ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ១០:១៣ នាទី ព្រឹក
👁 0
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២៥ (25th ASEAN PLUS THREE-APT) ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ព្រមទាំងមានការយាង និងអញ្ជើញចូលរួមពីមេដឹកនាំកំពូលៗរបស់បណ្ដាប្រទេសដែលជាសមាជិកអាស៊ាន ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង និងអគ្គលេខាធិការអាស៊ាន ផងដែរ។
ក្នុងឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រទេសអាស៊ានបូកបី (APT) ដែលមានសមាជិកអាស៊ានទាំង១០ បូកប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង គឺជាដៃគូដ៏សំខាន់មិនអាចខ្វះបានរបស់អាស៊ានគ្រប់ទិដ្ឋភាពទាំងអស់ ទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិភាព និងនយោបាយ ហើយការជួបជុំនៅថ្ងៃនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តឥតងាករេ នៃថ្នាក់ដឹកនាំប្រទេសអាស៊ានបូកបី និងការពង្រឹង ក៏ដូចជាកាន់តែស៉ីជម្រៅ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមដ៏លំបាកនានា ក្នុងក្របខណ្ឌតំបន់ និងសកល។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ជាការពិតប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ អាស៊ានបូកបី តែងតែប្រកាន់ខ្ជាប់ស្មារតីរួបរួមគ្នាជានិច្ច។ មកដល់ថ្ងៃនេះ ភាគជោគជ័យ សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរបស់អាស៊ានបូកបី បានមកពីការខិតខំប្រឹងប្រែងឥតឈប់ឈរពីការប្រតិបត្តិការជិតស្និទ្ធ និងសាមគ្គីភាពដ៏រឹងមាំរបស់យើង។
សូមបញ្ជាក់ថា ដំណើរការកិច្ចសហប្រតិបត្តិការ អាស៊ានបូកបី (APT) បានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ១៩៩៧ ហើយចាប់តាំងពីពេលនោះមកបានវិវឌ្ឍជាយន្តការដ៏សំខាន់ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៉ីបូព៌ាឆ្ពោះទៅរកគោលដៅរយៈពេលវែង នៃការកសាងសហគមន៍អាស៉ីបូព៌ា ដោយមានអាស៊ានជាកម្លាំងចលករ។
អាស៊ានបូកបី បានក្លាយជាក្របខណ្ឌកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយបំផុតមួយនៅក្នុងតំបន់ ហើយកិច្ចសហប្រតិបត្តិការ អាស៊ានបូកបីត្រូវបានពង្រីក និងស៉ីជម្រៅលើវិស័យជាច្រើន រួមទាំងផ្នែកនយោបាយ-សន្តិសុខ ពាណិជ្ជកម្ម និងការវិនិយោគ ហិរញ្ញវត្ថុ ថាមពល ទេសចរណ៍ កសិកម្ម និងព្រៃឈើ បរិស្ថាន ការអប់រំ សុខភាព វប្បធម៌ និងសិល្បៈ ជាដើម៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣