ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ០៧:០៨ នាទី យប់
👁 1
(ភំ្នពេញ)៖ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបជាមួយឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវបញ្ចប់អណត្តិ ជាមួយនឹងគណៈប្រតិភូជប៉ុន ដើម្បីសំដែងការគួរសម និងជម្រាបលា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្ដី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះឯកឧត្តមឯកអគ្គរាជទូតជប៉ុន និងគណៈប្រតិភូ និងបានអបអរសាទរចំពោះ ឯកឧត្តមឯកអគ្គរាជទូត ដែលបានបំពេញបេសកកម្មដ៏ជោគជ័យជាប្រវត្តិសាស្រ្តនៅកម្ពុជា។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះ ឯកឧត្តមឯកអគ្គរាជទូត នូវសមិទ្ធិផលនានាក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ និងធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែមានភាពស្អិតរមួត និងកាន់តែរីកចម្រើនបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនសម្រាប់ការបរិច្ចាគវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចំនួនប្រមាណ ១.៣លានដូស តាមរយៈយន្ដការ COVAX ក៏ដូចជាការផ្តល់ជំនួយហិរញ្ញប្បទាន និងបច្ចេកទេសក្នុងការគាំទ្រ ដល់គម្រោងអភិវឌ្ឍន៍នានា ដើម្បីជួយស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩។
ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមទាំងឡាយរបស់ភាគីជប៉ុន ដើម្បីជំរុញគាំទ្រដល់ការលើកកម្ពស់ភាពធនរឹងមាំរបស់ច្រវ៉ាក់ផ្គត់ផ្គង់តំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចិរភាព និងបរិយាបន្ន។ ក្នុងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជំរុញ និងលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែម ពីសំណាក់វិនិយោគិន និងធុរជនជប៉ុនមកកាន់តំបន់អាស៊ាន ជាពិសេសមកកាន់កម្ពុជាផ្ទាល់តែម្ដង។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ឯកឧត្តមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយនឹង ឯកឧត្តមឯកអគ្គរាជទូតថ្មីរបស់ជប៉ុន ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគីក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ផ្អែកលើការជឿទុកចិត្តដ៏រឹងមាំ រវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ទៅកាន់ដំណាក់កាលថ្មីមួយទៀត និងឆ្ពោះទៅខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី១០ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ រវាងកម្ពុជា និងជប៉ុននៅឆ្នាំ២០២៣។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរនូវការទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងការដឹកនាំធ្វើជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ ជាពិសេសបានកោតសរសើរចំពោះ ឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់ ដែលបានទទួលជោគជ័យក្នុងការធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលទទួលបានលទ្ធផលគួរជាទីមោទនៈ។
ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ផងដែរនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំងពីរ នឹងបានជឿជាក់យ៉ាងមុតមាំថា កិត្តិនាមរបស់កម្ពុជានឹងកាន់តែត្រូវបានទទួលស្គាល់ក្នុងតំបន់ និងសាកលលោក បន្ទាប់ពីការទទួលបានភាពជោគជ័យ ក្នុងការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំនេះ។
នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបង្កើនទំនាក់ទំនងដ៏យូរអង្វែង និងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សំដៅពង្រឹង និងជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣