ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ តាមទម្រង់ផ្ទាល់ និងតាមប្រព័ន្ធវីដេអូ

ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ០៦:២៨ នាទី ល្ងាច

👁 5

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (AEM Chair) ក្នុងឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ នៅទីស្តីការក្រសួងពាណិជ្ជកម្ម និងតាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយបណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ គណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ព្រមទាំងអគ្គលេខាធិការរងអាស៊ាន និងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមជាប្រធានអង្គប្រជុំ បានផ្តល់មតិស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះបណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ គណៈប្រតិភូសមាជិកអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ និងលេខាធិការដ្ឋានអាស៊ាន ដែលតែងតែផ្តល់នូវការគាំទ្រដល់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នាំ២០២២ ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានរំលេចផងដែរ ពីសារៈសំខាន់នៃកិច្ចប្រជុំនេះ ដែលមានគោលបំណងពិនិត្យបញ្ចប់បញ្ហាសេសសល់ ពាក់ព័ន្ធនឹងការចរចារដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA Upgrade Negotiations) ដែលជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ចមួយក្នុងចំណោមសមិទ្ធផលអាទិភាពសេដ្ឋកិច្ចទាំងឡាយ ដែលកម្ពុជាបានលើកឡើង។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា សមាជិកនៃអង្គប្រជុំទាំងអស់បានចូលរួមផ្លាស់ប្តូរមតិយោបល់យ៉ាងសកម្ម និងបានដោះស្រាយបញ្ហានៅសេសសល់ ហើយបានឯកភាពថា នឹងជូនថ្នាក់ដឹកនាំអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ប្រកាសបញ្ចប់ការចរចារដំឡើងកម្រិតកិច្ចព្រមព្រៀង AANZFTA ជាផ្លូវការ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ភាគីនៃកិច្ចព្រមព្រៀង AANZFTA ដែលបានបង្ហាញភាពបត់បែន ក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់ និងធ្វើឱ្យសមិទ្ធផលអាទិភាពសេដ្ឋកិច្ចនេះសម្រេចបានតាមពេលវេលាកំណត់៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ