លោក ថុល ណារ៉ា អគ្គនាយករងពាណិជ្ជកម្មអន្តរជាតិ បានទទួលជួបប្រតិភូចក្រភពអង់គ្លេស ដើម្បីពិភាក្សាលើក្របខណ្ឌកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី និងកាលានុវត្តភាពនាពេលអនាគត

ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ០៦:០៣ នាទី ល្ងាច

👁 2

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(រាជធានីភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ លោក ថុល ណារ៉ា អគ្គនាយករងពាណិជ្ជកម្មអន្តរជាតិ ជាតំណាងឯកឧត្តមអគ្គនាយកពាណិជ្ជកម្មអន្តរជាតិ បានទទួលជួបប្រតិភូចក្រភពអង់គ្លេសដែលដឹកនាំដោយលោក ស្ទូវើត ក្លេតុន (Stewart Clayton) ប្រធានទទួលបន្ទុកផ្នែកពាណិជ្ជកម្មចក្រភពអង់គ្លេសប្រចាំកម្ពុជា អមដោយកញ្ញា ព្រីយ៉ា សូនី (Priya Soni) មន្រ្តីទទួលបន្ទុកពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចក្រភពអង់គ្លេស និងលោក អ៊ែន ហ្វ្រេនកែល (Iain Frenkiel) មន្រ្តីទទួលបន្ទុកបើកច្រកទីផ្សារប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីផ្លាស់ប្តូរកិច្ចពិភាក្សាលើវឌ្ឍនភាព និងកាលានុវត្តភាពនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី ជាពិសេសកិច្ចសម្រួលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ជាកិច្ចស្វាគមន៍ ភាគីកម្ពុជាបានលើកឡើងពីសារៈសំខាន់នៃចំណងមិត្តភាព និងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរជាពិសេសខណៈពេលដែលប្រទេសទាំងពីរគ្រោងនឹងប្រារព្ធខួបអនុស្សាវរីយ៍ទំនាក់ទំនងការទូតរយៈពេល៧០ឆ្នាំ នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ។ ភាគីកម្ពុជាបានថ្លែងអំណរគុណដល់រដ្ឋាភិបាលអង់គ្លេសសម្រាប់ការផ្តល់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មដល់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច រួមមានកម្ពុជាផងដែរ ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបានស្នើសុំឱ្យមានការជួយគាំទ្រដល់កម្ពុជាបន្ថែមក្នុងខណៈពេលដែលប្រទេសកម្ពុជានឹងចាកចេញពីក្របខណ្ឌប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ។ ភាគីកម្ពុជាក៏បានជម្រាបជូនពីវឌ្ឍនភាពនានាដែលក្រសួងពាណិជ្ជកម្មបាននិងកំពុងអនុវត្តក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងទិសដៅអាទិភាពពាណិជ្ជកម្មកម្ពុជាក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនចូលទៅក្នុងសេដ្ឋកិច្ចតំបន់និងពិភពលោក និងការធ្វើពិពិធកម្មទីផ្សារនាំចេញឱ្យកាន់តែធំទូលាយថែមទៀត ព្រមទាំងតម្រូវការចាំបាច់ក្នុងការកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់កំណើនពិពិធកម្មនិងភាពប្រកួតប្រជែង សំដៅស្តារឡើងវិញ និងបង្កើនភាពធន់នៃសេដ្ឋកិច្ចក្រោយវិបត្តិជម្ងឺរាតត្បាតសកលកូវីដ-១៩។

ដើម្បីចាប់យកកាលានុវត្តភាពនៃពាណិជ្ជកម្មទ្វេភាគីនាពេលអនាគត ជាពិសេសលើការជំរុញទំនាក់ទំនងកាន់តែជិតស្និទ្ធិរវាងវិស័យឯកជននៃប្រទេសទាំងពីរ កិច្ចប្រជុំក៏បានពិភាក្សានិងពិនិត្យលទ្ធភាពរៀបចំអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជានិងចក្រភពអង់គ្លេស ស្តីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នានាពេលខាងមុខ ដែលអនុស្សរណៈនៃការយោគយល់នេះនឹងក្លាយជាឧបករណ៍សម្រាប់តភ្ជាប់ទំនាក់ទំនង វឌ្ឍនភាពកិច្ចសហប្រតិបត្តិការ និងចែករំលែកនូវកាលានុវត្តភាពនានារវាងដៃគូធុរកិច្ចនៃប្រទេសទាំងពីរ។

ជាកិច្ចបញ្ចប់ លោកអគ្គនាយករង បានលើកពីជំហរយ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្មក្នុងការបន្តសហប្រតិបត្តិការជាមួយជាមួយចក្រភពអង់គ្លេស និងបានថ្លែងអំណរគុណដល់ប្រតិភូចក្រភពអង់គ្លេស និងសហការី ដែលបានខិតខំប្រឹងប្រែង និងសហការយ៉ាងស្អិតរមួតជាមួយភាគីកម្ពុជា ព្រមទាំងស្នើឱ្យមន្ត្រីជំនាញពាក់ព័ន្ធបន្តចូលរួមក្នុងការសហការជាបន្តបន្ទាប់ ដើម្បីបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ជាពិសេសជំរុញការតភ្ជាប់ទំនាក់ទំនងរវាងដៃគូវិស័យឯកជន និងធុរកិច្ចប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។  

សូមគូសបញ្ជាក់ថា៖ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា-ចក្រភពអង់គ្លេស ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២២ សម្រេចបានប្រមាណ ៨៣៧.៦៦ លានដុល្លារអាមេរិក ជាមួយនឹងកំណើនប្រមាណជិត ៧% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ