លោកជំទាវ តឹករ៉េត កំរង ស្វាគមន៍គម្រោងវិនិយោគពីប្រទេសថៃ លើការព្យាបាលបង្កើតកោសិការថ្មី និងពន្យាភាពចាស់នៅកម្ពុជា

ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង ១២:៤៥ នាទី យប់

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

លោកជំទាវ តឹករ៉េត កំរង ស្វាគមន៍គម្រោងវិនិយោគពីប្រទេសថៃ លើការព្យាបាលបង្កើតកោសិការថ្មី និងពន្យាភាពចាស់នៅកម្ពុជា

...

(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង តំណាងឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានប្រកាសស្វាគមន៍គម្រោងវិនិយោគការពង្រីកសេវាកម្មព្យាបាលបង្កើតកោសិកាថ្មីឡើងវិញ និងពន្យាភាពចាស់ របស់គ្លីនិកពហុព្យាបាលប្រទេសថៃ Absolute Health នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាការសម្របសម្រួលរបស់ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏។

ការប្រកាសរបស់លោកជំទាវរដ្ឋលេខាធិការ បានធ្វើឡើងនាឱកាសអញ្ជើញជាគណៈអធិបតីភាពជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងសិក្ខាសាលាស្តីពីការព្យាបាលបង្កើតកោសិកាថ្មីឡើងវិញ និងពន្យាភាពចាស់ ដែលរៀបចំឡើងដោយក្រុមហ៊ុន Absolute Health Group និងក្រុមហ៊ុន Blue Media Cambodia កាលពីព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ក្រោមការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ប្រមាណជាង ១០០នាក់។

នៅក្នុងសុន្ទរកថាបើកកម្មវិធី លោកជំទាវ តឹករ៉េត កំរង បានថ្លែងអំណរគុណក្រុមហ៊ុន Absolute Health Group ដែលបានជ្រើសរើសប្រទេសកម្ពុជា ធ្វើជាគោលដៅវិនិយោគ និងបានបង្ហាញយ៉ាងជំនឿមុតមាំ សិក្ខាសាលាថ្ងៃនេះ មិនត្រឹមតែឆ្លុះបង្ហាញពីកាលានុវត្តភាពនៃកិច្ចសហការធុរកិច្ចប៉ុណ្ណោះទេ ប៉ុន្តែនឹងនាំមកនូវវឌ្ឍនភាពសម្រាប់វិស័យសុខាភិបាល បច្ចេកវិទ្យា ទេសចរណ៍ និងពាណិជ្ជកម្មនៃប្រទេសទាំងពីរផងដែរ។

លោកជំទាវរដ្ឋលេខាធិការបានគូសបញ្ជាក់ថា «កិច្ចសហការវិនិយោគជាមួយដៃគូក្នុងស្រុក គឺជាការជួយបំពេញឱ្យគ្នាទៅវិញទៅមក នូវចំណែកទីផ្សារ បច្ចេកវិទ្យាទំនើប និងបទពិសោធន៍ល្អៗ ដើម្បីគាំទ្រការធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ចក្នុងតំបន់ ហើយនេះជាអ្វីដែលប្រទេសជិតខាងគួរតែធ្វើរួមគ្នា»។

លោកជំទាវ តឹករ៉េត កំរង ក៏បានជូនពរដល់ក្រុមហ៊ុន Absolute Health Group ទទួលបានជោគជ័យលើគម្រោងវិនិយោគរបស់ខ្លួន ជាពិសេសការទាក់ទាញអតិថិជនដែលស្រលាញ់សុខភាព និងសម្រស់ស្រស់ស្អាត ព្រមទាំងការស្វែងរកដៃគូសហការនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើប្រតិបត្តិការធុរកិច្ច សំដៅចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៏។

សូមជម្រាបថា សិក្ខាសាលាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយអំពីរំបកគំហើញផ្នែកវេជ្ជសាស្ត្រ (ការព្យាបាលបង្កើតកោសិកាថ្មី និងពន្យាភាពចាស់) អត្ថប្រយោជន៍នៃការថែរក្សាសុខភាព និងសម្ផស្ស ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការកែប្រែទម្លាប់នៃការរស់នៅឱ្យបានត្រឹមត្រូវ តាមរយៈការធ្វើបទបង្ហាញ និងការប្រឹក្សាយោបល់ពីសំណាក់វេជ្ជបណ្ឌិតជំនាញមកពីប្រទេសថៃឡង់ដ៏ ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលត្រឹមត្រូវ និងទទួលបានសញ្ញាបត្របញ្ជាក់គុណភាពពីស្ថាប័នអន្តរជាតិ។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ