ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ០១:៣៨ នាទី រសៀល
👁 0
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានអញ្ជើញចូលរួមអម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ក្នុងពិធីបើកនៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២ (ASEAN BUSINESS AND INVESTMENT SUMMIT 2022) ដែលរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រា ភ្នំពេញ។
ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ដ្រី បានលើកឡើងអំពីសារៈសំខាន់នៃវិស័យឯកជន ក្នុងការចូលរួមជាមួយអាស៊ាន ដើម្បីជំរុញកិច្ចអភិវឌ្ឍតំបន់ ប្រកបដោយបរិយាប័ន្ន, ភាពធន់ និងចីរភាព ដែលក្នុងនោះរួមមាន៖ (១). ការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ការវិនិយោគ ជាពិសេសការជំរុញការវិនិយោគដោយផ្ទាល់ពីបរទេសបន្ថែមទៀត ក៏ដូចជាការទាញប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ានដែលមានស្រាប់, (២). ការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល ការស្រាវជ្រាវនិងអភិវឌ្ឍន៍ និងការលើកកម្ពស់នវានុវត្តន៍, (៣). ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងចំណេះធ្វើ ការបណ្តុះបណ្តាលជំនាញឡើងវិញ (Re-skilling) និងការលើកកម្ពស់ជំនាញបន្ថែម (Upskilling), (៤). ការលើកកម្ពស់កិច្ចអភិវឌ្ឍប្រកបដោយភាតរភាពបរិស្ថាន និងការជំរុញឌីជីថលភាវូបនីយកម្ម ជាមួយនឹងការលើកកម្ពស់ការកាត់បន្ថយគម្លាតឌីជីថល, (៥). ការបំពេញបន្ថែមនូវតម្រូវការផ្នែកហិរញ្ញវត្ថុ សម្រាប់ការស្តារឡើងវិញនូវកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព ។ល។
សម្តេចតេជោនាយករដ្ឋមន្ដ្រី បន្តថា ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន, រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តនូវ “ច្បាប់ស្ដីពីវិនិយោគ» ថ្មីមួយ និងបានដាក់ចេញនូវ “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣»។
សម្តេចតេជោបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាក៏បាននិងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការបង្កើនការវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងរូបវន្តនិងឌីជីថល លើកកម្ពស់គុណភាពសេវាឡូជីស្ទីក បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជំរុញការអភិវឌ្ឍជំនាញ និងការធ្វើទំនើបកម្មប្រព័ន្ធសន្តិសុខសង្គម ផងដែរ។ លើសពីនេះ ក្នុងនាមជាភាគីមួយនៃកិច្ចព្រមព្រៀងអាសិប កម្ពុជាសូមបញ្ជាក់សារជាថ្មី អំពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះប្រព័ន្ធពាណិជ្ជកម្មស្របតាមវិធាននៃច្បាប់ និងសូមស្វាគមន៍រាល់ការធ្វើធុរកិច្ច និងការវិនិយោគពីសំណាក់ប្រទេសសមាជិកអាស៊ានទាំងអស់ និងគ្រប់បណ្តាភាគីទាំងអស់។
ដើម្បីរួមចំណែកក្នុងការឆ្លើយតបនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ និងការបំផ្លាញបរិស្ថាន, សម្ដេចបញ្ជាក់ថា កម្ពុជាបានលើកសំណើឱ្យមានការរៀបចំនូវ “កិច្ចព្រមព្រៀងបៃតងអាស៊ាន” សំដៅរួមចំណែកក្នុងការជួយតម្រង់ទិសអាស៊ាន ឆ្ពោះទៅរកអនាគតបៃតងប្រកបដោយចីរភាព និងភាពប្រកួតប្រជែងខ្ពស់ ក្នុងទិដ្ឋភាពសេដ្ឋកិច្ច។
នៅកិច្ចបញ្ចប់ សម្តេចតេជោនាយករដ្ឋមន្ដ្រី ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជាចំពោះកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ព្រមទាំងបានសម្តែងការប្ដេជ្ញាចិត្តក្នុងការសហការយ៉ាងជិតស្និទ្ធ ជាមួយគ្នាប្រទេសសមាជិកអាស៊ាន និងដៃគូសន្ទនាអាស៊ានទាំងអស់ ដើម្បីដឹកនាំសហគមន៍ សេដ្ឋកិច្ចអាស៊ាន ឆ្ពោះទៅរកភាពធន់រឹងមាំ ចីរភាព បរិយាប័ន្ន និងភាពប្រកួតប្រជែងខ្ពស់ ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣