ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ០២:៣២ នាទី រសៀល
👁 3
(ភ្នំពេញ)៖ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ (25th ASEAN-China Summit) ដែលដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ជាមួយនឹង ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន និងជាសហប្រធាននៃកិច្ចប្រជុំ។
កិច្ចប្រជុំកំពូលនេះ មានការយាង និងអញ្ជើញចូលរួមពីមេដឹកនាំកំពូលៗរបស់បណ្ដាប្រទេសដែលជាសមាជិកអាស៊ាន និង អគ្គលេខាធិការអាស៊ាន ផងដែរ។
សូមបញ្ជាក់ថា ចិន បានក្លាយទៅជាដៃគូសន្ទនារបស់អាស៊ាន កាលពីឆ្នាំ១៩៩១។ កាលពីឆ្នាំ២០២១ អាស៊ាន និងចិន បានរៀបចំកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងនេះ។ ក្នុងកិច្ចប្រជុំនោះ មេដឹកនាំអាស៊ាន និងចិន បានសម្រេចបង្កើនកម្រិតទំនាក់ទំនងរវាងអាស៊ាន និងចិន ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយទទួលស្គាល់ថា ទំនាក់ទំនងអាស៊ាន-ចិន គឺស្ថិតក្នុងចំណោមទំនាក់ទំនង ដែលប្រកបដោយថាមវន្តបំផុត មានសារៈសំខាន់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបានរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងវិបុលភាពនៅក្នុងតំបន់។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានដាក់សំណើ៥ចំណុចទៅកាន់អាស៊ាន ដើម្បីពង្រឹងទំនាក់ទំនងអាស៊ាន-ចិន ដែលសំណើទាំង ៥ចំណុចនោះ រួមមាន៖
១-កសាងផ្ទះដែលប្រកបដោយសន្តិភាពជាមួយគ្នា ខណៈដែលចិនត្រៀមជាស្រេចក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យការពារជាតិ ឱក្រិដ្ឋកម្មឆ្លងដែន និងក្នុងការចុះហត្ថលេខាលើពិធីសារចំពោះសន្ធិសញ្ញាស្តីពី តំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។
២-កសាងផ្ទះមួយដែលមានសន្តិសុខជាមួយគ្នា ជាមួយការប្តេជ្ញាចិត្តរបស់ចិន ដើម្បីគាំទ្រចំពោះរបាំងការពារសុខភាពអាស៊ាន និងពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ។
៣-កសាងផ្ទះដែលមានវិបុលភាពជាមួយគ្នា ខណៈចិន និងផ្តល់គម្រោងវិនិយោគសម្រាប់ការអភិវឌ្ឍក្នុងទំហំទឹកប្រាក់ ១.៥ប៊ីលានដុល្លារអាមេរិក សម្រាប់រយៈពេល៣ឆ្នាំ និងត្រៀមជាស្រេចក្នុងការធ្វើការជាមួយអាស៊ាន ដើម្បីទាញយកផលប្រយោជន៍ពេញលេញភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP ) និងពីតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិនដែលបានកែសម្រួលរួច និងក្នុងការបង្កើនការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស។
៤-កសាងផ្ទះដ៏ស្រស់ស្អាតមួយជាមួយគ្នា ដោយផ្តោតកិច្ចសហប្រតិបត្តិការកាន់តែធំទូលាយលើការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចពណ៌ខៀវ នៅក្នុងចំណោមកិច្ចសហប្រតិបត្តិការផ្សេងៗ។
៥-កសាងផ្ទះមួយប្រកបដោយមេត្រីភាពជាមួយគ្នា តាមរយៈការលើកកម្ពស់វិស័យទេសចរណ៍ ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ជាពិសេសក្នុងចំណោមយុវជន និងថ្នាក់ដឹកនាំវ័យក្មេង៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣