ឯកឧត្តម ប៉ាន សូរស័ក្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មទទួលជួបពិភាក្សាការងារជាមួយនឹង លោកបណ្ឌិត លី គន់ (LI KUN) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនឡានតុន ក្លៅ សឺវីស ថេកណូឡូជី ឯ.ក និងសហការី

ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ម៉ោង ០៨:០៩ នាទី យប់

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ត រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មបានអនុញ្ញាតឱ្យលោកបណ្ឌិត លី គន់ (LI KUN) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឡានតុន ក្លៅ សឺវីស ថេកណូឡូជី ឯ.ក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងគោលបំណងធ្វើនូវកិច្ចប្រតិបត្តិការជាយុទ្ធសាស្រ្ត ក្នុងការជម្រុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជា និងការជម្រុញការផ្សព្វផ្សាយផលិតផលកម្ពុជាចូលទៅក្នុងទីផ្សារប្រទេសចិន និងពិភពលោក។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកបណ្ឌិត លី គន់ (LI KUN) និងសហការីដែលបានស្នើសុំនូវការគាំទ្រនិងកិច្ចសហការពីក្រសួងពាណិជ្ជកម្ម ក្នុងការជម្រុញសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធី Lanton App របស់ខ្លួន ដែលក្នុងនោះរួមបញ្ចូលនូវការផ្សព្វផ្សាយអំពីផលិតផលកម្ពុជា ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ការងារពាក់ព័ន្ធនឹងការដឹកជញ្ជូននិងរក្សាទុកផលិតផល ការសម្របសម្រួលលើនីតិវិធីនៃការបង់ពន្ធគយ និងការងារពាក់ព័ន្ធមួយចំនួនទៀត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍រំលឹកផងដែរអំពីសក្តានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក្នុងការជម្រុញនូវសកម្មភាពសេដ្ឋកិច្ចតាមរយៈការនាំចេញផលិតផលពីប្រទេសកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិននិងពិភពលោក តួយ៉ាងដូចជាផ្លែមៀនប៉ៃលិន ចេក គ្រាប់ស្វាយចន្ធី និងអាហារកញ្ចាប់ផ្សេងទៀត ដែលផលិតចេញពីផលិតផលកសិកម្មកម្ពុជា ជាដើម និងបានជម្រាបជូនគណៈប្រតិភូក្រុមហ៊ុនអំពីសក្តានុពល នៃផលិតផលកសិកម្មរបស់  កម្ពុជានិងតម្រូវការនៃការវិនិយោគបន្ថែមលើការកែច្នៃដើម្បីនាំចេញទៅក្រៅប្រទេស។

លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំនិងប្រគល់ភារកិច្ចជូន ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដើម្បីដឹកនាំក្រុមការងាររៀបចំអនុស្សរណៈយោគយល់រវាងក្រសួងពាណិជ្ជកម្ម និង ក្រុមហ៊ុនឡានតុន ក្លៅ សឺវីស ថេកណូឡូជី ឯ.ក ដោយត្រូវដាក់បញ្ចូលនូវចំណុចសំខាន់ៗដូចជាការគាំទ្រដល់ក្រសួងពាណិជ្ជកម្មលើការធ្វើការផ្សព្វផ្សាយលើផលិតផលកម្ពុជា ការជម្រុញចលនាភូមិ១ផលិតផល១ ការជម្រុញទំនាក់ទំនងជាមួយនឹងអ្នកផលិតក្នុងស្រុកដើម្បីនាំចេញ ការបង្កើតឃ្លាំងស្តុកទំនិញ ការផ្សព្វផ្សាយនិងប្រើប្រាស់ផលិតផលក្នុងអាកាសចរ Lanmei Airlines  ការធ្វើកិច្ចសហការជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅបរទេស ការភ្ជាប់ទំនាក់ទំនងជាមួយនឹងApp ដ៏ទៃទៀតដែលមានស្រាប់ការកសាងគម្រោងកិច្ចសហប្រតិបត្តិការរយៈពេលវែងក្នុងក្របខណ្ឌភាពជាដៃគូរវាងវិស័យសាធារណៈនិងឯកជន(PPP) ដូចជាការជួយគាំទ្រក្នុងការទិញផលិតផលរបស់កសិករនិងសមាគមផលិត ការជម្រុញកិច្ចសហការលើបញ្ហាកិច្ចការពារអ្នកប្រើប្រាស់ ការសម្របសម្រួលលើការអនុវត្តគោលនយោបាយពន្ធដារនិងគយ ការបណ្តុះបណ្តាលធនធានមនុស្សរបស់ក្រសួងក្នុងការគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការបណ្តុះបណ្តាលសហគ្រាសដើម្បីឱ្យមានសមត្ថភាពចូលក្នុងប្រព័ន្ធផ្គត់ផ្គង់ទីផ្សារអន្តរជាតិនិងទីផ្សារប្រទេសចិន និងកិច្ចគាំទ្រដទៃទៀតរបស់ក្រុមហ៊ុនមកលើបេសកកម្មរបស់ក្រសួងពាណិជ្ជកម្មក្នុងការផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្មក្នុងការគាំទ្រដល់វិស័យ ឯកជនតាមរយៈការបង្កើតនូវច្បាប់ និងគោលនយោបាយចាំបាច់នានាដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចនៅក្នុងប្រទេសកម្ពុជា៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ