ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ០៥:៥៧ នាទី ល្ងាច
👁 2
(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការតម្រង់ទិសរបស់គម្រោង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំគណៈកម្មការតម្រង់ទិសគម្រោងគាំទ្រសមាហរណកម្មតំបន់អាស៊ាន-ជំនួយពាក់ព័ន្ធពាណិជ្ជកម្មកម្ពុជា (ARISE Plus Cambodia) ជាលើកទី៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម និងតាមរយៈប្រព័ន្ធវីឌីអូ (Zoom) ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ប្រធានអង្គការ GIZ Cambodia Eurocham Cambodia និងនាយកគម្រោង ARISE Plus Cambodia។
កិច្ចប្រជុំគណៈកម្មការតម្រង់ទិសនេះ មានគោលបំណងដើម្បីរាយការណ៍ និងពិនិត្យមើលវឌ្ឍនៈភាពការងារសំខាន់ៗ ដែលសម្រេចបានកន្លងមក និងរៀបចំផែនការបន្ទាប់ ដែលមានសមាសភាគចំនួនបីដូចជា ការធ្វើឱ្យប្រសើឡើងនូវស្តង់ដារពន្ធគយនិងកិច្ចសម្រួលពាណិជ្ជកម្ម ការពង្រឹងសមត្ថភាពស្ថាប័ននិងការធ្វើឱ្យប្រសើរឡើងនូវការអនុវត្តបញ្ញត្តិ និងការធានានូវការចូលរួមពីវិស័យឯកជន ពិសេសសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាការត្រៀមខ្លួនសម្រាប់ការចូលរួមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។ កិច្ចប្រជុំនេះ ក៏មានការរាយការណ៍ និងពិនិត្យទៅលើរបៀបវារៈសំខាន់ៗ រួមមាន (១) ការវាយតម្លៃពាក់កណ្តាលគម្រោង (២) ការសិក្សាអំពីសក្តានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង ការសិក្សាអំពីផលប៉ះពាល់ពាណិជ្ជកម្ម និង៣) ផែនការអនុវត្តគម្រោង ARISE Plus Cambodia សម្រាប់ឆ្នាំ២០២៣។
ក្នុងសុទ្ទរកថាបើក ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានអ្នកចូលរួមទាំងអស់ និងអគុណដល់ក្រុមការងារគម្រោង ARISE Plus Cambodia និងសមាជិកគណៈកម្មធិការដឹកនាំគម្រោង និងក្រសួងស្ថាប័នពាក់ព័ន្ធ សម្រាប់កិច្ចសហប្រតិបត្តិការល្អកន្លងមកក្នុងការអនុវត្តគម្រោងក្នុងវិស័យពាណិជ្ជកម្មនៅកម្ពុជាក្នុងសមាសភាគទាំង ៣ ខាងលើ។ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីសមិទ្ធិផលសំខាន់ៗ នៃការអនុវត្តគម្រោងរួមមាន (១)ការសម្ពោធដាក់អោយដំណើរ និងប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (ASYCUDA) (២) ការវាយតម្លៃច្រកចេញចូលតែមួយថ្នាក់ជាតិ (៣)យុទ្ធសាស្ត្រ និងផែនការសកម្មភាព AEO (៤)វគ្គបណ្តុះបណ្តាលការចរចាពាណិជ្ជកម្មសេរី និងការសម្ពោធដាក់ឱប្រើប្រាស់នូវសៀវភៅមគ្គុទេសក៏ ស្តីពីការចរចាពាណិជ្ជកម្មសេរីសម្រាប់កម្ពុជា (៥) ការត្រៀមបង្កើតមជ្ឈមណ្ឌលចំណេះដឹងសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (៦)យុទ្ធសាស្ត្រអភិវឌ្ឍន៍ការនាំចេញសម្រាប់សហគ្រាសធុនតូចនិងមធ្យម។
ក្រោយពីការធ្វើបទបង្ហាញពីក្រុមការងារ ARISE Plus Cambodia ពីវឌ្ឍនភាពការងារ របាយណ៍វាយតម្លៃពាក់កណ្តាលគម្រោង និងលទ្ធផលនៃការសិក្សាស្រាវជ្រាវ កិច្ចប្រជុំបានទទួលមតិយោបល់ល្អៗពីតំណាងក្រសួងស្ថាប័ន ដែលបានចូលរួម និងបានការគាំទ្រនិងអនុម័តលើរបាយណ៍សិក្សាស្រាវជ្រាវទាំងពីរ ផែនការអនុវត្តគម្រោងសម្រាប់ឆ្នាំ២០២៣ និងសំណើស្នើសុំពន្យាពេលអនុវត្តគម្រោងរហូតដល់ចុងខែមីនា ឆ្នាំ២០២៤។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ ថ្លែងអំណរគុណដល់តំណាងសហភាពអឺរ៉ុប និងស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ក្រុមការងារគម្រោង ARISE Plus Cambodia និង ជាពិសេស តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធសម្រាប់ការចូលរួម ដែលបានចូលរួមកិច្ចប្រជុំ និងផ្តល់ធាតុចូលសំខាន់ៗ។ ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានលើកពីជំហរយ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្មក្នុងការធ្វើសហប្រតិបត្តិការជាមួយជាមួយដៃគូអភិវឌ្ឍន៍ និងបានស្នើសុំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធបន្តចូលរួមក្នុងការសហការអនុវត្តគម្រោងបន្តទៀត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣