួយចំនួនទៀត ដូចជាការបង្កើតផ្សារព្រំដែន ដែលមានទីតាំងនៅជាប់ព្រំដែន កម្ពុជា-វៀតណាម ជាដើម។  

ទន្នឹមនឹងនេះ ឯកឧត្តម ង្វៀន ហុងស៊ាន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម មានប្រសាសណ៍ថា នៅក្នុងឆ្នាំ ២០២១ នេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើងដល់ ៨.៤៥ពាន់លានដុល្លារអាមេរិក។ រដ្ឋាភិបាលរបស់ប្រទេសទាំងពីរ ត្រូវយកចិត្តទុកដាក់ខ្លាំងក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសវៀតណាម និងកម្ពុជា ការអភិវឌ្ឍលើវិស័យហិរញ្ញវត្ថុនិងធនាគារ ការត្រួតពិនិត្យមុខទំនិញនៅតាមច្រកព្រំដែន និងការបង្កើនការសហការគ្នារវាងស្ថាប័ននានានៅក្នុងវិស័យគ្រប់សព្វបែបយ៉ាងដើម្បីជៀសវាងការក្លែងបន្លំផលិតផល។  

បន្ថែមពីនេះ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម មានប្រសាសន៍ថា កម្ពុជាជាប្រទេសជាប់លំដាប់ថ្នាក់ទី២ក្នុងចំណោម ៧៨ប្រទេស ដែលវៀតណាមមានទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ពាណិជ្ជករ និងវិនិយោគិនវៀតណាមដែលកំពុងប្រកបអាជីវកម្មនៅកម្ពុជា ត្រូវតែគោរពអនុវត្តច្បាប់ប្រទេសទាំងពីរឱ្យបានម៉ឺងម៉ាត់។ រចនាសម្ព័ន្ធដឹកជញ្ជូននៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ នៅមានកម្រិត ដែលជាឧបសគ្គក្នុងការធ្វើពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំងពីរ។  

ថ្លែងក្នុងសុន្ទរកថាបើកវេទិកានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្តេចពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម ២០២២ និងសូមកោតសរសើរដល់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក្រសួងផែនការនិងវិនិយោគវៀតណាម ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានសហការរៀបចំឱ្យមានវេទិកានេះឡើងនាឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៣ ខែវិច្ឆិកា ឆ្នាំ២០២២។  

សម្ដេចតេជោ បន្តថា វេទិកានាថ្ងៃនេះ បានប្រព្រឹត្តឡើងក្នុងឱកាសដ៏នក្ខត្តឫក្ស នៃឆ្នាំគម្រប់ខួបលើកទី៥៥ នៃការផ្សាភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ។ កម្ពុជា និងវៀតណាម មានទំនាក់ទំនងល្អនឹងគ្នាជាយូរលង់ណាស់មកហើយ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងទំនាក់ទំនងជាប្រចាំនៃប្រជាជនយើងទាំងពីរ ដែលនេះបានបង្ហាញយ៉ាងប្រត្យក្សពីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង ដោយឈរលើគោលការណ៍ជឿទុកចិត្តគ្នា និងគោរពគ្នាទៅវិញទៅមក មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងបានគាំទ្រគ្នាទៅវិញទៅមកលើផ្នែកសង្គម សេដ្ឋកិច្ច នយោបាយ និងការទូត៕  

សម្តេចតេជា បានបញ្ជាក់ថា ក្នុងវិស័យពាណិជ្ជកម្ម យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា ឃើញថាទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងកម្ពុជា និងវៀតណាម គិតចាប់ពីខែមករាដល់ខែកក្កដា ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ មានកំណើនប្រមាណជាង ៣៤%។ ក្នុងវិស័យវិនិយោគ តាមការរាយការណ៍របស់  ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឃើញថាការវិនិយោគឯកជន គិតពីខែមករាដល់ខែតុលា ឆ្នាំ២០២២ ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំកន្លងទៅ មានការកើនឡើងប្រមាណ ១,៣%។ ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យវិនិយោគិនវៀតណាម មកបណ្តាក់ទុនធ្វើប្រតិបត្តិការ អាជីវកម្មឱ្យកាន់តែច្រើនបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យដែលកំពុងមានសក្តានុពលខ្ពស់នៅកម្ពុជា ដូចជា កសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ និងឧស្សាហកម្មកម្មន្តសាល    ធុនស្រាល ជាដើម។ រដ្ឋាភិបាលប្រទេសទាំងពីរ បាននិងកំពុងខិតខំប្រឹងប្រែងបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគី ដោយបន្តរៀបចំ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់ និងផ្នែករឹង ឱ្យកាន់តែមានភាពរលូន និងល្អប្រសើរជាងមុន ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងវិនិយោគ រហូតឈានដល់ការចុះហត្ថលេខាបន្ថែមទៀត លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម តាមព្រំដែនកម្ពុជា-វៀតណាម និងអនុស្សរណៈយោគយល់គ្នាស្តីពីការបង្កើនចំនួន កូតាប្រភេទ និងបរិមាណនៃយានយន្តពាណិជ្ជកម្ម។ លើសពីនេះ គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិត ដែលនឹងចាប់ផ្តើមការ សាងសង់នាពេលឆាប់ៗខាងមុខ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ទីក្រុងភ្នំពេញជាមួយ ប្រទេសវៀតណាម កាត់បន្ថយពេលវេលាដឹកជញ្ជូនទំនិញ ព្រមទាំងអាចជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍លើ  ផ្លូវជាតិលេខ១ ដែលជាផ្លូវចម្បងដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅបាវិត៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ