ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ១០:៣២ នាទី យប់
👁 3
(សៀមរាប)៖ នាល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅទឹកដីខេត្តសៀមរាប ការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ត្រូវបានប្រកាសបិទបញ្ចប់ដោយជោគជ័យ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីគណៈប្រតិភូ គណៈកម្មការរៀបចំការប្រកួត អាជ្ញាធម៌ខេត្ត គ្រូបង្វឹក កីឡាករ-កីឡាការិនីជាច្រើនរូបទៀត។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានសម្ដែងនូវការកោតសរសើរ ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតនេះប្រកបដោយភាពរលូន និងទទួលបានជោគជ័យជាផ្លែផ្កា។
ឯកឧត្តមប្រធានសហព័ន្ធបានលើកឡើងថា តាមរយៈការអនុវត្តគោលនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាទទួលបានសន្តិភាពពេញលេញជូនប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល ដោយពុំមានការបង្ហូរឈាម។ មូលដ្ឋានគ្រឹះនៃសន្តិភាពនេះ ពិតជាបានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា មានឱកាសពេញលេញក្នុងការខិតខំគិតគូ កសាង និងអភិវឌ្ឍន៍ប្រទេស អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ពង្រឹង និងពង្រីកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទ្វេរភាគី ពហុភាគី ក្នុងតំបន់ និងសកលលោក និងការធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន ដែលរហូតមកដល់ពេលនេះ មានការគាំទ្រទទួលស្គាល់ពីអន្តរជាតិថា ប្រទេសកម្ពុជាពិតជាមានការអភិវឌ្ឍរីកចម្រើនខ្លាំង ប្រកបដោយថាមវន្ត ទាំងក្នុងទិដ្ឋភាពនយោបាយ និងសង្គម។
ជាក់ស្តែង ការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលមានការចូលរួមពីសំណាក់ប្រតិភូ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងដៃគូអាស៊ាន ស្ថាប័នអន្តរជាតិសំខាន់ៗ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំកំពូលនៃប្រទេសមហាអំណាចពិភពលោក ដោយទទួលបានជោគជ័យគួរជាទីមោទនៈ ហើយព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ពិតជាបានបង្ហាញ និងលើកមុខមាត់របស់ព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ ជាពិសេសគឺកិត្តិនាមដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាប្រធានអាស៊ានប្តូរវេន និងជាប្រមុខដឹកនាំដ៏ឆ្នើមឧដុង្គឧត្តមបំផុត។
ឆ្លៀតក្នុងឱកាសនេះ ដើម្បីឱ្យវិស័យកីឡាទោចក្រយាន នៅព្រះរាជាណាចក្រកម្ពុជា កាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណភាព សម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games 32) ឆ្នាំ២០២៣ និងទទួលបានលទ្ធផលល្អប្រសើរ នាពេលខាងមុខ ឯកឧត្តមប្រធានសហព័ន្ធ បានផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដូចខាងក្រោម៖
១-ត្រូវខិតខំបណ្តុះបណ្តាល បង្កើនបរិមាណកីឡាករ-កីឡាការិនី តាមបណ្តាក្លិប-សមាគម កីឡាទោចក្រយាន រាជធានី-ខេត្ត ក្រសួង-ស្ថាប័នឱ្យបានកាន់តែទូលំទូលាយ និងមានធនធានមនុស្ស-សម្ភារៈហ្វឹកហាត់ឱ្យបានគ្រប់គ្រាន់ និងត្រូវជំរុញបង្កើនការចូលរួមប្រកួតពីថ្នាក់ភូមិភាគ និងថ្នាក់ជាតិឱ្យបានច្រើន ព្រោះកីឡាទោចក្រយានទាំង ០២ប្រភេទនេះ ត្រូវបានរាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម ដាក់បញ្ជូលក្នុងវិញ្ញាសាប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាឆ្នាំក្រោយនេះ។
២-ត្រូវពង្រឹងសមត្ថភាព គ្រូបង្វឹក កីឡាករ កីឡាការិនី មន្ត្រីរៀបចំការប្រកួតឱ្យកាន់តែល្អប្រសើរទាំងបរិមាណ និងគុណភាព ដើម្បីអាចម្ចាស់ការរៀបចំការប្រកួត គ្រប់កម្រិតទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ
៣-ត្រូវជំរុញឱ្យមានការហ្វឹកហាត់ជាប្រចាំ និងប្រកួតវាស់ស្ទង់កម្រិតសមត្ថភាពឱ្យបានច្រើន នៅតាមបណ្តាក្លិប-សមាគម នៅទូទាំងប្រទេស តាមភូមិភាគ និងនៅថ្នាក់ជាតិ
៤-ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ និងទំនាក់ទំនងល្អ រវាងក្លឹប-សមាគមទូទាំងប្រទេស
៥-ត្រូវប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍបន្ថែមទៀត ដើម្បីបង្កើនព្រឹត្តិការណ៍ប្រកួតឱ្យបានច្រើន ក្នុងមួយឆ្នាំៗ តាមដែលអាចធ្វើបាន។
សូមជម្រាបជូនថា ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិនេះ បានប្រព្រឹត្តទៅរយៈមួយថ្ងៃពេញ ក្នុងទឹកដីខេត្តសៀមរាប មានពីរវិញ្ញាសារធំៗ គឺទី១វិញ្ញាសាកង់គួក (Road Bike) ដែលមាន៖ កង់គួកបុរសឈុតធំ (Men Elite Road Bike) កង់គួកបុរសថ្នាល (Men Junior Road Bike) និងកង់គួកបុរស អាយុចាប់ពី៤០ឆ្នាំឡើង (Men Master Road Bike)។ ទី២វិញ្ញាសាកង់ភ្នំ (Mountain Bike) ដែលមាន៖ កង់ភ្នំបុរសឈុតធំ (Men Elite Mountain Bike) កង់ភ្នំបុរសថ្នាល (Men Junior Mountain Bike ) កង់ភ្នំនារី (Women Mountain Bike ) កង់ភ្នំបុរស អាយុចាប់ពី៤០ឆ្នាំឡើង (Men Master Mountain Bike )។ ដោយក្នុងនោះប្រាក់រង្វាន់ជ័យលាភីចំណាត់ថ្នាក់លេខ១ ទទួលបាន ៨០០,០០០រៀល ចំណាត់ថ្នាក់លេខ២ទទួលបាន ៦០០,០០០រៀល ចំណាត់ថ្នាក់លេខ៣ទទួលបាន ៥០០,០០០រៀល ចំណាត់ថ្នាក់លេខ៤ទទួលបាន ២០០,០០០រៀល ចំណាត់ថ្នាក់លេខ៥ទទួលបាន ២០០,០០០រៀល និងមានរង្វាន់លើកទឹកចិត្តមួយចំនួនទៀត។ សម្រាប់ព្រឹត្តិការណ៍នេះដែរ ត្រូវបានឧបត្ថម្ភផ្តាច់មុខនូវទឹកប្រាក់ចំនួន ៤២, ៧៥០ដុល្លាអាមេរិក ដោយក្រុមហ៊ុន Herbalife Nutrition ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកមួយដែលបានផ្គត់ផ្គង់ និងចែកចាយផលិតអាហារូបត្ថម្ភតាំងពីឆ្នាំ ១៩៨០ ទៅកាន់ជាង ៩០ ប្រទេសលើពីភពលោក ហើយក្រុមហ៊ុនមានយុទ្ធនាការលុបបំបាត់បញ្ហាកង្វះខាតអាហាររូបត្ថម្ភ ដោយនាំយកអាហារូបត្ថម្ភ និងការអប់រំទៅដល់សហគមន៍នៅជុំវិញពិភពលោក។
ចំពោះលទ្ធផលនៃការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ទទួលបានដូចខាងក្រោម៖
ទី១-វិញ្ញាសាកង់គួក (Road Bike)៖
ក. វិញ្ញាសាកង់គួកបុរសឈុតធំ (Man Elite Road Bike)៖ លេខ១ កីឡាករ ញ៉ុញ លេញ (ក្រុម Wheelers Cycling), លេខ២ កីឡាករ លឹម ស៊ុង, លេខ៣ កីឡាករ សួង បុប្ផាពេជ្រ, លេខ៤ កីឡាករ អាន រតនា (អ្នកទាំង៣មកពីក្រុមកងយោធពលខេមរភូមិន្ទ) និងលេខ៥ កីឡាករ លី លៃ (ក្រុមកង់រំពេ)។
ខ. វិញ្ញាសាកង់គួកបុរសថ្នាល (Man Junior Road Bike)៖ លេខ១ កីឡាករ តូ ពិសិដ្ឋ, លេខ២ កីឡាករ សុខ ប៊ុនហុក (ក្រុមកងយោធពលខេមរភូមិន្ទ), លេខ៣ កីឡាករ ធិញ វ៉ានឹញវិបុល (ក្រុមPCT), លេខ៤ កីឡាករ វណ្ណ សំរិទ្ធឧត្តម (ក្រុម SCT) និងលេខ៥ កីឡាករ ចាវ ឈុនឡុង (ក្រុមកង់សុខភាពកំពង់ចាម)។
គ. វិញ្ញាសាកង់គួកបុរសអាយុចាប់ពី ៤០ឆ្នាំឡើង (Man Master Road Bike)៖ លេខ១ កីឡាករ រើក ម៉ាប់ (ក្រុមកង់រំពេ), លេខ២ កីឡាករ ឆុន ភារម្យ (ក្រុមកងយោធពលខេមរភូមិន្ទ), លេខ៣ កីឡាករ ហៃ ថុន (ក្រុមឥន្ទ្រីមាសក្រុងប៉ោយប៉ែត), លេខ៤ កីឡាករ អ៊ីត ចាន់នី (ក្រុម ABC Biking Club) និងលេខ៥ កីឡាករ អេង លីន (ក្រុមកង់មានជ័យ)។
ទី២-វិញ្ញាសាកង់ភ្នំ (Mountain Bike)៖
ក. វិញ្ញាសាកង់ភ្នំបុរសឈុតធំ (Man Elite Mountain Bike)៖ លេខ១ កីឡាករ ឆាន ហ្វុង, លេខ២ កីឡាករ ឃឹម ម៉េងឡុង, លេខ៣ កីឡាករ ក្រួច វ៉ា (ក្រុម ECT), លេខ៤ កីឡាករ ទៀង លីហេង និងលេខ៥ កីឡាករ តាំង គីមរ័ត្ន (ក្រុមកង់កំពត)។
ខ. វិញ្ញាសាកង់ភ្នំបុរសថ្នាល (Man Junior Mountain Bike)៖ លេខ១ កីឡាករ និត្យ សីហៈ (ក្រុម Electro Racing), លេខ២ កីឡាករ ឆាង រ័ត្នមុន្នី (ក្រុម Siem Reap Racing), លេខ៣ កីឡាករ ជា សុបញ្ញា (ក្រុមកង់រិទ្ធិសែនកំពង់ឆ្នាំង), លេខ៤ កីឡាករ ពៅ សុផាន (ក្រុមកង់កំពត) និងលេខ៥ កីឡាករ តៅ ផល្លី (ក្រុម Siem Reap Racing)។
គ. វិញ្ញាសាកង់ភ្នំនារី (Women Mountain Bike)៖ លេខ១ កីឡាការនី ខេន ម៉ាឡៃ, លេខ២ កីឡាការនី រ៉ុន ស្រីនីត, លេខ៣ កីឡាការនី យត់ កន្និការ, លេខ៤ កីឡាការនី អេង សុជាតា (ក្រុម ECT) និងលេខ៥ កីឡាការនី យន់ អូមិហ្កា (ក្រុម Siem Reap Racing)។
ឃ. វិញ្ញាសាកង់ភ្នំបុរសអាយុចាប់ពី ៤០ឆ្នាំឡើង (Man Master Mountain Bike)៖ លេខ១ កីឡាករ Vasco Ramsperger (ក្រុម Kampot Cycling), លេខ២ កីឡាករ គឹម សម្បត្តិ (ក្រុម Cycle Path Club), លេខ៣ កីឡាករ ឈួន យ៉េន (ក្រុមកង់ខេត្តកំពង់ឆ្នាំង), លេខ៤ កីឡាករ ទូច គន្ធន់ (ក្រុម Kampot Cycling) និងលេខ៥ កីឡាករ ធា សោភ័ណ្ឌ (ក្រុមកង់ខេត្តកំពង់ធំ)៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣