កម្ពុជា និងកូវ៉ែតឯកភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ឱ្យកាន់តែល្អប្រសើរថែមទៀត

ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ០៦:២៧ នាទី ល្ងាច

👁 3

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភំ្នពេញ)៖ នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបឯកឧត្តម Mohamad S SH S Alhajri ឯកអគ្គរាជទូតតែងតាំងថ្មីនៃរដ្ឋកូវ៉ែតប្រចំាព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ជុំវិញយន្តការក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែល្អប្រសើរថែមទៀត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានអបអរសាទរជូនចំពោះឯកឧត្តមឯកអគ្គរាជទូត ក្នុងឱកាសដែលឯកឧត្តមត្រូវបានតែងតាំងជាឯកអគ្គរាជទូតកូវ៉ែតប្រចាំកម្ពុជា និងថ្លែងអំណរគុណចំពោះពេលវេលាដ៏មានតម្លៃអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈបេសកកម្មការទូតដ៏មានអត្ថន័យ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ កម្ពុជានិងកូវ៉ែតនឹងមានលទ្ធភាពបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ សមស្របនឹងកម្រិតទំនាក់ទំនងការទូតដ៏ឧត្តុង្គឧត្តមរបស់ប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីឆន្ទៈក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ជាពិសេសវិស័យពាក់ព័ន្ធការផ្គត់ផ្គង់ថាមពល(ប្រេងឥន្ទនៈ) ការសាសង់ផ្លូវល្បឿនលឿន និងវិស័យហិរញ្ញវត្ថុ(soft loans)។ ទន្ទឹមនឹងនោះ ឯកឧត្តមបានស្នើឱ្យប្រទេសទាំងពីរបន្តអនុវត្ត និងប្រើប្រាស់ក្របខណ្ឌគតិយុត្តនានាឱ្យអស់ពីលទ្ធភាព រួមមាន៖ កិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាដែលមានស្រាប់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តម បានស្នើឱ្យពិនិត្យលទ្ធភាពរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវេទិកាធុរកិច្ចរួមគ្នា ដែលអាចជួយបង្កើនទំហំពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីឱ្យកាន់តែល្អប្រសើរ។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានបន្តជម្រាបជូនពីច្បាប់ គោលនយោបាយសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តថ្មីៗ ដែលបម្រើដល់សកម្មភាពធុរកិច្ចនិងវិនិយោគនៅកម្ពុជា រួមមាន៖ ការធ្វើពិពិធកម្មទីផ្សារនាំចេញតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងក្របខណ្ឌទ្វេភាគីនិងអាស៊ាន តំបន់សេដ្ឋកិច្ចពិសេស និងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗរួមមានព្រលានយន្តហោះ និងកំពង់ផែទឹកជ្រៅ។ ក្នុងន័យនេះ ឯកឧត្តមបានលើកទឹកចិត្តវិនិយោគិនកូវ៉ែតឱ្យចាប់យកឱកាសសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការបង្កើតផលិតកម្ម ការចូលរួមក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់តំបន់ ជាពិសេសបានស្នើជំរុញការនាំចូលនូវផលិតផលកម្ពុជាដែលមានគុណភាពនិងភាពប្រកួតប្រជែង រួមមាន ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម។  

គួរបញ្ជាក់ផងដែរថា៖ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូវ៉ែត សម្រេចបានប្រមាណ ៦៤ ម៉ឺនដុល្លារអាមេរិក គិតត្រឹមខែតុលាឆ្នាំ២០២២ លើមុខទំនិញសំខាន់ៗ ដូចជា៖ សម្លៀកបំពាក់និងវាយនភណ្ឌ, ថ្នាំជក់, ផលិតផលធ្វើដំណើរ, ម៉ាស៊ីននិងឧបករណ៍អគ្គីសនី, ប៉ូលីមែរនៃអេទីឡែន, កែវនិងវត្ថុធ្វើពីកែវ។-ល-។

 

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ