ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ម៉ោង ០៣:១៦ នាទី រសៀល
👁 3
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២៣ ដើម្បីពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារដែលក្រសួងសម្រេចបាន ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក៏ដូចជាពិភាក្សាពីបញ្ហាប្រឈមនានា និងលើកទិសដៅសម្រាប់ឆ្នាំបន្ទាប់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ក្នុងបុព្វហេតុចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម, ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ និង ឯកឧត្តម លោកជំទាវ ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម, ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្រ្តីជាតំណាងពាណិជ្ជកម្មប្រចាំនៅក្រៅប្រទេស និងមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូប។
ថ្លែងក្នុងពិធីបើក ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់សមាជិកសមាជិកាទាំងអស់ ដែលបានចំណាយពេលវេលាអញ្ជើញចូលរួមក្នុងសន្និបាតប្រចាំឆ្នាំ របស់ក្រសួងពាណិជ្ជកម្មឆ្នាំនេះ។
ឯកឧត្តមរដ្ឋមន្រ្តី បន្តថាសន្និបាតប្រចាំឆ្នាំនេះ ប្រព្រឹត្តទៅក្នុងរយៈពេល០២ថ្ងៃ គឺចាប់ថ្ងៃទី៣០-៣១ ខែមករា ឆ្នាំ២០២៣ ដើម្បីផ្តល់ឱកាសឱ្យមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធចូលរួមពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកចំណេះដឹង និងធាតុចូលនានាសម្រាប់រៀបចំទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៣ ព្រមទាំងអាចទទួលយកនូវអនុសាសន៍ល្អៗ ដើម្បីយកទៅអនុវត្តភារកិច្ចរៀងៗខ្លួនឱ្យទទួលបានប្រសិទ្ធផល និងប្រសិទ្ធភាពខ្ពស់ដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធ្វើឱ្យក្រសួងអាចសម្រេចបាននូវជោគជ័យតាមទិសដៅការងារដែលបានគ្រោងទុក។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍ចំពោះតំណាងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីធ្វើបទអន្តរាគមន៍អំពីបេសកកម្ម និងកិច្ចសហប្រតិបត្តិការរបស់ស្ថាប័ននីមួយៗមកលើការងារពាណិជ្ជកម្ម សំដៅរួមគ្នាអនុវត្តឱ្យបានជោគជ័យលើគោលនយោបាយ និងភារកិច្ច ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។
ឯកឧត្តមរដ្ឋមន្រ្តី រម្លឹកថាចាប់តាំងពីដើមឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ សេដ្ឋកិច្ចកម្ពុជា និងពិភពលោកបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយបញ្ហាជំងឺកូវីដ-១៩ និងឥទ្ធិពលនៃសង្គ្រាមនៅអ៊ុយក្រែន ហើយដើម្បីចូលរួមស្តារសេដ្ឋកិច្ចឡើងវិញ ក្រសួងពាណិជ្ជកម្មបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម តាមរយៈការជំរុញផលិតកម្មដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញតាមច្រកទីផ្សារដែលត្រូវបានធ្វើពិពិធកម្ម សំដៅជំរុញកំណើន និងបង្កើនល្បឿនសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងពិភពលោក។ ជាពិសេស ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្ពុជានៅតែអាចរក្សាបាននូវការតភ្ជាប់ខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ និងជ្រៀតចូលក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក ដោយការនាំចេញនៅតែមានកំណើន ដោយសារតែការដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រនានា និងវិធានការដ៏មុតស្រួចជាបន្តបន្ទាប់របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានជួយដល់សហគ្រាសធុនតូចនិងមធ្យម រក្សាស្ថិរភាពផលិតកម្ម, ប្រតិបត្តិការធុរកិច្ច និងការវិនិយោគ ក៏ដូចជារក្សាបាននូវការងារជូនបងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី។
ចំពោះការនាំចេញទំនិញពីកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា នៅតែរក្សាបាននូវកំណើនគួរឱ្យកត់សំគាល់ក្នុងឆ្នាំ២០២២នេះ ធៀបនឹងឆ្នាំ២០២១ ពោលគឺមានការកើនឡើងប្រមាណ ៩.១% ដោយសារកម្ពុជាបានបើកប្រទេសឡើងវិញលើគ្រប់សកម្មភាពសេដ្ឋកិច្ច និងសង្គមចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីបានចាក់វ៉ាក់សាំង Covid-19 ជូនប្រជាជនក្នុងអត្រាមួយខ្ពស់ជាងគេនៅក្នុងតំបន់ ហើយបានដកចេញនូវការរឹតត្បិត ឬហាមឃាត់នានាដែលជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្ម ផងដែរ។ តាមរយៈទិសដៅការងារពាណិជ្ជកម្មដែលបានដាក់ចេញកាលពីដើមឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញកំណើនវិស័យពាណិជ្ជកម្ម ដោយបានកែប្រែបញ្ហាប្រឈមទៅជាឱកាស តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក ការកាត់បន្ថយចំណាយ និងការពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងដោយបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះ ក្រសួងបានចូលរួមជំរុញឱ្យមានកំណើននៃការនាំចេញ តាមរយៈការប្រើប្រាស់ទីផ្សារអនុគ្រោះដែលមានស្រាប់ និងការធ្វើពិពិធកម្មទីផ្សារបន្ថែមដូចជា ការចរចាបង្កើតតំបន់ពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយដៃគូពាណិជ្ជកម្មនានា ដូចដែលបានលើកឡើងពីខាងដើម ធ្វើឱ្យទីផ្សារទំនិញ សេវាកម្ម និងវិនិយោគ កម្ពុជាកាន់តែទូលំទូលាយ។ ជាងនេះទៅទៀត ការការពារកម្មសិទ្ធិបញ្ញា កិច្ចការពារអ្នកប្រើប្រាស់ ការត្រួតពិនិត្យ ព្រមទាំងការបង្ក្រាបការក្លែងបន្លំនូវផលិតផលជាទំនិញ និងសេវាកម្មគ្រប់ប្រភេទ ក៏ត្រូវបានអនុវត្តដោយយកចិត្តទុកដាក់និងប្រកបដោយស្មារតីទទួលខុសត្រូវបំផុត។
ដោយឡែក ចំពោះការផ្តល់សេវាសាធារណៈជូនដល់វិស័យឯកជនវិញ ក្រសួងពាណិជ្ជកម្ម បានកែលម្អជាបន្តបន្ទាប់ឱ្យកាន់តែប្រសើរជាងមុនតាមរយៈការដាក់ឱ្យប្រើប្រាស់ទាំងស្រុងនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើប ដើម្បីចូលរួមប្រកួតប្រជែងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ព្រមទាំងកំពុងខិតខំពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងាររបស់មន្រ្តីរាជការបន្ថែមទៀត តាមរយៈការបន្តពង្រឹងធនធានមនុស្ស ធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាលនិងគ្រប់គ្រង ការអភិវឌ្ឍស្ថាប័ន កំណែទម្រង់ស៊ីជម្រៅនិងការកែលម្អសេវាសាធារណៈ ការរក្សាស្ថិរភាពថ្លៃ ការជំរុញពាណិជ្ជកម្មក្នុងប្រទេស កិច្ចការអភិវឌ្ឍន៍ទីផ្សារ និងអភិវឌ្ឍន៍វិស័យឯកជន រួមទាំងការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ព្រមទាំងបានរៀបចំគោលនយោបាយពាណិជ្ជកម្មក្រៅប្រទេសផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសង្ខេបជូននូវសមិទ្ធផលសំខាន់ៗមួយចំនួន ដែលក្រសួងសម្រេចបានក្នុងរយៈពេលកន្លងទៅ ដូចខាងក្រោម៖
- សមាហរណកម្ម និងពាណិជ្ជកម្មអន្តរជាតិ៖ សម្រេចបានទំហំពាណិជ្ជកម្មល្អប្រសើរ ក្នុងនោះទំហំពាណិជ្ជកម្មសរុបក្នុងឆ្នាំ២០២២ មានចំនួនប្រមាណ ៥២,៤២ ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងកំណើន ៩,១% បើធៀបនឹងទិន្នន័យឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញមានចំនួន ២២,៤៨ ប៊ីលានដុល្លារអាម៉េរិក គឺកើនឡើង ១៦% និងការនាំចូលមានចំនួន ២៩,៩៤ ប៊ីលានដុល្លារអាម៉េរិក គឺមានការកើនទ្បើង ៤%។
- សមិទ្ធផលរបស់សសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជាវិញ៖ ក្រសួងពាណិជ្ជកម្ម ក្នុងនាមតំណាងជាតិនៃសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ទទួលតួនាទីជាប្រធានដឹកនាំកិច្ចប្រជុំ និងទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំសំខាន់ៗនានា ដែលស្ថិតក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ដែលក្នុងចំណោមសមិទ្ធផលអាទិភាពសេដ្ឋកិច្ចចំនួន១៩ ដោយកម្ពុជាបានដាក់ចេញ ក្រសួងបានសម្របសម្រួលនិងធ្វើឱ្យសម្រេចបាននូវបញ្ចប់សមិទ្ធផលអាទិភាពសេដ្ឋកិច្ចចំនួន៩ ហើយចំនួន ៧ បច្ចុប្បន្នត្រូវបានបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២២ នេះរួចហើយ។ បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្ម ក៏បានសម្របសម្រួលជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំធាតុចូល មតិយោបល់ ឯកសារសមិទ្ធផល ឯកសារបកប្រែ បទអន្តរាគមន៍ និងសុន្ទរកថានានា សម្រាប់គោរពជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងក្នុងកម្មវិធីពាក់ព័ន្ធនានា នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផងដែរ។
- ការកសាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត ព្រមទាំងយុទ្ធសាស្រ្តពាណិជ្ជកម្ម៖ ក្រសួងពាណិជ្ជកម្មបាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ សេចក្ដីព្រាងច្បាប់ស្ដីពីកិច្ចសន្យាពាណិជ្ជកម្ម និងសេចក្ដីព្រាងច្បាប់ភ្នាក់ងារពាណិជ្ជកម្ម បន្ថែមពីលើច្បាប់ស្ដីពីការប្រកួតប្រជែង ដែលត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសឱ្យប្រើ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ និងច្បាប់ស្តីពីម្ហូបអាហារ ដែលត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសឱ្យប្រើ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។ លើសពីនេះ ក្រសួងក៏បានរៀបចំកសាងឯកសារគតិយុត្ត និងសេចក្តីព្រាងឯកសារគតិយុត្តក្រោមច្បាប់សំខាន់ៗ មួយចំនួនដូចជាឯកសារគតិយុត្តក្រោមច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារចំនួន៧ សេចក្តីព្រាងឯកសារគតិយុត្តក្រោមច្បាប់ស្ដីពីការប្រកួតប្រជែងចំនួន១២ និងឯកសារគតិយុត្តក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ចំនួន១១ សេចក្តីព្រាងឯកសារគតិយុត្តពាក់ព័ន្ធនឹងកិច្ចការហាឡាលចំនួន៥។ បន្ថែមពីនេះ ក៏មានសេចក្តីព្រាងមួយចំនួនកំពុងស្ថិតក្នុងកិច្ចពិភាក្សា និងផ្តល់យោបល់នៅទីស្តីការគណៈរដ្ឋមន្រ្តី និងសេចក្តីព្រាងមួយចំនួនទៀត កំពុងស្ថិតក្នុងការពិនិត្យ និងកែសម្រួលរបស់ក្រុមការងារនៃអគ្គនាយកដ្ឋាន ក.ប.ប. ផងដែរ។
- កំណែទម្រង់ស៊ីជម្រៅ និងការកែលម្អសេវាសាធារណៈ៖ ក្រសួងបានធ្វើកំណែទម្រង់ជាច្រើនក្នុងការងារគ្រប់គ្រងរដ្ឋបាលសាធារណៈ ជាពិសេសក្នុងការធ្វើវិសោធនកម្មច្បាប់ចំនួនពីរ គឺច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម និងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ដើម្បីសម្រួលការធ្វើធុរកិច្ចនៅកម្ពុជា និងស្របតាមការកែទម្រង់របស់រាជរដ្ឋាភិបាលពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈ និងបរិយាកាសនៃការធ្វើធុរកិច្ចក្នុងតំបន់ និងជាសាកល និងសង្គតិភាព តម្លាភាព ជាមួយនឹងច្បាប់ និងកាតព្វកិច្ចនៃកម្ពុជានៅក្រោមសន្ធិសញ្ញា អនុសញ្ញា ឬកិច្ចព្រមព្រៀងអន្តរជាតិ។
- ការរក្សាស្ថិរភាពថ្លៃ និងការជំរុញពាណិជ្ជកម្មក្នុងប្រទេស៖ បានជំរុញពង្រឹងបន្ថែមយន្តការតាមដាន និងត្រួតពិនិត្យការគ្រប់គ្រងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ថ្លៃទំនិញ និងសន្និធិទំនិញចាំបាច់មានជាអាទិ៍ ស្រូវ-អង្ករ ប្រេងឥន្ធនៈ និងសម្រួលការធ្វើពាណិជ្ជកម្ម តាមរយៈការជំរុញឱ្យបណ្តាស្ថានីយ៍បង្ហាញថ្លៃប្រេងជាសាធារណៈរៀងរាល់ថ្ងៃ ការទិញ-លក់អង្ករក្នុងស្រុក ដោយសហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជាទប់ស្កាត់ការដំឡើងថ្លៃអង្ករ រក្សាស្ថិរភាពថ្លៃស្រូវ និងធ្វើអន្តរាគមន៍ទីផ្សារទំនិញចាំបាច់មួយចំនួន ដែលបម្រើឱ្យសេចក្តីត្រូវការប្រចាំថ្ងៃនៃប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ ព្រមទាំងជំរុញយន្តការដោះស្រាយបញ្ហាជូនដល់កសិករ និងផលិតករ។
- កិច្ចការអភិវឌ្ឍន៍ទីផ្សារ និងអភិវឌ្ឍន៍វិស័យឯកជន៖ ក្រសួងបានរៀបចំនិងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុង Atsugi ខេត្ត Kanagawa ប្រទេសជប៉ុន ដើម្បីដាក់តាំងបង្ហាញ និងលក់ផលិតផលកម្ពុជាជាអចិន្ត្រៃយ៍ ព្រមទាំងបាននិងកំពុងរៀបចំរាយការណ៍ស្តីពីការចុះពិនិត្យទីតាំងជាក់ស្តែង បង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ០៥ទីតាំងទៀត គឺនៅទីក្រុងឆាងឈុន ហាបីន ណានជីង ថាយយាន និងចឹងចូវ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយនិងជំរុញការលក់ផលិតផលកម្ពុជានៅលើទីផ្សារប្រទេសចិនបន្ថែមទៀត។
- កិច្ចការពារអ្នកប្រើប្រាស់ លើកកម្ពស់សុខុមាលភាពជូនប្រជាជន និងសន្តិសុខស្បៀង៖ ក្រសួងពាណិជ្ជកម្ម បានបន្តពង្រឹងការងារត្រួតពិនិត្យទំនិញប្រើប្រាស់ និងផលិតផលនាំចូល ដូចភ្លៀងរលឹម តាមរយៈការចុះត្រួតពិនិត្យគុណភាពទំនិញនៅតាមទីផ្សារជាប្រចាំ ផ្សព្វផ្សាយ និងណែនាំអាជីវករ និងអ្នកប្រើប្រាស់ឱ្យបានយល់ពីសារៈសំខាន់នៃសុវត្ថិភាពម្ហូបអាហារ ជាពិសេសខេត្តជាប់ព្រំដែន ក្នុងនោះផងដែរ ក៏បានចុះបង្ក្រាបទីតាំងផលិត កែច្នៃ និងឃ្លាំងស្តុកផលិតផលក្លែងក្លាយ រឹបអូសមកកម្ទេចចោល ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធីផងដែរ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពជូនប្រជាជន។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងការកោតសរសើរចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការរបស់ក្រសួងពាណិជ្ជកម្មគ្រប់លំដាប់ថ្នាក់ ក៏ដូចជាថ្នាក់ដឹកនាំ និងមន្រី្តរាជការទាំងអស់នៃគណៈកម្មការរៀបចំកិច្ចប្រជុំក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធ និងអនុគណៈកម្មការជំនាញ ដែលបានរួមចំណែកយ៉ាងសកម្ម ទាំងកម្លាំងកាយកម្លាំងចិត្ត បញ្ញាស្មារតីបុរេសកម្ម ខិតខំប្រឹងប្រែងបំពេញការងារមិនខ្លាចនឿយហត់ក្នុងការដោះស្រាយបញ្ហានានា រហូតទទួលបានលទ្ធផលជូនជាតិយ៉ាងត្រចះត្រចង់៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣