ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ០៩:៥៥ នាទី ព្រឹក
👁 5
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម និងតាមទម្រង់និម្មិត្ត លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចពិគ្រោះយោបល់ជាមួយវិស័យឯកជន ស្តីពីការពង្រីកទីផ្សារនាំចេញទៅអេមីរ៉ាតអារ៉ាប់រួម តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-United Arab Emirates Comprehensive Economic Partnership Agreement - "CAM-UAE CEPA") ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន រួមមាន សម័្ពន្ធ សមាគម និងសហគ្រាសផលិត សរុបប្រមាណ ៦០ រូប។
ជាកិច្ចចាប់ផ្តើម លោកជំទាវប្រធានអង្គប្រជុំ បានជម្រាបជូនវិស័យឯកជន អំពីគោលបំណង និងសារៈប្រយោជន៍នៃការចរចាបង្កើតកិច្ចព្រមព្រៀង CAM-UAE CEPA ដែលនឹងចូលរួមលើកកម្ពស់បរិយាកាសសេរីភាវូបនីយកម្មផ្នែកពាណិជ្ជកម្ម និងវិនិយោគ តាមរយៈការបើកច្រកទីផ្សារឱ្យកាន់តែទូលាយ និងបង្កើនឱកាសវិនិយោគទ្វេភាគីសម្រាប់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងធ្វើឱ្យស៊ីជម្រៅទៅលើកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចផ្សេងៗទៀត។ ជាវឌ្ឍនភាព ការចរចាជុំទី ១ ត្រូវបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម ប្រកបដោយលទ្ធផលគួរឱ្យកត់សម្គាល់។
កិច្ចពិគ្រោះយោបល់នេះ ក៏មានការពិនិត្យ និងពិភាក្សាអំពីយថាប្រភេទនៃទំនិញ ដែលមានសក្តានុពលសម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារអេមីរ៉ាតអារ៉ាប់រួម ក្រោមកិច្ចព្រមព្រៀង CAM-UAE CEPA នាពេលអនាគត។ ទន្ទឹមនោះ ក៏បានពិភាក្សាលើតម្រូវការទីផ្សាររបស់អេមីរ៉ាតអារ៉ាប់រួម ជាមួយនឹងការបំពេញលក្ខខណ្ឌតម្រូវមួយចំនួន សម្រាប់ផលិតផលនាំចេញ ដែលក្នុងនោះរួមមាន វិធានដើមកំណើតទំនិញ វិធានអនាម័យនិងភូតគាមអនាម័យ របាំងបច្ចេកទេសពាណិជ្ជកម្ម និងការបញ្ជាក់វិញ្ញាបនប័ត្រហាឡាល ជាដើម។-ល-។
គួរបញ្ជាក់ផងដែរថា៖ ពាណិជ្ជកម្មទំនិញរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្រេចបានក្នុងទំហំ ១៥១ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ជាមួយនឹងកំណើន ៥៣% បើធៀបនឹងឆ្នាំ២០២០។ មុខទំនិញសំខាន់ៗ សម្រាប់ពាណិជ្ជកម្មទ្វេភាគីរួមមាន៖ សម្លៀកបំពាក់ ស្បែកជើង កង់ ផលិតផលធ្វើដំណើរ ថ្នាំជក់ អង្ករ បរិធានអគ្គិសនី និងបង្គុំយានយន្ត ជ័រកៅស៊ូក្រាលផ្លូវថ្នល់ ស្ករចម្រាញ់ចេញពីមើមរុក្ខជាតិ ចំណីសត្វ ប្រេង ប្លាស្ទីក យានយន្ត ក្រដាស។-ល-។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣