សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងនៅព្រឹកនេះ

ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ម៉ោង ១១:៤៦ នាទី ថ្ងៃត្រង់

👁 6

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នេះ នៅទីស្ដីការគណៈរដ្ឋមន្ត្រី សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង ក្នុងកិច្ចប្រជុំពេញអង្គ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងគោលនយោបាយនេះ ត្រូវបានផ្តួចផ្តើមនិងរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ដោយបានសហការជាមួយក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ តាំងពីឆ្នាំ២០១៩ ដោយបានឆ្លងកាត់ចំកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនពាក់ព័ន្ធជាច្រើនលើកច្រើនសារ។

យើងដឹងហើយថា ដំណាំស្វាយចន្ទី ជាដំណាំកសិឧស្សាហកម្ម និងជាដំណាំអាទិភាពមួយក្នុងចំណោមដំណាំអាទិភាពទាំង១២មុខ ដែលរាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើការបង្កើនផលិតភាព ព្រមទាំងការប្រកួតប្រជែងតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងសកម្មភាពដែលមានតម្លៃខ្ពស់ ហើយបច្ចុប្បន្នផលិតផលស្វាយចន្ទីភាគច្រើនបាននាំចេញជាផលិតផលមិនទាន់បានកែច្នៃ ដែលនាំឱ្យកម្ពុជាទទួលបានតម្លៃបន្ថែមទាប។

ហេតុនេះ ដើម្បីបន្តជំរុញដល់កំណើនកសិ-ពាណិជ្ជកម្ម ប្រកបដោយការប្រកួតប្រជែង ផលិតផលមានគុណភាព និងសុវត្ថិភាព ការដាក់ចេញនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទី គឺជាការចាំបាច់ ស្របទៅនឹងគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្ត្រផ្សេងៗទៀត សំដៅធានាឱ្យបាននូវឧត្តមភាពប្រកួតប្រជែងលើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។

ជាការពិតណាស់ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ត្រូវបានរៀបចំឡើងតាមរយៈការចុះសិក្សាស្រាវជ្រាវទីតាំងដាំដុះ កែច្នៃ អ្នកនាំចេញ និងសិក្ខាសាលាពិគ្រោះយោបល់ ព្រមទាំងការផ្តល់ធាតុចូលពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនពាក់ព័ន្ធ លើគ្រប់សកម្មភាពក្នុងខ្សែច្រវាក់តម្លៃ និងបានរំលេចអំពីភារកិច្ច ជាមួយនឹងការទទួលខុសត្រូវរបស់តួអង្គពាក់ព័ន្ធទាំងអស់ សំដៅធ្វើយ៉ាងណាឱ្យការអនុវត្តចំគោលដៅ និងប្រកបដោយប្រសិទ្ធភាព។

លើសពីនេះ គោលនយោបាយនេះ មានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងមានគោលបំណងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលសា្វយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុកតំបន់ និងពិភពលោក ផងដែរ។

បន្ថែមពីនេះ គោលនយោបាយជាតិស្តីពីស្វាយចន្ទី នឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទី លើកកម្ពស់ការប្រកួតប្រជែងទាំងទិន្នផល និងគុណភាព ការធ្វើពិពិធកម្ម ការកែច្នៃ ការនាំចេញ និងការបង្កើនតម្លៃបន្ថែមដល់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃ សំដៅជួយគាំទ្រដល់តួអង្គដែលមានស្រាប់ និងទាក់ទាញវិនិយោគបន្ថែម រកទីផ្សារចាស់ និងស្វែងរកទីផ្សារថ្មីប្រកបដោយចីរភាព ដែលនឹងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយភាពក្រីក្រ ចំណាកស្រុក និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិទៀតផង។

ដើម្បីសម្រេចបានចក្ខុវិស័យ និងគោលបំណងខាងលើ គោលនយោបាយជាតិស្តីពីស្វាយចន្ទី បានដាក់ចេញនូវគោលដៅចម្បងចំនួន ៣ ដូចខាងក្រោម៖

១៖ លើកកម្ពស់ទិន្នផលនៃការផលិត និងផលិតកម្ម ប្រកបដោយគុណភាពប្រកួតប្រជែង

២៖ ជំរុញការធ្វើឧស្សាហូបនីយកម្ម ដើម្បីបង្កើនតម្លៃបន្ថែមលើការប្រមូលផល និងការកែច្នៃអនុផលស្វាយចន្ទីឱ្យសម្រេចបាន ២៥% នៅឆ្នាំ២០២៧ និងយ៉ាងតិច ៥០% នៅឆ្នាំ២០៣២

៣៖ ជំរុញការនាំចេញ តាមរយៈការធ្វើពិពិធកម្មទីផ្សារ ការផ្សារភ្ជាប់អន្តរវិស័យក្នុងការនាំចេញ កិច្ចសម្រួលពាណិជ្ជកម្ម ការកាត់បន្ថយថ្លៃដើម និងការលើកកម្ពស់ឧត្តមភាពលើទីផ្សារ។

ជាមួយគ្នានេះ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ គោលបំណង គោលដៅ និងយុទ្ធសាស្ត្រនៃគោលនយោបាយទាំងនេះ ផែនការសកម្មភាពត្រូវអនុវត្ត រួមមាន៖ (១) ការបង្កើតយន្តការ (២) ការបង្កើតក្របខ័ណ្ឌគតិយុត្ត (៣) ការគាំទ្រហិរញ្ញវត្ថុ (៤)ការអភិវឌ្ឍធនធានមនុស្ស (៥)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង(៦) ដំណើរការអនុវត្តគម្រោងដោយបានកំណត់ផែនការសកម្មភាពធំៗចំនួនបីដំណាក់កាលរួមមាន(១)ផលិតកម្មដំណាំស្វាយចន្ទី មានចំនួន ១៦សកម្មភាព( ២)ការកែច្នៃផលិតផលស្វាយចន្ទី មានចំនួន ១២សកម្មភាព និង (៣)ទីផ្សារ និងការនាំចេញស្វាយចន្ទី មានចំនួន ១៦សកម្មភាព សម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធយកទៅអនុវត្ត៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ