ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Sadhan Chandra Majumder​ រដ្ឋមន្រ្តីក្រសួងស្បៀងអាហារបង់ក្លាដែស នៅទីស្តីការក្រសួងពាណិជ្ជកម្ម

ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ០៣:៣០ នាទី រសៀល

👁 2

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភំ្នពេញ)៖ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Sadhan Chandra Majumder​ រដ្ឋមន្រ្តីក្រសួងស្បៀងអាហារបង់ក្លាដែស និងគណៈប្រតិភូ ផ្តោតលើការងារសំខាន់ៗមួយចំនួន រួមមាន៖ ការពង្រឹងទំនាក់ទំនងទ្វេភាគី ការតភ្ជាប់ កិច្ចសហប្រតិបត្តិការនិងសកម្មភាពយុទ្ធសាស្រ្តអនាគតក្នុងការនាំចូលអង្ករពីប្រទេសកម្ពុជាទៅក្នុងទីផ្សារបង់ក្លាដែស។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្ដី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងស្បៀងអាហារ​បង់ក្លាដែស និងគណៈប្រតិភូ ក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្រ្តី ​ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម។

ក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា បានសម្តែងនូវសុដ្ឋិនិយមចំពោះកំណើនជាវិជ្ជមាននៃពាណិជ្ជកម្មទ្វេភាគីដែលសម្រេចបានក្នុងរយៈពេល៩ខែក្នុងឆ្នាំ២០២២ ដែលមានទំហំទឹកប្រាក់ប្រមាណ ២២លានដុល្លារសហរដ្ឋអាមេរិក កើនឡើងប្រមាណ ៥៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការជំរុញកំណើនពាណិជកម្មទ្វេភាគីឱ្យកាន់តែប្រសើរទ្បើងបន្ថែមទៀត។

បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា បានស្នើភាគីបង់ក្លាដែសដាក់ចេញនូវទិសដៅការងារមួយចំនួន ដើម្បីលើកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ស្របតាមការចង្អុលបង្ហាញពីប្រមុខដឹកនាំនៃប្រទេសទាំងពីរ រួមមាន៖​ ១) ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា-បង់ក្លាដែស និងការធានាបាននូវការអនុវត្តដោយពេញលេញនិងមានប្រសិទ្ធភាព, ២) ការរៀបចំកិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាពាណិជ្ជកម្មចម្រុះរវាងកម្ពុជា-បង់ក្លាដែស ដើម្បីពិនិត្យនិងតាមដានវឌ្ឍនភាពកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ, ៣) ការពិនិត្យលទ្ធភាពបន្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីពាណិជ្ជកម្មអង្កររវាងកម្ពុជា-បង់ក្លាដែស ជាដើម។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីពាណិជ្ជកម្ពុជា បានស្នើភាគីបង់ក្លាដែសបង្កើតឱ្យមានក្រុមការងារបច្ចេកទេសរួម ដើម្បីពិនិត្យ និងរៀបចំការសិក្សាសមិទ្ធិភាពរួមគ្នា (Joint Feasibility Study) សម្រាប់ការចរចាបង្កើតកិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-បង់ក្លាដែស ស្របតាមចុក្ខវិស័យនៃប្រទេសទាំងពីរ និងស្មារតីនៃជំនួបទ្វេភាគីរវាង ប្រមុខដឹកនាំនៃប្រទេសទាំងពីរ នាពេលកន្លងទៅថ្មីៗនេះ។

ជាការឆ្លើយតប ភាគីបង់ក្លាដែស បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសសារៈសំខាន់នៃការលើកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម។ ក្នុងនោះផងដែរ ភាគីបង់ក្លាដែស បានឯកភាពក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា-បង់ក្លាដែស, ការបន្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីពាណិជ្ជកម្មអង្កររវាង   កម្ពុជា-បង់ក្លាដែស និងការរៀបចំកិច្ចប្រជុំលើកទី១នៃក្រុមប្រឹក្សាពាណិជ្ជកម្មចម្រុះរវាងកម្ពុជា-បង់ក្លាដែស។ លើសពីនេះភាគីទាំងពីរ បានឯកភាពគ្នាចាត់តាំងមន្រ្តីបង្គោល ដើម្បីបន្តអនុវត្តទិសដៅការងារដែលជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សាថ្ងៃនេះ រួមទាំងការពិនិត្យលទ្ធភាពរៀបចំការសិក្សាសមិទ្ធិភាពរួមគ្នា (Joint Feasibility Study) សម្រាប់ការចរចាបង្កើតកិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ផងដែរ។

នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធិ សំដៅជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ