ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ម៉ោង ០៨:២៨ នាទី យប់
👁 1
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម តំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចពិគ្រោះយោបល់ជាមួយវិស័យរដ្ឋ និងឯកជន ដើម្បីពិនិត្យ និងពិភាក្សាលើបញ្ជីផ្តល់ឱ្យ(Offer List) និងបញ្ជីសំណើ (Request List) ក្នុងវិស័យពាណិជ្ជកម្មសេវា ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម។
កិច្ចពិគ្រោះយោបល់នេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញមកពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមាន៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងសុខាភិបាល, ក្រសួងទេសចរណ៍, ក្រសួងបរិស្ថាន, ធនាគារជាតិនៃកម្ពុជា, អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លេខាធិការដ្ឋានអាកាសចរស៊ីវិល ក៏ដូចជាបណ្តាក្រុមហ៊ុនផ្ដល់សេវាកម្មក្នុងស្រុកពាក់ព័ន្ធប្រមាណ ០៨ ក្រុមហ៊ុន ដែលជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា សមាគមសហគ្រិនវ័យក្មេង និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា សរុបប្រមាណ ៨០រូប។
ក្នុងឱកាសនោះ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធបានចូលរួមផ្ដល់ជាយោបល់ ពិនិត្យ និងពិភាក្សាគ្រប់ជ្រុងជ្រោយរាល់បញ្ជីផ្តល់ឱ្យ និងបញ្ជីសំណើក្នុងវិស័យពាណិជ្ជកម្មសេវា ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement) ដើម្បីត្រៀមចូលរួម ចរចាជុំទី៣ ដែលគ្រោងប្រព្រឹត្តទៅក្នុងខែកុម្ភៈ នៅទីក្រុងឌុយបៃ អេមីរ៉ាតអារ៉ាប់រួម។
ទន្ទឹមនោះ កិច្ចពិគ្រោះយោបល់ក៏បានផ្តល់នូវវេទិកាជូនវិស័យឯកជន ដែលមានតំណាងពីបណ្តាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មសំខាន់ៗ ដើម្បីចូលរួមពិនិត្យ បំពេញបន្ថែមនិងលើកនូវសំណូមពរនានាយ៉ាងផុសផុល ដើម្បីបម្រើផលប្រយោជន៍ជូនវិស័យឯកជនក្នុងស្រុកទាំងមូល។តាមរយៈកិច្ចពិគ្រោះយោបល់នេះ ដោយឆ្លងកាត់ការពិនិត្យយ៉ាងល្អិតល្អន់លើមតិយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ កម្ពុជានឹងមានលទ្ធភាពកំណត់ជំហររួមត្រៀមការចរចាជុំទី៣ នាពេលខាងមុខ ដើម្បីទាញយកអត្ថប្រយោជន៍សេដ្ឋកិច្ចជាអតិបរមាជូនធុរជន និងវិនិយោគិនក្នុងស្រុក ក៏ដូចជាទាក់ទាញលំហូរវិនិយោគកាន់តែច្រើនមកកម្ពុជា ក្នុងបុព្វហេតុកំណើនសេដ្ឋកិច្ចជាតិ។
សូមបញ្ជាក់ថា ការចរចាលើបញ្ជីផ្តល់ឱ្យ និងបញ្ជីសំណើរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម គ្របដណ្តប់លើវិស័យ និងអនុវិស័យសំខាន់ៗ រួមមាន៖ សេវាដឹកជញ្ជូន, អប់រំ, ទេសចរណ៍, ធុរកិច្ច, ទំនាក់ទំនង, ការចែកចាយ, សុខាភិបាល, វិស្វកម្មនិងសំណង់, ការជួល, បច្ចេកវិទ្យា, ទូរគមនាគមន៍, បរិស្ថាន, ហិរញ្ញវត្ថុ, សណ្ឋាគារ។-ល-៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣