ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២៣ (SEOM Retreat 2023)

ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ០៥:៤៨ នាទី ល្ងាច

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(រដ្ឋធានីហ្សាការតា, ឥណ្ឌូនេស៊ី)៖ នៅថ្ងៃទី០៦-០៧ ខែធ្នូ ឆ្នាំ២០២២ នៅលេខាធិការដ្ឋានអាស៊ាន ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា (SEOM Lead for Cambodia) បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២៣ (THE ASEAN SENIOR ECONOMIC OFFICIALS’ MEETING (SEOM)RETREAT - SEOM Retreat 2023)។ កិច្ចប្រជុំនេះបានដឹកនាំដោយលោកស្រី Dina Kurniasari ប្រធាននាយកដ្ឋាន ចរចាពាណិជ្ជកម្មអាស៊ាននៃក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី ដែលប្រទេសឥណ្ឌូនេស៊ីជាប្រធានអាស៊ានផ្លាស់វេន សម្រាប់ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ មានការចូលរួមដោយអគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាននៃប្រទេសសមាជិកអាស៊ានទាំងអស់ និងគណៈប្រតិភូនៃប្រទេសនីមួយៗ ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ាន បានផ្តល់កិតិ្តយសក្នុងការអញ្ជើញថ្លែងសុន្ទកថាបើកកិច្ចប្រជុំ។ អង្គប្រជុំទាំងអស់ ក៏បានថ្លែងអំណរគុណទៅកាន់ឯកឧត្តមអគ្គលេខាធិការអាស៊ាន សម្រាប់ភាពជាអ្នកដឹកនាំក្នុងរយៈពេល៥ឆ្នាំកន្លងមក ជាពិសេសលើភាពឈ្លាសវៃនិងបុរេសកម្មរបស់ឯកឧត្តមក្នុងការដោះស្រាយបញ្ហាលើរបៀបវារៈនានានៃសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន និងជំរុញឱ្យមានការដោះស្រាយរួមគ្នានូវបញ្ហានានានៅក្នុងតំបន់ ខណៈពេលដែលអាស៊ានកំពុងស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ តាំងពីដើមឆ្នាំ២០២០ កន្លងមក។ ក្នុងន័យនេះដែរ ឯកឧត្តមអគ្គនាយក តាងនាមឱ្យគណៈប្រតិភូកម្ពុជា ក៏បានថ្លែងអំណរគុណនិងកោតសរសើរនូវការដឹកនាំ របស់ឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ានដែលទទួលបានសមិទ្ធផលធំៗដើម្បីឆ្ពោះទៅទទួលបាននូវសហគមន៍សេដ្ឋកិច្ចអាស៊ានដែលប្រកបដោយបរិយាប័ន្ន ភាពប្រកួតប្រជែង ភាពធន់រឹងមាំ និងចីរភាព។

អង្គប្រជុំបានកត់សម្គាល់ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ រួមមាន៖ (១) លទ្ធផលនៃកិច្ចប្រជុំកម្រិតជាន់ខ្ពស់, (២) វឌ្ឍនភាពសមិទ្ធផលអាទិភាពសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ភាពជាប្រធានអាស៊ានឆ្នាំ២០២២, (៣) ក្របខ័ណ្ឌលក្ខណៈវិនិច្ឆ័យភាពជាដៃគូនៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចអាស៊ាន, (៤) សមិទ្ធផលអាទិភាពសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី សម្រាប់ភាពជាប្រធានអាស៊ានឆ្នាំ២០២៣, (៥) របៀបវារៈនៃកិច្ចចរចាពាណិជ្ជកម្មអាស៊ាន, (៦) អាទិភាពការងារប្រចាំឆ្នាំ២០២៣, (៧) កម្មវិធីការងាររបស់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន ប្រចាំឆ្នាំ២០២៣ និងបញ្ហាផ្សេងៗដទៃទៀត៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ