ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ម៉ោង ០៩:២៦ នាទី ព្រឹក
👁 2
(ទីស្តីការក្រសួងពាណិជ្ជកម្ម)៖ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចរចាបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិគ្រោះយោបល់ស្តីពីការពិនិត្យលើបញ្ជីផ្តល់ទីផ្សារ(Offer List) និងបញ្ជីសំណើ(Request List) នៅក្នុងជំពូកស្តីពីពាណិជ្ជកម្មសេវាកម្ម ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ មកពីអន្តរក្រសួងពាក់ព័ន្ធសំខាន់ៗដូចជា៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈ, ក្រសួងសុខាភិបាល, ក្រសួងទេសចរណ៍, ក្រសួងសាធារណការនិងដឹកជញ្ជូន, ធនាគារជាតិនៃកម្ពុជា, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងលេខាធិការដ្ឋានអាកាសចរស៊ីវិល សរុបប្រមាណ ៥០រូប។
ថ្លែងក្នុងកិច្ចប្រជុំ លោកជំទាវរដ្ឋលេខាធិការ បានជម្រាបអង្គប្រជុំអំពីវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងនេះ ដែលបានប្រព្រឹត្តទៅចំនួន0២ជុំរួចមកហើយដោយទទួលបាននូវលទ្ធផលល្អគួរឱ្យកត់សម្គាល់។
អង្គប្រជុំ ក៏បានពិភាក្សាលើលទ្ធភាពរបស់កម្ពុជាក្នុងការផ្តល់ឱ្យតាមការស្នើសុំរបស់ភាគីអេមីរ៉ាតអារ៉ាប់រួម និងការស្នើអ្វីបន្ថែមពីលើការផ្តល់ឱ្យរបស់ភាគីអេមីរ៉ាតអារ៉ាប់រួម ពាក់ព័ន្ធនឹងការបើកច្រកទីផ្សារ (Market Access) និងប្រព្រឹត្តកម្មជាតិ (National Treatment) ចំពោះវិស័យ/អនុវិស័យសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម វិនិយោគ កសិកម្ម សុខាភិបាល វិស្វកម្មសំណង់ស៊ីវិល ទេសចរណ៍ ការដឹកជញ្ជូន និងការស្រាវជ្រាវជាដើម។ ចំពោះការវិភាគសម្រាប់ការបើកច្រកទីផ្សារសេវា ត្រូវផ្អែកជាមូលដ្ឋានលើកត្តាមួយចំនួន រួមមាន៖ សមត្ថភាពឧស្សាហកម្មក្នុងស្រុក, សក្តានុពលនាពេលបច្ចុប្បន្ននិងអនាគត, តម្រូវការចំាបាច់, មិនមានផលប៉ះពាល់ដល់ឧស្សាហកម្មក្នុងស្រុក ឬប៉ះពាល់តិចតួចបំផុតបើប្រៀបធៀបនឹងការបើកវិសយ/អនុវិស័យដ៏ទៃ។ល។
បន្ថែមពីនេះ លោកជំទាវរដ្ឋលេខាធិការបានលើកឡើងថាការចរចាពាណិជ្ជកម្មសេវាកម្មមានសារៈសំខាន់ សម្រាប់ឧត្តមប្រយោជន៍សេដ្ឋកិច្ចជាតិ និងសំណូមពរឱ្យមានការចូលរួមពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធតាមវិស័យ ក្នុងកិច្ចពិគ្រោះយោបល់ នឹងផ្តល់ធាតុចូលក៍ដូចជាលើកឡើងនូវបញ្ហាប្រឈមសំខាន់ៗ ដើម្បីឱ្យក្រុមមន្ត្រីចរចាអន្តរក្រសួងយល់ច្បាស់ពីតម្រូវការ ធានាការទទួលបានអត្ថប្រយោជន៍ជាអតិបរមា និងការពង្រឹកសមត្ថភាពឧស្សាហកម្មក្នុងស្រុក សម្រាប់ពាណិជ្ជករ ធុរជន និងវិនិយោគិនកម្ពុជា។
ជាកិច្ចបញ្ចប់ លោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួម និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំនេះ ដែលបានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ តាមរយៈការផ្តល់ធាតុចូលដ៏មានតម្លៃ និងការផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុល ព្រមទាំងការធ្វើបទបង្ហាញយ៉ាងក្បោះក្បាយដោយមន្ត្រីជំនាញ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣