ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ម៉ោង ០៦:៣៧ នាទី ល្ងាច
👁 11
(ទីក្រុងសេអ៊ូល,ប្រទេសកូរ៉េ) ៖ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកនៃវេទិកាធុរកិច្ចនិងវិនិយោគកម្ពុជា-កូរ៉េ ដែលបានប្រារព្ធធ្វើទ្បើងនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម AHN Dukgeun រដ្ឋមន្រ្តីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម សេដ្ឋកិច្ច និងឧស្សាហកម្មកូរ៉េ, ឯកឧត្តម KANG Jae Kwon អនុរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនៃក្រសួងការបរទេសកូរ៉េ និងលោកជំទាវឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងមានការចូលរួមពីវិស័យឯកជន ក្រុមហ៊ុនធុរកិច្ច និងវិនិយោគសំខាន់ៗនៃប្រទេសទាំងពីរប្រមាណ ១៥០ ក្រុមហ៊ុន ផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីពាណិជ្ជកម្ម បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមហ៊ុនធុរកិច្ច និងវិនិយោគិនទាំងអស់ ដែលបានចំណាយពេលវេលា និងផ្តល់កិត្តិយសចូលរួមក្នុងវេទិកាធុរកិច្ចនិងវិនិយោគដ៏មានសារៈសំខាន់នេះ និងបានកោតសរសើរចំពោះស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្នុងការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរក្នុងពេលកន្លងមក ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ លើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលបានចូលធរមាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការចូលរួមធ្វើការយ៉ាងជិតស្និទ្ធ និងសកម្មរួមគ្នា រវាងវិស័យឯកជន ជាពិសេស សភាពាណិជ្ជកម្ម និងសមាគមធុរកិច្ច ពីប្រទេសទាំងពីរ ក្នុងការពង្រីកកាលានុវត្តភាព និងការបង្កើតបណ្តាញធុរកិច្ចនិងវិនិយោគ តាមរយៈកិច្ចសន្ទនារវាងក្រុមហ៊ុនធុរកិច្ច ការផ្គូរផ្គងពាណិជ្ជកម្ម ពិព័រណ៍ពាណិជ្ជកម្ម ជាដើម សំដៅអាចស្វែងយល់ឱ្យកាន់តែច្បាស់អំពីការនាំចេញ តម្រូវការទីផ្សារ និងការលើកកម្ពស់ការបណ្តាក់ទុនរួមគ្នា។
នាឱកាសនោះផងដែរ ឯកឧត្តម AHN Dukgeun រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េ បានបានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ដែលបានឆ្លៀតពេលពីកម្មវិធីការងារដ៏មមាញឹក អញ្ជើញចូលរួមបើកវេទិកាដ៏សំខាន់នេះ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្តូរធនធានមនុស្ស។ ឯកឧត្តមរដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េ មានជំនឿទុកចិត្តថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនេះ នឹងបង្កើនទំនុកចិត្តនិងជំរុញបន្ថែមទៀតនូវទំហំពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ហើយតាមរយៈនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តោតសំខាន់លើទិសដៅគោលនយោបាយមួយចំនួនរួមមាន ការពង្រីកនិងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់រវាងប្រទេសទាំងពីរ កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង រួមបញ្ចូលទាំងថាមពលស្អាត ជាដើម។ ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េ ក៏បានថ្លែងកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះការជោគជ័យដ៏ត្រចះត្រចង់ក្នុងការដឹកនាំធ្វើជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ ជាពិសេសបានកោតសរសើរចំពោះឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់ដែលបានទទួលជោគជ័យក្នុងការធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលទទួលបានលទ្ធផលគួរជាទីមោទនៈ។
ជាមួយគ្នានេះដែរ ឯកឧត្តម អនុរដ្ឋមន្រ្តី នៃក្រសួងការបរទេសកូរ៉េ ក៏បានវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិកានេះ និងបានសម្តែងសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា នឹងចូលរួមចំណែកលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរផងដែរ។ ឯកឧត្តម បានជម្រាបផងដែរថាក្នុងឆ្នាំ២០២២កន្លងទៅ កម្ពុជាមានចំណាត់ថ្នាក់ទី១ដែលទទួលបានជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ពីកូរ៉េ និងបានបញ្ជាក់ផងដែរថា កម្ពុជាជាដៃគូដ៏ល្អនៅក្នុងតំបន់អាស៊ាននិងមេគង្គ។
បន្ទាប់ពីពិធីបើកនៃវេទិកានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់កិត្តិយសចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នាចំនួន ៥ រវាងក្រុមហ៊ុនធុរកិច្ចនៃប្រទេសទាំងពីរ រួមមាន៖
១. ការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន World Bride Group និងក្រុមហ៊ុន Luxury Brand Group
២. ការចែករំលែកព័ត៌មានទីផ្សារ និងការផ្គត់ផ្គង់រវាងក្រុមហ៊ុន Season Fresh Cambodia និងក្រុមហ៊ុន Empire Trading Co., Ltd.
៣. កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយលើសកម្មភាពដោះដូរផ្សេងៗលើការជួយផ្សព្វផ្សាយលើការបណ្តាក់ទុន និងការធ្វើជំនួយទ្វេភាគី រាវសមាគមអ្នកផលិតចំនីអាហារកម្ពុជា និងក្រុមហ៊ុន Empire Trading Co., Ltd.
៤. កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយលើជំនួញនិងទីផ្សារ រួមបញ្ចូលផ្លាស់ប្តូរលើបច្ចេកវិទ្យា រវាងក្រុមហ៊ុន Alliances of Cambodia Agricultural Products Exporters Co., Ltd និង ក្រុមហ៊ុន AGT Corporation
៥. កិច្ចព្រមព្រៀងភាពជាដៃគូលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការដោះដូរព័ត៌មានសម្រាប់ការអភិវឌ្ឍនសង្គម ការអប់រំ វប្បធម៌ សិល្បៈ និងកីឡា រវាងក្រុមហ៊ុនសភាពពាណិជ្ជកម្មកំពត-កែប និងក្រុមហ៊ុន Miracle City World Group៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣