ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ១២:២១ នាទី ថ្ងៃត្រង់
👁 0
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម PAOLO DIONISI ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ីតាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មី និងមាននិវេសនដ្ឋាននៅទីក្រុងបាងកក ដើម្បីពិភាក្សានិងផ្លាស់ប្តូរយោបល់លើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រីស្តីទី បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត ដែលទទួលបានការតែងតាំងថ្មីក្នុងបេសកកម្មការទូតមកកាន់ប្រទេសកម្ពុជា និងបានសាទរចំពោះទំនាក់ទំនងល្អរវាងប្រទេសទាំងពីរក្នុងអាណត្តិរបស់អតីតឯកអគ្គរដ្ឋទូតអ៊ីតាលីកន្លងមក ជាពិសេសលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ព្រមទាំងគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍវិស័យសំខាន់ៗជាច្រើន ក្នុងនោះរួមមានការបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដតាមរយៈយន្តការការពារជនស៊ីវិលរបស់សហភាពអឺរ៉ុប និងកម្មវិធីCOVAXផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី បានប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងទ្វេភាគីនេះឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំជាងមុនបន្ថែមទៀត ក្នុងអាណត្តិថ្មីរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត។
ឯកឧត្តមរដ្ឋមន្ត្រីស្តីទី ក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែង និងភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានបើកប្រទេសជាប្រក្រតី និងដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញឡើងវិញលើគ្រប់វិស័យ។ ឯកឧត្តម ក៏បានធ្វើការកត់សម្គាល់នូវវឌ្ឍនភាពនានាដែលក្រសួងពាណិជ្ជកម្មបាននិងកំពុងអនុវត្តក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងទិសដៅអាទិភាពពាណិជ្ជកម្មក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចចូលទៅក្នុងតំបន់និងពិភពលោក និងការធ្វើពិពិធកម្មទីផ្សារនាំចេញឱ្យកាន់តែធំទូលាយថែមទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី ក៏បានអបអរសាទររដ្ឋាភិបាលនៃប្រទេសអ៊ីតាលី ចំពោះឆន្ទៈក្នុងការធ្វើជាបេក្ខភាពម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោកឆ្នាំ២០៣០ នៅទីក្រុងរ៉ូម និងបានជូនពរឱ្យបេក្ខភាពអ៊ីតាលីទទួលបានភាពជោគជ័យក្នុងដំណើរការបោះឆ្នោតជ្រើសរើសបេក្ខភាពធ្វើម្ចាស់ផ្ទះ ដែលនឹងប្រព្រឹត្តិទៅក្នុងអំឡុងសន្និសីទប្រចាំឆ្នាំរបស់ការិយាល័យពិព័រណ៍អន្តរជាតិនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងឆន្ទៈក្នុងការបន្តជំរុញនិងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើងបន្ថែមទៀតនាពេលអនាគត។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបង្ហាញសុទិដ្ឋិនិយមក្នុងការលើកទឹកចិត្ត និងទាក់ទាញពាណិជ្ជករ ធុរជន និងវិនិយោគិនអ៊ីតាលី មកទស្សនកិច្ចនៅកម្ពុជាសំដៅស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងធុរកិច្ចនៅកម្ពុជា ព្រមទាំងលើកទឹកចិត្តភាគីទាំងពីរបង្កើនសកម្មភាពពាណិជ្ជកម្មទ្វេភាគី ដែលជាកត្តាជួយដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-អ៊ីតាលី ឈានដល់កម្រិតសក្តានុពល។
បន្ថែមពីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានអបអរសាទរចំពោះគុណភាពអង្កររបស់កម្ពុជា ដែលជាប់ជាអង្ករល្អ បំផុតក្នុងវេទិកាស្រូវអង្ករពិភពលោកប្រចាំឆ្នាំ ២០២២ ដែលបានរៀបចំឡើងនៅទីក្រុងភូកេត ប្រទេសថៃ។ ឯកឧត្តម ក៏បានជម្រាបជូនអំពីបំណងក្នុងការផ្តល់ជំនួយដល់កម្ពុជាសម្រាប់ការអភិរក្សប្រាសាទនៅតំបន់អង្គរ និងទីក្រុងភ្នំពេញ ដែលពោរពេញទៅដោយសម្បត្តិវប្បធម៌ និងអញ្ជើញកម្ពុជាចូលរួមក្នុងពិព័រណ៍ផលិតផលគ្រឿងសម្អាងនៅឆ្នាំក្រោយ ព្រមទាំងស្នើសុំផ្តល់មន្ត្រីទំនាក់ទំនងនៃក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីបន្តសហការ និងពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរ។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី បានបញ្ជាក់ជូនថាក្រសួងពាណិជ្ជកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសម្របសម្រួលទាក់ទងនឹងសកម្មភាពពាណិជ្ជកម្មនិងធុរកិច្ចនៅកម្ពុជានិងត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រតិភូវិនិយោគិនអ៊ីតាលីនៅកម្ពុជានាពេលខាងមុខ និងបានជូនពរឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត ទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងបេសកកម្មការទូត។
សូមគូសបញ្ជាក់ថា៖ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជានិងអ៊ីតាលី ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២២ សម្រេចបានប្រមាណ ៤០៩,៣៤ លានដុល្លារអាម៉េរិក ជាមួយនឹងកំណើនប្រមាណ ៣៦,៦៧% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ កម្ពុជានាំចេញមុខទំនិញសំខាន់ៗទៅអ៊ីតាលីដូចជា៖ សម្លៀកបំពាក់ ស្បែកជើង និងទំនិញដទៃទៀត ហើយកម្ពុជានាំចូលមុខទំនិញសំខាន់ៗពីអ៊ីតាលីដូចជា៖ ផលិតផលធ្វើពីស្បែកសត្វ គ្រឿងសម្អាង ម៉ាស៊ីនបោកគក់(ប្រើប្រាស់ក្នុងរោងចក្រកាត់ដេរវាយនភ័ណ្ឌ) ក្រណាត់ប៉ាក់ រថយន្ត និងទំនិញដទៃទៀត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣