ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តមសាស្រ្តចារ្យ Vahit KİRİŞCİ រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ បានដឹកនាំកិច្ចប្រជុំលើកទី៣ គណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋតួកគី

ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ម៉ោង ០៨:៤០ នាទី យប់

👁 6

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត វ៉ាហ៊ីត គីរីស៊ី (Vahit KIRIŞCI) រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់នៃសាធារណរដ្ឋតួកគី បានចូលរួមជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួកគី ដែលបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃគឹតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ (Raffles Hotel Le Royal) រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីមន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញមកពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់ភាគីទាំងពីរ សរុបប្រមាណ ៨០ រូប។

ក្នុងអំឡុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួកគី ឯកឧត្តមរដ្ឋមន្រ្តីទាំងពីររូប ដែលជាសហប្រធានគណៈកម្មការ បានគូសបញ្ជាក់ពីឆន្ទៈនិងគោលជំហរដ៏មោះមុតក្នុងការបន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ តាមរយៈការអនុវត្តសកម្មភាពការងារដូចមានព្រមព្រៀងក្នុងកំណត់ហេតុរួមនៃកិច្ចប្រជុំលើកទី៣ ដែលគ្របដណ្តប់លើវិស័យនិងអនុវិស័យសំខាន់ៗដូចជា៖ ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, កសិកម្ម, ឧស្សាហកម្ម, ទេសចរណ៍, វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ទូរគមនាគមន៍, សុខាភិបាល, អាកាសចរស៊ីវិល, ការដឹកជញ្ជូន, សហគ្រាសធុនតូចនិងមធ្យម, ស្តង់ដារ និងមាត្រាសាស្រ្ត, ធនធានទឹក, និងហាឡាល។-ល-។ លើសពីនេះ ភាគីទាំងពីរបានពិនិត្យលទ្ធភាពជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរនាពេលខាងមុខ ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្មនិងវិនិយោគ ក៏ដូចជាជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ ព្រមទាំងបានឯកភាពជំរុញបន្ថែមលើការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នានានា ដែលបានចុះហត្ថលេខារួមគ្នាកន្លងមក ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្រ្តីទាំងពីរ ក៏បានជួបពិភាក្សាការងារទ្វេភាគី ដើម្បីពិនិត្យនិងពិភាក្សាលើលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល ជាពិសេសពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែប្រសើរបន្ថែមទៀត។ ក្នុងន័យនេះ ភាគីទាំងពីរបានបង្ហាញពីឆន្ទៈបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ១,០០០លានដុល្លារអាមេរិក តាមរយៈយន្តការនៃកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម (Preferential Trade Agreement-PTA) ដែលភាគីទាំងពីរនឹងពិភាក្សាលម្អិត នាពេលសមស្របខាងមុខ។ បន្ថែមពីនេះ ភាគីទាំងពីរបានឯកភាពជំរុញការធ្វើពាណិជ្ជកម្មនិងវិនិយោគលើផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម រួមមាន៖ អង្ករ កៅស៊ូ ដំឡូង ចេក ស្វាយ ម្នាស់ និងពោត។ ការណ៍នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព ជាពិសេសការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័សបន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា៖ គឹតត្រឹម១១ខែនៃឆ្នំា២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគីសម្រេចបានប្រមាណ ១៣៦ លានដុល្លាអាមេរិក ជាមួយនឹងអត្រាកំណើនប្រមាណ ៦៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅតួកគី រួមមាន៖ សំលៀកបំពាក់ កង់ ស្វាយ មៀន កៅស៊ូ ដំឡូងមី ពោត ម្រេច អង្ករ គីមីសរីរាង្គ និងថ្នាំជក់ ជាដើម។ រីឯទំនិញនាំចូលសក្តានុពលពីតួកគីមកកម្ពុជា រួមមាន៖ វាយនភ័ណ្ឌនិង សម្លៀកបំពាក់ គ្រឿងម៉ាស៊ីននិងបរិធានអគ្គិសនី យានយន្តនិងគ្រឿងបន្លាស់ និងវត្ថុផ្សេងៗធ្វើពីស្ពាន់ ជាដើម។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ