ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ០៤:៥២ នាទី រសៀល
👁 1
(រាជធានីភ្នំពេញ)៖ ក្នុងនាមជាសមាជិកដំបូងគេ ដែលបានចូលរួមក្នុងការផ្លាស់ប្តូរទិន្នន័យកម្ពុជាជាមួយ “ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា” (Cambodia Data eXchange - CamDX) ក្រសួងពាណិជ្ជកម្មមានសេចក្ដីសោមនស្សរីករាយ និងសូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ដែលថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data eXchange ហៅ កាត់ថា CamDX) ទទួលបានជ័យលាភី Open Source Adaptation of the Year ពីកម្មវិធីពានរង្វាន់អនាគតរដ្ឋាភិបាល (Future of Government Awards) ដែលបានសហការគាំទ្រដោយអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP), Amazon Web Service Institute នៃក្រុមហ៊ុនអន្តរជាតិអាម៉ាហ្សូន, និងបណ្តាញសាកលសម្រាប់រដ្ឋាភិបាល Apolitical។
ពានរង្វាន់នេះជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជាលើឆាកអន្តរជាតិ និងជាការទទួលស្គាល់ថាកម្ពុជាបានចាប់យកឱកាស និងបានប្រើប្រាស់ដោយជោគជ័យនូវបច្ចេកវិទ្យាឌីជីថល ជាពិសេសថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX ក្នុងការជួយដល់ការងារកែទម្រង់ និងការធ្វើទំនើបកម្មរដ្ឋបាលរបស់ខ្លួន។
ក្រសួងពាណិជ្ជកម្មបានខិតខំប្រឹងប្រែងក្លាយជាសមាជិកដំបូងគេដែលចូលរួមក្នុងថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX ចាប់តាំងពីពាក់កណ្ដាលឆ្នាំ ២០២០ ក្នុងក្របខណ្ឌនៃការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យព័ត៌មាន CamDX ជាមួយនឹងនីតិវិធីតាមប្រព័ន្ធអនឡាញកាន់តែងាយស្រួល ដែលអនុញ្ញាតដោយការផ្លាស់ប្ដូរទិន្នន័យតាមរយៈថ្នាល CamDX, ធុរជនអាចដាក់ពាក្យស្នើសុំចុះបញ្ជីអាជីវកម្មតែមួយលើក ដោយអាចធ្វើការចុះបញ្ជីពាណិជ្ជកម្មពីក្រសួងពាណិជ្ជកម្មផង ចុះបញ្ជីពន្ធដារពីអគ្គនាយកដ្ឋានពន្ធដារ និងស្នើសុំសេចក្ដីប្រកាសជូនដំណឹងបើកសហគ្រាស ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផង។ ធុរជនក៏នឹងទទួលបានការចុះបញ្ជីពាណិជ្ជកម្មតែក្នុងរយៈពេលត្រឹមតែ០៣(បី)ថ្ងៃនៃថ្ងៃធ្វើការប៉ុណ្ណោះ ប្រសិនបើព័ត៌មានដែលបានផ្តល់តាមផតថល (Portal) រួមត្រឹមត្រូវ និងគ្រប់គ្រាន់ ដោយទទួលបាន វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជី ពាណិជ្ជកម្ម និងសម្រង់អាជីវកម្ម ជាទម្រង់ឌីជីថលទាំងស្រុង ហើយអាចបោះពុម្ពយកទៅប្រើប្រាស់ ជាផ្លូវការបានតាមតម្រូវការបានយ៉ាងងាយស្រួល។
សូមជម្រាបជូនថា ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX ដែលអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់ដោយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាថ្នាលបច្ចេកវិទ្យាឌីជីថលមួយឈរនៅកណ្តាល និងជាឆ្អឹងខ្នង ដែលអនុញ្ញាតឱ្យប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង-ស្ថាប័នអាចចែករំលែកទិន្នន័យរវាងគ្នានិងគ្នា ដើម្បីបង្កើតជាសេវាសាធារណៈអនឡាញផ្សេងៗ ហើយគិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២, ថ្នាល CamDX បានជួយឱ្យការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញសម្រេចបានចំនួន ១៩ ៨២៣ ក្រុមហ៊ុន ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៥,៦ ប៊ីលានដុល្លារអាមេរិក៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣