ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ០៦:៥៤ នាទី ល្ងាច
👁 1
(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានដឹកនាំក្រុមការងារចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CAM-UAE CEPA) ចូលរួមកិច្ចប្រជុំចង្អៀតអន្តរក្រសួង តាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (គ.ស.ហ) ដើម្បីគោរពរាយការណ៍ជូន អំពីលទ្ធផលនៃការចរចាកិច្ចព្រមព្រៀង CAM-UAE CEPA និងស្នើសុំគោលការណ៍សម្រាប់ការចរចាជុំបន្ត។
ស្ថិតក្នុងកិច្ចប្រជុំចង្អៀតអន្តរក្រសួងនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគោរពរាយការណ៍ជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យប្រធានគណៈកម្មាធិការ និងអង្គប្រជុំ អំពីប្រវត្តិសាវតា និងវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀង CAM-UAE CEPA។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនពីសារៈសំខាន់ក្នុងការបន្តធ្វើសមាហរណកម្មនិងសហប្រតិបត្តិការសេដ្ឋកិច្ចរបស់កម្ពុជាទៅក្នុងតំបន់ និងសកលលោក ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងបន្តធ្វើពិពិធកម្មទីផ្សារនាំចេញសម្រាប់ផលិតផលកម្ពុជាឱ្យកាន់តែសំបូរបែប និងប្រសើរជាងមុន និងជាពិសេសចូលរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩ និងបង្កើតឱកាសការងារកាន់តែច្រើនជូនប្រជាពលរដ្ឋ។
ដោយមានការអនុញ្ញាតពីអង្គប្រជុំ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាបានធ្វើបទបង្ហាញស្តីពីរបាយការណ៍នៃការចរចាកិច្ចព្រមព្រៀង CAM-UAE CEPA ជាមួយនឹងការធ្វើបច្ចុប្បន្នភាពនៃការចរចាបើកច្រកទីផ្សារទំនិញ ដោយឯកឧត្តម ចាន់ សុភាព អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារពាណិជ្ជកម្មទំនិញ។
អង្គប្រជុំក៏បានពិភាក្សាលើសំណូមពរ និងបញ្ហានានារបស់ក្រុមការងារចរចាកិច្ចព្រមព្រៀង CAM-UAE CEPA និងបានទទួលអនុសាសន៍ណែនាំនិងសេចក្តីសម្រេច ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យប្រធានគណៈកម្មាធិការ លើចំណុចមួយចំនួនពាក់ព័ន្ធនឹងការចរចាលើអត្ថបទកិច្ចព្រមព្រៀង និងការបើកច្រកទីផ្សារពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវា និងពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល សំដៅត្រៀមការចរចាជុំទី២ ដែលគ្រោងប្រព្រឹត្តិចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅកម្ពុជា នាពេលខាងមុខ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣