សេចក្តីប្រកាសព័ត៌មានស្តីពី៖ ការចាប់ផ្តើមដំណើរការចរចាជុំទី២ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម

ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ០៦:៣៥ នាទី ល្ងាច

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងសាធារណជនទាំងអស់មេត្តាជ្រាបថា នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំប្រកាសបើកការចរចាជុំទី២ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia – United Arab Emirates Comprehensive Economic Partnership Agreement – Cambodia-UAE CEPA) ដែលមានការអញ្ជើញចូលរួមពីលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាសម្រាប់ភាគីកម្ពុជា និងឯកឧត្តម ជូម៉ា ម៉ូហាមេដ អាល់ កាត (Juma Mohammed Al Kait) អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចាសម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម ព្រមជាមួយមន្រ្តីជាន់ខ្ពស់តំណាងអន្តរក្រសួង នៃប្រទេសទាំងពីរ សរុបប្រមាណ ៦០ រូប។

ការចរចាជុំទី២ នៃកិច្ចព្រមព្រៀង Cambodia-UAE CEPA នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ក្នុងអំឡុងការចរចាជុំទី២នេះ ភាគីទាំងពីរនឹងបន្តពិភាក្សា និងដោះស្រាយរាល់ចំណុចដែលមិនទាន់មានការឯកភាពគ្នា ឬមិនទាន់មានភាពច្បាស់លាស់ បន្ទាប់ពីការចរចាជុំទី១ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ នៅអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម។ វិស័យ និងអនុវិស័យសំខាន់ៗ ដែលនឹងត្រូវលើកយកមកពិភាក្សា រួមមាន៖ ពាណិជ្ជកម្មទំនិញ របាំងពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ ពាណិជ្ជកម្មសេវា កិច្ចសម្រួលពាណិជ្ជកម្ម វិធានដើមកំណើតទំនិញ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឧបាស្រ័យពាណិជ្ជកម្ម វិនិយោគ កម្មសិទ្ធិបញ្ញា និងច្បាប់និងស្ថាប័ន។

សូមបញ្ជាក់ថា អេមីរ៉ាតអារ៉ាប់រួម គឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលរួមចំណែកប្រមាណ ៧៧% នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាជាមួយតំបន់នេះ។ ក្នុងរយៈពេល ០៨ខែ នៃឆ្នាំ២០២២នេះ ពាណិជ្ជកម្មទ្វេភាគីសម្រេចបានទឹកប្រាក់សរុបប្រមាណ ២៧៩ លានដុល្លារអាម៉េរិក ជាមួយនឹងកំណើន ៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងន័យនេះ កិច្ចព្រមព្រៀង Cambodia-UAE CEPA នឹងបន្តជំរុញភាពរីកចម្រើននៃទំនាក់ទំនងពាណិជ្ជកម្មទំនិញរវាងប្រទេសទាំងពីរ តាមរយៈការបើកទីផ្សារឲ្យទូលំទូលាយ ការបង្កើតកាលានុវត្តភាពសម្រាប់ការវិនិយោគ និងបង្កើនបរិយាកាសសេរីភាវូបនីយកម្មលើវិស័យសំខាន់ៗផ្សេងទៀត ក្នុងបុព្វហេតុកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព៕

ថ្ងៃចន្ទ ១១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦

រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ