ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ០៦:១៨ នាទី ព្រឹក
👁 1
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា តំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាស្តីពី ការត្រួតពិនិត្យម៉ាក ដែលបានសហការរៀបចំទ្បើងដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម អង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន (JPO) និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន សេវាពាណិជ្ជកម្ម, Mr. Junya Watanabe, Director, IP Department, JETRO Bangkok, លោក លោកស្រីអនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា, វាគ្មិនដែលអញ្ជើញពី JETRO Bangkok និង SOEI ASEAN Office ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលសិក្ខាកាមជាច្រើនរូប។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីបញ្ជាក់ឱ្យឃើញអំពីសន្ទុះរីកចម្រើនផ្នែកកម្មសិទ្ធិបញ្ញា និងកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូអន្តរជាតិក្នុងការលើកកម្ពស់ចំណេះដឹងសាធារណៈ ចែករំលែកបទពិសោធន៍ ពង្រឹងសមត្ថភាពមន្ត្រីស្ថាប័នបន្ថែម ដើម្បីអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញារបស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ស្ថាប័នពាក់ព័ន្ធ ក្នុងការធ្វើឱ្យប្រសើរឡើងនូវកិច្ចការពារ និងជំរុញឱ្យសាធារណៈជនប្រើប្រាស់កម្មសិទ្ធិបញ្ញាឱ្យកាន់តែច្រើនបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថា ការអភិវឌ្ឍកម្មសិទ្ធិបញ្ញាគឺជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអភិក្រមសេដ្ឋកិច្ចទីផ្សារ ហើយមានតួនាទីជាគន្លឹះក្នុងការជំរុញកំណើន និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយការងារកម្មសិទ្ធិបញ្ញានេះ គឺជាកិច្ចការមួយដែលមានភាពប្រទាក់ក្រឡាដោយផ្ទាល់ផង និងដោយប្រយោលផងជាមួយភាគីពាក់ព័ន្ធ ជាច្រើន ទាំងកម្រិតអន្តរ-រដ្ឋាភិបាល កម្រិតអន្តរ-ក្រសួង ជាពិសេសវិស័យឯកជន។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ក្នុងនាមក្រសួងពាណិជ្ជកម្មជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលមាន នាយកដ្ឋានកម្មសិទ្ធិបញ្ញាជាសេនាធិការ បានរៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្ត ផែនការសកម្មភាព ការងារកម្មសិទ្ធិបញ្ញាសម្រាប់រយៈពេល៣ឆ្នាំ សេចក្តីព្រាងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ២០២២-២០២៧ ការពង្រឹងស្ថាប័នកម្មសិទ្ធិបញ្ញាក្នុងការគ្រប់គ្រងច្បាប់ និងប្រព័ន្ធកម្មសិទ្ធិបញ្ញាឱ្យ មានប្រសិទ្ធភាព និងមានតុល្យភាព ការកសាងហេដ្ឋារចនាសម្ព័នរូបវន្ត ដើម្បីលើកកម្ពស់ការការពារកម្មសិទ្ធិបញ្ញា ការអភិវឌ្ឍសមត្ថភាពរបស់ស្ថាប័នសាធារណៈ និងវិស័យឯកជនក្នុងការ ស្រាវជ្រាវ និងការអភិវឌ្ឍ ការពង្រឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ ទំនងជាមួយស្ថាប័ន្ធពាក់ព័ន្ធនានា។
ក្នុងនោះផងដែរ កម្ពុជា បានបង្កើត៖
ច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ឆ្នាំ២០០២
ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ឆ្នាំ២០០៣
ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ឆ្នាំ២០០៣
ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ ឆ្នាំ២០០៨
ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ឆ្នាំ២០១៤
ច្បាប់ស្តីពីអាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ ឆ្នាំ២០១៨
សេចក្តីព្រាងច្បាប់ស្តីពីការសម្ងាត់ពាណិជ្ជកម្ម និងព័ត៌មានមិនទម្លាយចេញ និង
សេចក្តីព្រាងអនុក្រឹត្យស្តីពីវិធានការរដ្ឋបាលសម្រាប់អនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា
បន្ថែមពីនេះ កម្ពុជាក៏បានបន្តចូលរួមជាភាគីហត្ថលេខីនៃសន្ធិសញ្ញាមួយចំនួន ដែលគ្រប់គ្រងដោយ អង្គការកម្មសិទ្ធិបញ្ញាពិភពលោកផងដែរ រួមមាន៖
ពិធីសារក្រុងម៉ាឌ្រីដ ឆ្នាំ២០១៥
សន្ធិសញ្ញាសហប្រតិបត្តិការប្រកាសនីយបត្រតក្កកម្ម (PCT) ឆ្នាំ២០១៦
កិច្ចព្រមព្រៀងទីក្រុងទ្បាអេស្តីពីកិច្ចការពារគំនូរឧស្សាហកម្ម ឆ្នាំ២០១៧
កិច្ចព្រមព្រៀងទីក្រុងលីស្បោនស្តីពីការហៅឈ្មោះតាមប្រភពដើមនៃទំនិញ និងម៉ាកសម្គាល់ភូមិ សាស្រ្តទំនិញឆ្នាំ ២០១៨
សន្ធិសញ្ញាទីក្រុងប៉េកាំងស្តីពីការសម្តែងសោតទស្សន៍ ឆ្នាំ២០១៩
និងអនុសញ្ញាទីក្រុងប៊ែនស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈ ឆ្នាំ២០២២។
ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ថា យោងតាមច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែង មិនស្មោះត្រង់ឆ្នាំ ២០០២ រយៈពេលនៃការចុះបញ្ជីម៉ាក គឺមានរយៈពេល ៩ (ប្រាំបួន) ខែ ប៉ុន្តែនាយកដ្ឋានបាននឹងកំពុងពង្រីក សមត្ថភាពរបស់ខ្លួន ដោយព្យាយាមកាត់បន្ថយរយៈពេលនេះមកត្រឹមចន្លោះពី ៥ (ប្រាំ) ទៅ ៧ (ប្រាំពីរ) ខែវិញ ដើម្បីបម្រើផលប្រយោជន៍ជូនអ្នកដាក់ពាក្យស្នើសុំទាំងអស់។ ជារួម កម្ពុជា អាចត្រូវ បានចាត់ទុកជាប្រទេសលំដាប់ទីពីរក្នុងអាស៊ាន ដែលមានរយៈពេលនៃការចុះបញ្ជីបានលឿន។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងនូវអំណរគុណចំពោះក្រុមការងារទាំងអស់នៃអង្គការពាណិជ្ជកម្ម អង្គការ JETRO និងនាយកដ្ឋានកម្មសិទ្ធិបញ្ញា ដែលបានខិតខំសហការរៀបចំសិក្ខាសាលានេះទ្បើង និងបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់ក្នុងការស្តាប់បទបង្ហាញរបស់វាគ្មិន ក៏ដូចជាលើកជាសំណួរផ្សេងៗ និងចែករំលែកបទពិសោធន៍ និងចំណេះដឹងទៅវិញទៅមក ដើម្បីឱ្យសិក្ខាសាលានេះកាន់តែទទួលបានលទ្ធផលត្រចះត្រចង់៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣