ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាក្រោមអធិបតីក្នុងកិច្ចប្រជុំប្រចាំឆ្នាំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងទិសដៅការងារ ឆ្នាំ២០២៣ របស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម

ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ម៉ោង ០៨:២៨ នាទី យប់

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកនាយកដ្ឋានកម្មសិទ្ធិបញ្ញា តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា​ ​បានអញ្ជើញជាក្រោមអធិបតីក្នុងកិច្ចប្រជុំប្រចាំឆ្នាំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងទិសដៅការងារ ឆ្នាំ២០២៣ របស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្តមទីប្រឹក្សា តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិង​នវានុវត្តន៍ តំណាងក្រសួងវប្បធម៌និងវិចិត្រសិល្ប: ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ព្រមទាំងមន្រ្តីជំនាញនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញាជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម​ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងតាងនាមឱ្យមន្ត្រីរាជការទាំងអស់នៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តមគណធិបតី និងសមាជិកសមាជិកានៃអង្គប្រជុំទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ ព្រមទាំងបានសម្តែងនូវសេចក្តីថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលជានិច្ចជាកាលតែងតែផ្តល់នូវអនុសាសន៍តម្រង់ទិសប្រកបដោយចក្ខុវិស័យដល់នាយកដ្ឋានកម្មសិទ្ធិបញ្ញា និងផ្តល់នូវការគាំទ្រយ៉ាង​ពេញទំហឹងគ្រប់សកម្មភាព និងគំនិតផ្តួចផ្តើមនានា ដែលធ្វើឱ្យដំណើរប្រព្រឹត្តទៅរបស់នាយកដ្ឋានទទួលបានលទ្ធផលគួរជាទីមោទកភាព។

ឯកឧត្តមប្រធានលេខាធិការដ្ឋាន បន្តថា ការទទួលបាននូវការយកចិត្តទុកដាក់ និងសេចក្តីទុកចិត្តពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាកត្តារួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញលើកទឹកចិត្ត និងបំផុសស្មារតីមន្ត្រីរាជការក្រោមឱវាទក្នុងនាយកដ្ឋានកម្មសិទ្ធិបញ្ញាឱ្យខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីបុរេសកម្ម ហើយឈានទៅសម្រេចបាននូវសមិទ្ធផលជាច្រើន ជូនរាជរដ្ឋាភិបាល ក្រសួងពាណិជ្ជកម្ម និងជនរួមជាតិទាំងមូល។ ទន្ទឹមនឹងការគាំទ្រពីថ្នាក់ដឹកនាំ ឯកឧត្តមផ្ទាល់មើលឃើញថា កិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការគ្នាប្រកដោយសាមគ្គីភាពគ្រប់ការិយាល័យទាំងអស់ក្នុង នាយកដ្ឋានពិតជាបានជំនះនូវរាល់ឧបសគ្គ និងនាំមកនូវវឌ្ឍនភាពការងារឆ្ពោះទៅសម្រេចបានទិសដៅអាទិភាពរបស់នាយកដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ផ្ដល់នូវអនុសាសន៍មួយចំនួន ដើម្បីពង្រឹងស្មារតីឱ្យការអនុវត្តទិសដៅការងាររបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញាកាន់តែមានប្រសិទ្ធភាព រួមមាន៖

- ត្រូវបន្តអនុវត្តការងារដោយប្រកាន់ខ្ជាប់នូវ អភិក្រមទាំង ៥ របស់ប្រមុខរាជរដ្ឋាភិបាល   គឺ ឆ្លុះកញ្ចក់ ងូតទឹកដុសក្អែល ព្យាបាល និងវះកាត់ សំដៅពង្រឹងក្រមសីលធម៌ស្អាតស្អំ និងជំនាញវិជ្ជាជីវៈរបស់មន្រ្តីរាជការក្នុងការបំពេញការងារ និងតួនាទីប្រកបដោយវិជ្ជាជីវៈ និងមានប្រសិទ្ធភាពខ្ពស់

- ត្រូវបង្កើនល្បឿនកែទម្រង់ឱ្យបានស៊ីជម្រៅ និងធានាអភិបាលកិច្ចល្អ តាមរយៈការពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក ក្នុងការផ្តល់សេវាសាធារណៈឱ្យមានតម្លាភាព និងគណនេយ្យភាព

- ខិតខំទាញប្រយោជន៍ជាអតិបរមាពីអនុស្សារណៈនៃការយោគយល់គ្នាដែលនាយកដ្ឋានកម្មសិទ្ធិបញ្ញាបានចុះកិច្ចព្រមព្រៀងរួចរាល់ ទន្ទឹមនឹងនេះ ត្រូវបន្តថែរក្សាកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និតជាមួយដៃគូចាស់ និងបង្កើនដៃគូសហការថ្មីបន្ថែមទៀត

- ដោយរាជរដ្ឋាភិបាលកម្ពុជាកំពុងបង្កើនការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទេ្វភាគី ឯកឧត្តម សូមលើកទឹកចិត្តឱ្យមានការសិក្សាតាមដានពីការអនុវត្តផ្នែកកម្មសិទ្ធិបញ្ញា ដើម្បីផ្តល់មតិយោបល់ជូនថ្នាក់ដឹកនាំ និងជាមូលដ្ឋានក្នុងការចរចាកិច្ចព្រមព្រៀងដទៃទៀតពាក់ព័ន្ធផ្នែកកម្មសិទ្ធិបញ្ញា

- ស្របតាមអនុសាសន៍របស់ ឯកឧត្តមរដ្ឋមន្ត្រី នាយកដ្ឋានកម្មសិទ្ធិបញ្ញា ត្រូវពិនិត្យលទ្ធភាពរៀបចំកម្មវិធីសិក្សា និងរៀបចំវគ្គបណ្តុះបណ្តាល    ជូនមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ដើម្បីលើកកម្ពស់ចំណេះដឹងរបស់មន្ត្រី ក្នុងការផ្សព្វផ្សាយពីសារៈសំខាន់នៃការប្រើប្រាស់កម្មសិទ្ធិបញ្ញាក្នុងការអភិវឌ្ឍអាជីវកម្ម ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ សង្ឃឹមយ៉ាងមុតមាំ និងជឿជាក់ថា ឯកឧត្តមប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងមន្រ្តីរាជការទាំងអស់ នឹងខិតខំអនុវត្តប្រកបដោយជោគជ័យនូវទិសដៅការងារឆ្នាំ២០២៣ ហើយសម្រេចបាននូវសមិទ្ធផលតាមការរំពឹងទុក។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងនូវអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលផ្តល់ការទុកចិត្តឱ្យដល់ ឯកឧត្តម ទទួលបន្ទុកការងារកម្មសិទ្ធិបញ្ញា និងថ្លែងអំណរគុណ ឯកឧត្តមលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្តមទីប្រឹក្សា តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ និងតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និង ប្រធានសមាគមកម្មសិទ្ធិបញ្ញា ព្រមទាំងមន្រ្តីរាជការគ្រប់លំដាក់ថ្នាក់ដែលបានរួមចំណែកក្នុងការជំរុញ និងផ្តល់ការគាំទ្រដល់នាយកដ្ឋានកម្មសិទ្ធិបញ្ញាឱ្យមានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័ស។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងដល់ ឯកឧត្តម សួន វិជ្ជា ព្រមទាំងមន្រ្តីរាជការ ក្នុងការអនុវត្តទិសដៅការងារកម្មសិទ្ធិឆ្នាំ២០២៣ និងការអនុវត្តនូវកម្មវិធីនយោបាយនានា ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់   រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ