ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមអម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលប្រារព្ធខួបទំនាក់ទំនងអាស៊ាន-កាណាដា

ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ០៩:៣៧ នាទី ព្រឹក

👁 5

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានអញ្ជើញចូលរួមអម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំកំពូលប្រារព្ធខួបទំនាក់ទំនងអាស៊ាន-កាណាដា ដែលកិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយសហប្រធានចំនួន ២រូប គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម ចាសស្ទីន ទ្រូដូ នាយករដ្ឋមន្ត្រីកាណាដា។ កិច្ចប្រជុំកំពូលនេះ មានការយាង និងអញ្ជើញចូលរួមពីមេដឹកនាំកំពូលៗរបស់ បណ្ដា ប្រទេស ដែល ជា សមា ជិក អាស៊ាន និង អគ្គលេខាធិការអាស៊ាន ផងដែរ។

ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំនូវសំណើកាណាដា ចំពោះការពង្រីកទំនាក់ទំនងរវាងអាស៊ាន និងកាណាដា ឱ្យទៅជាដៃគូយុទ្ធសាស្ត្រ ហើយតាមរយៈការពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងកាណាដា ទៅជាដៃគូយុទ្ធសាស្ត្រ គឺជាទិសដៅដ៏ប្រសើរសម្រាប់ជំរុញទំនាក់ទំនងកិច្ចសន្ទនា អាស៊ាន-កាណាដា ឱ្យកាន់តែស្អិតរមួត និងកាន់តែស៉ីជម្រៅ បន្ថែមទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រី បន្តថា ការបើកការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា នៅពេលថ្មីៗនេះ គឺជាការបោះជំហានជាវិជ្ជមានដំបូង ស្របតាមទិសដៅនេះ ដែលនឹងជំរុញស្តារសេដ្ឋកិច្ច នៅក្នុងតំបន់ទាំងពីរឡើងវិញ ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់ ក្រោយវិបត្តិជំងឺកូវីដ-១៩។ បន្ថែមពីនេះ ក្នុងរយៈពេល៤៥ឆ្នាំមកនេះ អាស៊ានបានការប្តេជ្ញា និងមានបំណងប្រាថ្នារួម ក្នុងការរក្សានូវសន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ទាំងពីរ ភាពជាដៃគូដ៏យូរអង្វែងរបស់អាស៊ាន និងកាណាដា បាននាំមកនូវសមិទ្ធផលលេចធ្លោលើគ្រប់វិស័យ និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងក្នុងតំបន់ និងសាកលលោក ជាពិសេសលើកកម្ពស់សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាជន។

សូមបញ្ជាក់ថា ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-កាណាដា ត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ១៩៧៧ ក្រោយការកោះប្រជុំផ្លូវការលើកដំបូង រវាងរដ្ឋលេខាធិការកាណាដា សម្រាប់កិច្ចការបរទេស និងគណៈកម្មាធិការអចិន្ត្រៃយ៍អាស៊ាន។ នៅឆ្នាំ១៩៨១ កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ាន-កាណាដា ត្រូវបានចុះហត្ថលេខាដោយដាក់មូលដ្ឋាន សម្រាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្ម ពាណិជ្ជកម្ម និងបច្ចេកទេសរវាងភាគីទាំងពីរ។ នៅឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងកាណាដា មានចំនួន ១៦,២ពាន់លានដុល្លារ និងការវិនិយោគផ្ទាល់ពីបរទេស ពីកាណាដាមកអាស៊ានឈានដល់ ៥,១ពាន់លានដុល្លារ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ