ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង ១១:១៩ នាទី ថ្ងៃត្រង់
👁 0
(រាជធានីភ្នំពេញ)៖ ឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម តំណាងរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិ ខេត្តសាន់ស៊ី សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក Wu Fujie អនុប្រធាននៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិ ខេត្តសាន់ស៊ី បានដឹកនាំគណៈប្រតិភូចិនពាណិជ្ជកម្ម ចំនួន៦០នាក់ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងពាណិជ្ជកម្ម និងចូលរួមក្នុងពិធីបើកវេទិកាផ្សព្វផ្សាយពាណិជ្ជកម្ម និងវប្បធម៌ កម្ពុជា-ចិន (ខេត្តសាន់ស៊ី) នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
ឱកាសបើកវេទិកាផ្សព្វផ្សាយពាណិជ្ជកម្ម និងវប្បធម៌ កម្ពុជា-ចិន (ខេត្តសាន់ស៊ី) នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូននូវព័ត៌មានសំខាន់ៗនៅកម្ពុជាដល់មន្រ្តីរដ្ឋាភិបាលនៃខេត្តសាន់ស៊ី ប្រទេសចិន អំពីសក្តានុពល និងកាលានុវត្តភាពនៃប្រទេសកម្ពុជា អំពីវឌ្ឍនភាព និងការរីកចម្រើននៃផ្នែកវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ គោលនយោបាយ និងកិច្ចសហការនានារបស់កម្ពុជា ជាមួយប្រទេសចិន។ ឯកឧត្តម ក៏បានលើកឡើងបន្ថែមទៀតថា ក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការនៃរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងជំរុញ និងសម្របសម្រួលជូនពាណិជ្ជករបរទេស ដែលមានបំណងចាប់ដៃគូពាណិជ្ជកម្មក្នុងការនាំចេញ-នាំចូលផលិតផល និងធ្វើការសម្រួលជូនពាណិជ្ជករបរទេសក្នុងការចុះបញ្ជីបើកក្រុមហ៊ុននៅកម្ពុជា។ ឯកឧត្តម បានផ្តល់ជូនព័ត៌មានទាក់ទងនឹងការវិនិយោគនៅកម្ពុជាមួយចំនួនដល់គណៈប្រតិភូខេត្តសាន់ស៊ី ដើម្បីសិក្សាស្វែងយល់បន្ថែម សម្រាប់ការដឹកនាំវិនិយោគគិន ពាណិជ្ជករ និងអាជីវករ ដែលមានចំណាប់អារម្មណ៍ចង់វិនិយោគ និងចាប់ដៃគូរកស៊ីនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគតដ៏ខ្លីខាងមុខ។
លោក Wu Fujie អនុប្រធាននៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិ ខេត្តសាន់ស៊ី បានសម្តែងការអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍ និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងពាណិជ្ជកម្ម បានឆ្លៀតពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាណែនាំ និងជម្រាបជូនព័ត៌មានសំខាន់ៗមួយចំនួនធំចែកជូនដល់គណៈប្រតិភូខេត្តសាន់ស៊ី ប្រទេសចិន ដើម្បីធ្វើការសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ និងដើម្បីដឹកនាំពាណិជ្ជករខេត្តសាន់ស៊ីមកចាប់ដៃគូពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា រួមទាំងបន្តសហប្រតិបត្តិការ និងពង្រឹងចំណងមិត្តភាពនៃប្រទេសទាំងពីរនាពេលបច្ចុប្បន្ន និងនាពេលអនាគត។ លោកប្រធានប្រតិភូ ក៏បានលើកឡើងអំពីការផ្លាស់ប្តូរគំនិតយោបល់រវាងគ្នាដើម្បីស្វែងរកការសហការគ្នាលើវិស័យផ្សេងៗ ដូចជា៖កសិកម្ម ពាណិជ្ជកម្ម ចំណីអាហារ ទេសចរណ៍ វប្បធម៌ អាកាសចរណ៍ ការកែច្នៃកសិកម្ម ជាដើម។ លើសពីនេះទៀត នឹងបន្តឲ្យមានការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋបាលខេត្តសាន់ស៊ី និងក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣