ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ម៉ោង ០៨:១៧ នាទី យប់
👁 6
(ក្រុងដាវ៉ូស-ក្លូស្ទ័រ, ប្រទេសស្វីស)៖ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្នុងអំឡុងពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Helene Budliger Artieda រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានសម្រាប់កិច្ចការសេដ្ឋកិច្ច នៃសហព័ន្ធស្វីស ដើម្បីពិភាក្សាការងារស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
ក្នុងជំនួបទ្វេភាគីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៣ ដែលនាំឱ្យមានទំនាក់ទំនងល្អរហូតមកដល់បច្ចុប្បន្ន។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទំាងពីរគឺមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយនៅក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងប្រទេសស្វីស មានចំនួនសរុបប្រមាណ ៣៧៩ លានដុល្លាអាមេរិក រីឯនៅក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មសរុប មានចំនួនសរុបប្រមាណជាង ៩៧៤ លានដុល្លាអាម៉េរិក។ ទាក់ទងនឹងការងារនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានពិភាក្សាជាមួយលោកជំទាវ Helene Budliger Artieda លើការពិនិត្យលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីសចំពោះជំនួយ និងកម្មវិធីអភិវឌ្ឍនានាក្នុងវិស័យជាច្រើន ដូចជាអភិបាលកិច្ចល្អ និងការចូលរួមរបស់ប្រជាពលរដ្ឋចំពោះវិស័យកសិកម្ម និងសន្តិសុខស្បៀង រហូតដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការងារ។
ជាការឆ្លើយតប លោកជំទាវ Helene Budliger Artieda បានបង្ហាញការស្វាគមន៍លើគំនិតផ្តួចផ្តើមនេះ និងបានបញ្ជក់ថា រដ្ឋាភិបាលស្វីសបាននិងកំពុងគាំទ្រកម្ពុជាក្នុងដំណើរការអន្តរកាល និងកិច្ចខិតខំប្រឹងប្រែងនានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាផងដែរ។ លោកជំទាវបានកោតសរសើរពីការជោគជ័យរបស់កម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងបានអបអរសាទរចំពោះកម្ពុជា ដែលបានធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ ព្រមទាំងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានប្រកបដោយជោគជ័យ។
ជាចុងក្រោយ ភាគីទាំងពីរ បានប្តេជ្ញាចិត្តបង្កើនទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ឱ្យកាន់តែរឹងមាំ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពបន្ថែមទៀត ព្រមទាំងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិផងដែរ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣