ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមក្នុងពិធីសម្ភោធការតាំងពិព័រណ៍ Songline និងខួបលើកទី៧០ នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-អូស្ត្រាលី

ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ០៩:០១ នាទី យប់

👁 7

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រលប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២​ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធការតាំងពិព័រណ៍ Songline និងខួបលើកទី៧០ នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-អូស្ត្រាលី ដែលបានរៀបចំឡើងដោយស្ថានទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ជាមួយ ឯកឧត្តម Anthony Albanese នាយករដ្ឋមន្រ្តីនៃប្រទេសអូស្រ្តាលី និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃ ក្រសួង-ស្ថាប័ន តំណាងអង្គទូត និងធុរជន នៃប្រទេសទាំងពីរជាច្រើនរូប។

ពិធីនេះ ធ្វើឡើងក្នុងបំណងដើម្បី អបសាទរខួបលើកទី៧០ នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងអូស្ត្រាលី ដែលមានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងគ្នានឹងគ្នាអស់រយៈពេលជាយូរមកហើយ ព្រមទាំងដើម្បីលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិ្តការ​លើគ្រប់វិស័យ សំដៅរក្សាបាននូវឧត្តមប្រយោជន៍ទៅវិញ ទៅមករវាងប្រទេសទាំងពីរ។

សូមជម្រាបជូនថា ប្រទេសអូស្ត្រាលី បានចូលរួមចំណែកយ៉ាងសំខាន់នៅដំណាក់កាលដំបូងក្នុងដំណើរការសន្តិភាពរបស់កម្ពុជានៅចុងទសវត្សរ៍ឆ្នាំ១៩៨០ ជាមួយនឹងតួនាទីនាំមុខរបស់អូស្រ្តាលីក្នុងបេសកកម្មអ៊ុនតាក់ ហើយការងារបោសសម្អាតមីនត្រូវបានចាប់ផ្តើមពីការផ្តួចផ្តើម ឧត្តមសេនីយ៍ John Sanderson និងរាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈគម្រោង Clearing for Results អូស្ត្រាលី គឺជាអ្នកផ្តល់ជំនួយដ៏ធំ និងបានចូលរួមកាត់បន្ថយផ្ទៃដីមានមីនប្រមាណជាង ២៥០ គីឡូម៉ែត្រការ៉េ សម្រាប់ការផ្តល់ដីសុវត្ថិភាពសម្រាប់ការសាងសង់លំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្រ្ត និងកសិកម្ម ជូនដល់ប្រជាជនជាង១លាននាក់។ លើសពីនេះ រយៈពេល ៣០ឆ្នាំនេះ អូស្ត្រាលីបានបរិច្ចាគថវិកាជាង ១០០លានដុល្លារ និងបានរួមចំណែកកាត់បន្ថយយ៉ាងច្រើននៃអ្នកស្លាប់ដោយសារគ្រាប់មីន៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ