ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ០៤:០៦ នាទី រសៀល
👁 6
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធជាផ្លូវការ “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៥ ឆ្នាំ២០២២” ក្រោមមូលបទ “ការវិលត្រឡប់មកធ្វើធុរកិច្ចជាធម្មតាឡើងវិញ” ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ៣០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថាព្រឹត្តិការណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ព្រោះបានជួយជំរុញសកម្មភាពពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេសឡើងវិញ, បង្កើតឱកាសទីផ្សារ, តភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគកាន់តែល្អ ប្រសើររវាងកម្ពុជា ជាមួយអន្តរជាតិ បន្ទាប់ពីអាក់ខានមួយរយៈពេលខ្លីដោយសារវិបត្តិកូវីដ-១៩។ ព្រឹត្តិការណ៍ពាណិជ្ជកម្មនេះក៏ជាឱកាសដ៏ប្រសើរបំផុតសម្រាប់អ្នកចូលរួមក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម ដើម្បីពង្រីកកិច្ចការធុរកិច្ច និងវិនិយោគនៅកម្ពុជា និងពីកម្ពុជា ទៅកាន់ប្រទេសរបស់ពួកគេវិញដែរ។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានគូសបញ្ជាក់ថា វិបត្តិកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនទាបបំផុតជាលើកដំបូងក្នុងឆ្នាំ២០២០ កន្លងទៅ ដោយសារការធ្លាក់ចុះយ៉ាងគំហុកនូវតម្រូវការពីខាងក្រៅ ជាពិសេស សកម្មភាពនានាក្នុងវិស័យ សេវាកម្ម ដូចជាវិស័យទេសចរណ៍ ឧស្សាហកម្ម ធ្វើដំណើរ និងឤកាសចរស៊ីវិលជាដើម ខណៈដែលវិស័យឧស្សាហកម្មក៏ទទួលរងផលប៉ះទង្គិចផងដែរ ដោយសារភាពរអាក់រអួលនៅក្នុងខ្សែច្រវាក់នៃការផ្គត់ផ្គង់ជាសកល។ ដូចនេះ ដើម្បីប៉ះប៉ូវនូវផលប៉ះពាល់អវិជ្ជមាននេះ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំយន្តការប្រកបដោយសង្គត់ភាពក្នុងការយកឈ្នះលើវិបត្តិកូវីដ-១៩ តាមរយៈការកំណត់យកការចាក់វ៉ាក់សាំងជាវិធានការគន្លឹះ ដើម្បីសម្រេចឱ្យបានយ៉ាងឆាប់រហ័សនូវ “ភាពស៊ាំសហគមន៍” និង “ការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩”។ ការសម្រេចបាននូវសមិទ្ធិផលដ៏លឿនបែបនេះ បានធ្វើឲ្យកម្ពុជាឈានដល់ការបើកសកម្មភាពសង្គម-សេដ្ឋកិច្ច និងបើកប្រទេសពេញលេញ ឡើងវិញដូចបច្ចុប្បន្ននេះ។
មានមតិផ្តាំផ្ញើទៅកាន់អង្គពិធីឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានស្នើទៅកាន់បណ្តាក្រុមហ៊ុន សហគ្រាស និងបណ្តាប្រទេសចូលរួមក្នុងព្រឹត្តិការណ៍នេះទាំងអស់ ត្រូវខិតខំរួមគ្នាកសាង និងស្តារសហគមន៍នេះឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការផ្លាស់ប្តូរបច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។ គួររំឭកផងដែរថា ពិព័រណ៍ផលិតផលខ្មែរ ត្រូវបានពង្រីកខ្លួនពីមួយឆ្នាំ ទៅមួយឆ្នាំ ដោយចាប់ផ្តើមពីពិព័រណ៍ផលិតផលក្នុងស្រុក ខេត្តមួយ ផលិតផលមួយ ក្លាយទៅជាព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ បូកនឹងទំនិញនាំចេញ-នាំចូល កម្រិតអន្តរជាតិដែលមានស្តង់រហូតដល់ជិត ៤០០ស្តង់ កាលពីមុនវិបត្តិនៃជំងឺកូវីដ-១៩។ ក្នុងឆ្នាំ២០២២នេះ ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី១៥ ឆ្នាំ២០២២ នេះ បានចាប់ដំណើរការជាថ្មីដោយមានស្តង់សរុប ចំនួន២៦៨ស្តង់ ក្នុងនោះមានស្តង់ពីស្ថានទូតបរទេសប្រចាំនៅកម្ពុជា ស្តង់មកពីរាជធានី-ខេត្ត សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្រូវអង្ករ អង្គការ សមាគមអាជីវកម្ម ក្រុមហ៊ុន សហគ្រាសក្នុងស្រុក និងមកពីបរទេសដែលមានក្រុមហ៊ុន សហគ្រាសសរុប ចំនួន១៨១ ក្រុមហ៊ុន។ ភ្ញៀវអន្តរជាតិដែលជាអ្នកតាំងពិព័រណ៍បានមកចូលរួម មាន ដូចជា ប្រទេសចិន សហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន អ៊ីតាលី កូរ៉េខាងត្បូង តួគី សិង្ហបុរី វៀតណាម ឡាវ ឥណ្ឌូណេស៊ី ព្រះរាជាណាចក្រថៃឡង់ដ៍ និងមកពីសាធារណៈរដ្ឋឥស្លាមប៉ាគីស្ថាន។ ផលិតផលដែលមានដាក់តាំងក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ រួមមាន៖ ផលិតផលកសិកម្ម បន្លែ ផ្លែឈើ និងការកែច្នៃកសិផល, ផលិតផលម្ហូបអាហារ និងភេសជ្ជៈ , យានយន្ត គ្រឿងយន្ត និងឧបករណ៍បម្រើការក្នុងឃ្លាំង, ផលិតផលសូត្រ និងវត្ថុអនុស្សាវរីយ៍, ផលិតផលសៀវភៅ និងការអាន, ផលិតផលគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ , និងផលិតផលបន្ទាប់បន្សំផ្សេងៗទៀតដូចជា គ្រឿងសំអាង សម្ភារការិយាល័យ គម្រោងវិនិយោគ ផលិតផលសិប្បកម្ម និងទំនិញប្រើប្រាស់ទូទៅ ។ ក្នុងអំឡុងពេលនៃការរៀបំពិព័រណ៍ខាងលើ ក្រសួង មានរៀបចំព្រឹត្តិការណ៍អមមួយចំនួនផងដែរដូចជា ពិធីចុះ MOU ចំនួន ១ គម្រោង ជំនួបពាណិជ្ជកម្ម សិក្ខាសាលា ស្តីពីការពង្រឹងគុណភាពផលិតផល និងសេវាកម្ម ដើម្បីជំរុញការនាំចេញ ដែលរៀបចំនៅសណ្ឋាគារកាំបូឌីយ៉ាណា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣