ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយឯកឧត្តម José Ramos-Horta ប្រធានាធិបតីនៃប្រទេសទីម័រឡេស្ដេ ក្នុងអំឡុងពេលប្រជុំប្រចាំឆ្នាំ២០២៣ របស់វេទិកាសេដ្ឋកិច្ចពិភពលោក

ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ម៉ោង ០៥:៥៨ នាទី ល្ងាច

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ក្រុងដាវ៉ូស-ក្លូស្ទ័រ, ប្រទេសស្វីស)៖ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ក្នុងអំឡុងពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារមួយចំនួនជាមួយឯកឧត្តម José Ramos-Horta ប្រធានាធិបតីនៃប្រទេសទីម័រឡេស្ដេ។  

ក្នុងជំនួបទ្វេភាគីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការអបអរសាទរចំពោះការប្រកាសជាផ្លូវការចំពោះការចូលជាសមាជិករបស់ប្រទេសទីម័រឡេស្ដេក្នុងអាស៊ាន ដែលបានធ្វើឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅក្រោមការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។ ជាមួយនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការតាំងចិត្តខ្ពស់របស់កម្ពុជានៅក្នុងដំណើរការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់ទីម័រឡេស្ដេផងដែរ ជាពិសេសការគាំទ្ររបស់កម្ពុជាក្នុងដំណើរការចរចានានា ដើម្បីទីម័រឡេស្ដេអាចចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកបានក្នុងឆ្នាំ២០២៣ តាមបំណងរបស់រដ្ឋាភិបាលទីម័រឡេស្ដេ។

បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងវិញអំពីយោបល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានលើកទឹកចិត្តឲ្យវិស័យឯកជនរបស់ទីម័រឡេស្ដេ ធ្វើការវិនិយោគនៅកម្ពុជាជាពិសេសក្នុងវិស័យស្រូវអង្ករ ក្នុងអំឡុងពេលដែលថ្នាក់ដឹកនាំកំពូលទាំងពីរជួបពិភាក្សាទ្វេភាគីក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីទីម័រឡេស្ដេនៅកម្ពុជាក្នុងឆ្នាំ២០២២។

ឯកឧត្តមប្រធានាធិបតីទីម័រឡេស្ដេក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាចំពោះទីម័រឡេស្ដេ ហើយនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ទីម័រឡេស្ដេឲ្យរឹតតែជិតស្និតបន្ថែមទៀតក្នុងគ្រប់វេទិកាទាំងអស់៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ