ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ម៉ោង ០៥:២៩ នាទី ល្ងាច
👁 3
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមអមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគបារាំង ដែលដឹកនាំដោយ ឯកឧត្តម អូលីវេ្យ បិច (Olivier Becht) រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិបារាំងនៅបរទេស។ កិច្ចជំនួបនេះ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប។
ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្វាគមន៍ និងជម្រាបជូនប្រតិភូវិនិយោគរបស់បារាំងថា កម្ពុជាអនុញ្ញាតឱ្យអ្នកវិនិយោគបរទេសអាចវិនិយោគ ១០០% សម្រាប់ផ្លូវដែកល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់ក្រុងហូជីមិញ ហើយផ្លូវដែកពីរខ្សែទៀតគឺត្រូវពង្រីក ដោយលើកទឹកចិត្តឱ្យមានការវិនិយោគពីវិស័យឯកជនតាមទម្រង់ BOT។
សម្តេចតេជោនាយករដ្ឋមន្ត្រី បន្តថា កម្ពុជាកំពុងប្រើប្រាស់ថាមពលស្អាតប្រមាណ ៦២% ហើយកំពុងទាក់ទាញកាវិនិយោគមកបន្ថែមទៀត ប៉ុន្តែមិនអនុញ្ញាតឱ្យបង្កើតរោងចក្រអគ្គិសនីប្រើប្រាស់ធ្យូងថ្មថ្មី ឬធ្វើទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គឡើយ។ សម្តេចតេជោ បានលើកឡើងទៀតថា កម្ពុជាកំពុងតែលើកទឹកចិត្តឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដែលនេះជាឱកាសមួយសម្រាប់ការវិនិយោគនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក៏បានជម្រាបប្រតិភូលើវិស័យវិនិយោគ អំពីវិស័យអាទិភាពមួយចំនួនទៀតរបស់កម្ពុជា ដែលរួមមាន ការជំរុញវិស័យឧស្សាហកម្ម ជំរុញការវិនិយោគលើឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ ជំរុញឱ្យមានការវិនិយោគលើឧស្សាហកម្មកែច្នៃ ដោយកម្ពុជាមានវត្ថុធាតុដើម ដូចជាស្វាយចន្ទី កៅស៊ូ ដំឡូង ស្រូវ។ល។ សម្រាប់កែច្នៃ មិនត្រឹមតែសម្រាប់ទីផ្សារកម្ពុជាប៉ុណ្ណោះទេ តែអាចនាំទៅកាន់ទីផ្សារប្រទេសដទៃទៀត ដែលជាដៃគូរបស់កម្ពុជា។
ថ្លែងក្នុងជំនួបនោះ ឯកឧត្តម អូលីវេ្យ បិច បានគោរពជម្រាបជូនសម្តេចតេជោថា គណៈប្រតិភូវិនិយោគរបស់បារាំងមានជំនឿចិត្តលើការវិនិយោគនៅកម្ពុជា ដោយឈរលើមូលហេតុថា កម្ពុជាបានចាប់ផ្តើមពីចំណុចសូន្យ ហើយបានបំបែកឯកទគ្គកម្មលើកំណើនសេដ្ឋកិច្ចប្រមាណ ៧% រយៈពេល ២០ឆ្នាំ ជាពិសេសកម្ពុជាបានបន្តធ្វើកំណែទម្រង់ជាច្រើន ដែលបានបង្កបរិយាកាសល្អសម្រាប់ការវិនិយោគ លើសពីនេះកម្ពុជា កំពុងមានប្រជាពលរដ្ឋដែលមានចំណូលកម្រិតមធ្យមច្រើន ផងដែរ។ ឯកឧត្តម បញ្ជាក់ថាមូលហេតុទាំងនេះហើយ ដែលនាំឱ្យអ្នកវិនិយោគបារាំង សម្រេចចិត្តមកធ្វើការជាមួយកម្ពុជា និងស្វែងរកការវិនិយោគលើវិស័យរថភ្លើងល្បឿនលឿន ដឹកជញ្ជូនតាមផ្លូវទឹក គោក និងអាកាស សំណង់ ថាមពល និងវិស័យដទៃទៀត។
គូសបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចនេះបានបង្ហាញពីការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងៗរបស់ប្រទេសបារាំង នៅតំបន់អាស៊ាន ដែលឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈការចូលរួមរបស់ លោកប្រធានាធិបតីបារាំង ក្នុងកិច្ចប្រជុំកំពូលប្រទេស G20 កាលពីចុងឆ្នាំ២០២២នៅកោះបាលី និងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងបាងកក, លើសពីនេះ អាស៊ីអាគ្នេយ៍ គឺជាតំបន់សំខាន់មួយនៃយុទ្ធសាស្រ្តបារាំងនៅឥណ្ឌូប៉ាស៊ីហ្វិក ដោយសារតំបន់នេះគឺជាទីតាំងរស់រវើកជាងគេបំផុតក្នុងពិភពលោកបើនិយាយពីទិដ្ឋភាពសេដ្ឋកិច្ច ដោយមានអត្រាកំណើនខ្ពស់ ហើយអាស៊ានគឺជាដៃគូពាណិជ្ជកម្មលំដាប់ទី៣ របស់សហភាពអឺរ៉ុប៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣