ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ០៧:០៤ នាទី យប់
👁 3
(ភំ្នពេញ)៖ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួប ឯកឧត្តម PABLO Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលនឹងចប់អាណត្តិដើម្បីសម្ដែងការគួរសម និងជម្រាបលា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្ដី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅនិងបានអបអរសាទរចំពោះ ឯកឧត្តមឯកអគ្គរាជទូត ដែលបានបំពេញបេសកកម្មប្រកបដោយជោគជ័យនៅកម្ពុជា ព្រមទាំងបានកោតសរសើរចំពោះតួនាទី និងការចូលរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តមឯកអគ្គរាជទូត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងកម្ពុជា-អូស្រ្តាលី ជាពិសេសលើវិស័យពាណិជ្ជកម្ម។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីសម្រាប់ការគាំទ្រជាបន្តបន្ទាប់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា ដែលក្នុងនោះរួមមានទាំងការឧបត្ថម្ភវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាការចូលរួមចំណែកដល់យុទ្ធនាការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលនិងប្រជាជនអូស្ត្រាលី ដែលបានផ្តល់ជំនួយក្រោមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចទ្វេភាគីថ្មី កម្ពុជា-អូស្ត្រាលី (Cambodia Australia Partnership for Resilient Economic Development (CAP-RED) ក៏ដូចជាកម្មវិធីពាណិជ្ជកម្មតំបន់ (RT4D) ដែលក្នុងនោះ ក្រសួងពាណិជ្ជកម្ម នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីកម្មវិធីទាំងនេះ ផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានកោតសរសើរចំពោះការគាំទ្រលើការងារកិច្ចប្រកួតប្រជែង និងកិច្ចការពារអ្នកប្រើប្រាស់ ហើយសង្ឃឹមថា អូស្រ្តាលី នឹងបន្តការគាំទ្រនៅក្នុង វិស័យនេះ។
ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរ ក៏បានស្វាគមន៍ចំពោះការសម្រេចបានជាដុំកំភួន នូវការចរចាដំទ្បើងកម្រិតនៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេទ្បង់ (AAZNFTA Upgrade) ដែលជាសមិទ្ធផល អាទិភាពសេដ្ឋកិច្ចមួយរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។
ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ សំដៅពង្រឹង ពង្រីក និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣