កម្ពុជាផ្ទេរតំណែងជាប្រធាននៃក្រុមការងារស្ដីពីផែនការកម្មវិធី និងការត្រួតពិនិត្យកម្មវិធី នៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងអភិវឌ្ឍ ជូនទៅប្រទេសឥណ្ឌា

ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ម៉ោង ០៨:៥៤ នាទី យប់

👁 5

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ទីក្រុងហ្សឺណែវ ប្រទេសស្វីស)៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ កម្ពុជាតំណាងដោយអគ្គរាជទូត ឡុង កែមវិចិត្រ តំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានផ្ទេរតំណែងជាប្រធាននៃក្រុមការងារស្ដីពីផែនការកម្មវិធី និងការត្រួតពិនិត្យកម្មវិធី នៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងអភិវឌ្ឍ (UNCTAD) ជូនទៅ ប្រទេសឥណ្ឌា ដែលទទួលបន្ទុកដឹកនាំបន្តកិច្ចប្រជុំលើកទី៨៥ នៃក្រុងការងារ។

ជាថ្មីម្ដងទៀត តំណាងកម្ពុជាបានថ្លែងអំណរគុណចំពោះសមាជិកអង្គការ UNCTAD ទាំងអស់ដែលបានគាំទ្រ និងជ្រោមជ្រែងកម្ពុជាក្នុងនាមជាប្រធានក្រុមការងារកន្លងមក ដែលនាំឲ្យកិច្ចប្រជុំសម្រេចបានជាផ្លែផ្កា។ បន្ថែមពីនោះទៀត តំណាងរបស់កម្ពុជាក៏បានលើកឡើងផងដែរថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធាននៃកិច្ចប្រជុំកន្លងមក ក៏ដូចជាការចូលរួមចំណែកក្នុងកិច្ចពិភាក្សាផ្សេងៗ គឺជាការចូលរួមនិងតាំងចិត្តខ្ពស់របស់កម្ពុជាក្នុងការរួមចំណែកដល់ការកសាងពហុភាគីនិយមដែលនាពេលបច្ចុប្បន្នកំពុងតែរង្គោះរង្គើបង្ករឡើងដោយបញ្ហាភូមិសាស្ត្រនយោបាយ និងបញ្ហាផ្សេងទៀត។

ជាមួយនោះដែរ អគ្គរាជទូតកម្ពុជាក៏បានថ្លែងសេចក្ដីថ្លែងការណ៍របស់កម្ពុជា ដែលក្នុងនោះបានកត់សម្គាល់ភាពប្រសើរឡើងនៃដំណើរការរៀបចំផែនការកម្មវិធីឆ្នាំ២០២៤ របស់អង្គការ UNCTAD ជាពិសេសការចូលរួមរបស់ប្រទេសជាសមាជិកក្នុងដំណើរការនេះរួមមានដូចជា ការផ្ដល់ធាតុចូលបន្ថែម និងការជ្រើសរើសការងារអាទិភាពដែលអង្គការ UNCTAD នឹងយកទៅអនុវត្តនៅឆ្នាំបន្តបន្ទាប់ ដើម្បីឲ្យស្របទៅនឹងតម្រូវការរបស់ប្រទេសជាសមាជិក។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ