សន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៣ របស់ក្រសួងពាណិជ្ជកម្ម បិទបញ្ចប់ដោយជោគជ័យក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ម៉ោង ១១:៣៦ នាទី យប់

👁 5

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថាសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៣ របស់ក្រសួងពាណិជ្ជកម្ម ត្រូវបានបិទបញ្ចប់ដោយជោគជ័យក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្ត្រី, ឯកឧត្តម  លោកជំទាវ  រដ្ឋលេខាធិការ  អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គាធិការ និងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមន្រ្តីរាជការក្រសួងពាណិជ្ជកម្មជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគោរពរាយការណ៍ដោយសង្ខេបអំពីសកម្មភាពការងារ  និងសមិទ្ធផលសំខាន់ៗ  ដែលក្រសួងពាណិជ្ជកម្មសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមក ពីការអនុវត្តយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម កម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា មានដូចតទៅ៖

- បានធ្វើកំណែទម្រង់ជាច្រើនក្នុងការងារគ្រប់គ្រងរដ្ឋបាលសាធារណៈ ជាពិសេសក្នុងការធ្វើវិសោធនកម្មច្បាប់ចំនួនពីរ គឺច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម និងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់និងកាតព្វកិច្ចនៃកម្ពុជានៅក្រោមសន្ធិសញ្ញា អនុសញ្ញា ឬកិច្ចព្រមព្រៀងអន្តរជាតិ

- បាន និងកំពុងអនុវត្តប្រព័ន្ធគ្រប់គ្រងសាធារណៈ (FMIS) យ៉ាងពេញលេញ ដើម្បីគ្រប់គ្រងលើចំណូល-ចំណាយ អនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) និងអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ (SARMIS)

- បានបន្តធ្វើបច្ចុប្បន្នភាពនូវប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងការចុះបញ្ជីពាណិជ្ជកម្ម រួមមាន៖ ការអភិវឌ្ឍប្រព័ន្ធផ្តល់លិខិតអនុញ្ញាត និងអាជ្ញាបណ្ណអាជីវកម្ម តាមប្រព័ន្ធអេឡិចត្រូនិក, កំពុងអភិវឌ្ឍប្រព័ន្ធចុះបញ្ជីកែប្រែ ដែលបានធ្វើឱ្យការចុះបញ្ជីពាណិជ្ជកម្មក្នុងឆ្នាំ២០២២ កន្លងទៅ ក្រសួងពាណិជ្ជកម្មបានទទួលពាក្យស្នើសុំចុះបញ្ជីពាណិជ្ជកម្មថ្មីចំនួន ៩,៨២៤ ពាក្យស្នើសុំ គឺមានការកើនឡើង ៣៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

- បានរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មពេញលេញសម្រាប់កិច្ចការចុះបញ្ជីម៉ាក និងការបង់កម្រៃសេវាសាធារណៈ តាមប្រព័ន្ធអនឡាញ, កំពុងរៀបចំប្រព័ន្ធជូនដំណឹងជាស្វ័យប្រវត្តិអំពីដំណើរការ និងស្ថានភាពនៃការចុះបញ្ជីម៉ាកទៅអ្នកដាក់ពាក្យស្នើសុំ និងភ្នាក់ងារ, បានរៀបចំប្រព័ន្ធ Cloud សម្រាប់គ្រប់គ្រងទិន្នន័យ និងឯកសារនៃការចុះបញ្ជីម៉ាក, បន្តធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធរបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញាប្រកបដោយបច្ចេកវិទ្យា និងធ្វើបច្ចុប្បន្នកម្មប្រព័ន្ធស័្វយប្រវត្តិកម្មចុះបញ្ជីម៉ាកជំនាន់ទី៤ (IPAS4) ដោយធ្វើសមាហរណកម្ម និងគ្រប់គ្រងទិន្នន័យម៉ាកនៅក្នុង Cloud។

- ទាក់ទងនឹងការនាំចេញ-នាំចូល៖ ក្រសួងបានសម្រេចដូចខាងក្រោម៖

- បានដាក់ឱ្យអនុវត្តប្រតិវេទន៍ស្វ័យបញ្ជាក់ដើមកំណើតទំនិញទូទាំងអាស៊ាន (ASEAN-Wide Self Certification-AWSC) ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មក្នុងតំបន់អាស៊ាន

- បានចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ សម្រាប់ការចេញអាជ្ញាប័ណ្ណនាំចេញ-នាំចូល និងវិញ្ញាបនបត្រគឹមប័រលីប្រូសេស ក្រោមប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window-NSW)

- បានភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ (ATIGA e-Form D) ទៅក្នុងបញ្ជរតែមួយជាតិ និងភ្ជាប់ទៅបញ្ជរតែមួយអាស៊ាន

- បានអនុវត្តគម្រោងចុះបញ្ជីអ្នកនាំចេញ (Registered Exporter System-REX) សម្រាប់ធ្វើការនាំចេញទៅកាន់សហភាពអឺរ៉ុប ប្រទេសស្វីស ណ័រវែស និងតួកគី

- បានតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មវិញ្ញាបនបត្រដើមកំណើតទំនិញជាមួយធនាគារសម្រាប់ទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក (E-payment)

- បានតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មវិញ្ញបនបត្របញ្ជាក់ដើមកំណើតទំនិញគ្រប់ទម្រង់ ទៅតាមគ្រប់រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស

- បានបន្ថែម CO ទម្រង់ផ្សេងៗទៀត ស្របតាមវិធានប្រភពដើមទំនិញនៃប្រទេសនាំចូលទៅក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម រួមមាន៖ Form ANNEX សម្រាប់នាំចេញទៅទីផ្សារជប៉ុន, Form Chile សម្រាប់នាំចេញទៅទីផ្សារឈីលី (Chile), Form AHK សម្រាប់នាំចេញទៅទីផ្សារហុងកុង, Form RCEP សម្រាប់នាំចេញទៅកាន់ទីផ្សារអាស៊ាន អូស្ត្រាលី ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ និងនូវែលសេឡង់, Form CCFTA សម្រាប់នាំចេញទៅកាន់ទីផ្សារចិន, និង Form CKFTA សម្រាប់នាំចេញទៅកាន់ទីផ្សារសាធារណរដ្ឋកូរ៉េ

- បានធ្វើប្រតិភូកម្មក្នុងការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ឌី (D) សម្រាប់ទំនិញកសិផលដល់គ្រប់មន្ទីរពាណិជ្ជកម្មខេត្តជាប់ព្រំដែន, កំពុងអភិវឌ្ឍប្រព័ន្ធចុះបញ្ជីកែប្រែពិនិត្យ និងកែសម្រួលរចនាសម្ព័ន្ធ និងមុខងារពាក់ព័ន្ធ ដើម្បីគាំទ្ររដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តមុខងារដែលបានផ្ទេរ, រៀបចំគោលនយោបាយ លិខិតបទដ្ឋាន និងសេចក្តីណែនាំបច្ចេកទេសនានាសម្រាប់ការអនុវត្ត និងត្រួតពិនិត្យមុខងារដែលបានផ្ទេរ, ផ្សព្វផ្សាយអំពីនីតិវិធីនៃការអនុវត្តមុខងារដែលបានផ្ទេរទៅឱ្យក្រុង ស្រុក ខណ្ឌ

- តាមដាន ត្រួតពិនិត្យ និងគាំទ្រថ្នាក់ក្រោមជាតិក្នុងការអនុវត្តកិច្ចដំណើរការផ្ទេរមុខងារ និងវាយតម្លៃអំពីការអនុវត្តមុខងារដែលបានផ្ទេរ

- បានសហការជាមួយភាគីពាក់ព័ន្ធក្នុងការកសាង និងផ្សព្វផ្សាយម៉ាកសញ្ញាពាណិជ្ជកម្ម ទាំងក្នុងនិងក្រៅប្រទេស តាមរយៈការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព ដែលក្នុងនោះយើងបានសហការសម្របសម្រួលលើការចុះបញ្ជីម៉ាកនេះដូចជា “បង្កងតាកែវ” “ទឹកត្រីកំពតកែប” “SKO & Device” លើប្រភេទអង្ករសែនក្រអូប “DSMK & Device” លើប្រភេទអង្ករដំណើបស្បៃមង្គល “ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល” “ក្រូចពោធិ៍សាត់” “នំបញ្ចុកសៀមរាប” “ដូងខ្ទិះបាត់ដំបង” ជាដើម បន្ថែមពីលើម៉ាកទំនិញសម្គាល់ភូមិសាស្រ្ត និងម៉ាកសមូហភាពល្បីៗជាច្រើនដែលយើងបានចុះរួចមកហើយ។ ក្រសួងពាណិជ្ជកម្មក៏បាននឹងកំពុងសិក្សាស្រាវជ្រាវ និងចងក្រងផលិតផលសក្តានុពល ដើម្បីត្រៀមរៀបចំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបន្ថែមទៀត ដូចជា “ក្តាមថ្មកោះកុង” “បង្គាក្រៀមកំពង់សោម” “បង្គាក្រៀមកោះកុង” និង “ប្រហុកសៀមរាប” ក៏ដូចជាម៉ាកសមូហភាព រួមមាន សូត្រខ្មែរ អង្ករស្មាច់ស្វាយរៀង ធុរេន សំឡូត មៀនប៉ៃលិន អង្ករនាងអំ ស្មូនឆ្នាំងដីកំពង់ឆ្នាំង និងចម្លាក់ថ្មកែវខេត្តពោធិ៍សាត់ផងដែរ។ ក្នុងឆ្នាំ២០២២ កន្លងទៅ ក្រសួងពាណិជ្ជកម្មបានទទួលពាក្យស្នើសុំចុះបញ្ជីម៉ាកសញ្ញាពាណិជ្ជកម្ម ចំនួន ៦,១៣៥ ក្នុងនោះបានចុះបញ្ជីចំនួន ៤,៨៤៧ ម៉ាក។

- បាននិងកំពុងបន្តជំរុញការកសាងសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងយុទ្ធសាស្រ្តនានាពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម រួមមាន៖ កំពុងរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ សេចក្ដីព្រាងច្បាប់ស្ដីពីកិច្ចសន្យាពាណិជ្ជកម្ម និងសេចក្ដីព្រាងច្បាប់ភ្នាក់ងារពាណិជ្ជកម្ម បន្ថែមពីលើច្បាប់ស្ដីពីការប្រកួតប្រជែង ដែលត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសឱ្យប្រើ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ និងច្បាប់ស្តីពីម្ហូបអាហារ ដែលត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសឱ្យប្រើ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។

- បានកសាងឯកសារគតិយុត្ត និងសេចក្តីព្រាងឯកសារគតិយុត្តក្រោមច្បាប់សំខាន់ៗមួយចំនួន ដូចជាឯកសារគតិយុត្ត ចំនួន៧ ក្រោមច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ សេចក្តីព្រាងឯកសារគតិយុត្ត ចំនួន១២ ក្រោមច្បាប់ស្ដីពីការប្រកួតប្រជែង  ឯកសារគតិយុត្ត  ចំនួន១១  ក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់  និងសេចក្តីព្រាងឯកសារគតិយុត្ត ចំនួន៥ ពាក់ព័ន្ធនឹងកិច្ចការហាឡាល។

- បានផ្សព្វផ្សាយ និងគាំទ្រលើកទឹកចិត្តដល់វិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យម ឱ្យខិតខំបង្កើតនិងផលិតនូវទំនិញចាំបាច់ និងផលិតផលថ្មីៗ។

- បានបន្តសហការជាមួយដៃគូពាក់ព័ន្ធដើម្បីជំរុញការអនុវត្តគម្រោង «ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច» ហៅកាត់ថាគម្រោង AIMS ឱ្យទទួលបានជោគជ័យតាមការគ្រោងទុក។

- បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនឯកជនជាតិ និងអន្តរជាតិមានដូចជា ផ្សារអាហារសុវត្ថិភាពរបស់ក្រុមហ៊ុនខេ.ស៊ី.ស៊ី.វី ផ្លេនថេសិន (KCCV) ក្រុមហ៊ុនម៉ាក្រូ(ខេមបូឌា) ឯ.ក(ផ្សារម៉ាក្រូ) ក្រុមហ៊ុន Yamato Green Co.,Ltd និងក្រុមហ៊ុន LYLY FOODS ជាដើម ដើម្បីអភិវឌ្ឍខ្សែច្រវាក់តម្លៃ និងជួយរកទីផ្សារសម្រាប់កសិករ

- បានរៀបចំនិងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុង Atsugi ខេត្ត Kanagawa ប្រទេសជប៉ុន ដើម្បីដាក់តាំងបង្ហាញ និងលក់ផលិតផលកម្ពុជាជាអចិន្ត្រៃ

- បាននិងកំពុងរៀបចំរាយការណ៍ស្តីពីការចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ០៥ទីតាំង ទៀត គឺនៅទីក្រុងឆាងឈុន ហាបីន ណានជីង ថាយយាន និងចឹងចូវ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ និងជំរុញការលក់ផលិតផលកម្ពុជានៅលើទីផ្សារប្រទេសចិនបន្ថែមទៀត។

- បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងកិច្ចសហការលើកកម្ពស់ផលិតផលខ្មែរចំនួន៦ រួមមាន៖ (១)ក្រុមហ៊ុនភីធីធី (ខេមបូឌា) (២)មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន និងវិទ្យាស្ថានរចនាម៉ូដជប៉ុន (៣)ធនាគារហត្ថា (៤)ក្រុមហ៊ុនម៉ាក្រូ (ខេមបូឌា)  (៥)មន្ទីរពាណិជ្ជកម្ម នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និង (៦)អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជំរុញការនាំចេញផលិតផលសំបុកត្រចៀកកាំកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ។

- បានរៀបចំថ្នាលទីផ្សារផ្សព្វផ្សាយនិងលក់ទំនិញ ដែលមានឈ្មោះថា Go4eCam និងកំពុងរៀបចំអនុស្សារណៈ ធ្វើកិច្ចសហការជាមួយក្រុមហ៊ុនឯកជន និងអ្នកដឹកជញ្ជូនតាមយន្តហោះ ដើម្បីជំរុញការធ្វើម៉ាកទំនិញកម្ពុជា និងការលក់ទំនិញទៅប្រទេសចិន និងអាស៊ាន តាមរយៈលើកទឹកចិត្តឱ្យមានការតភ្ជាប់ថ្នាលលក់ទំនិញរបស់កម្ពុជាជាមួយថ្នាលលក់ទំនិញល្បីៗរបស់ប្រទេសចិន និងប្រទេសក្នុងតំបន់ផងដែរ។

- បានចូលរួមអនុវត្តយ៉ាងសកម្មនូវគោលនយោបាយបង្កើនផលិតកម្ម និងជំរុញការនាំចេញកសិផលសំខាន់ៗ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមមាន៖ គោលនយោបាយជាតិស្តីពីដំឡូងមី និងគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧

- បានបញ្ចប់វិធានការចំនួន ៨ ជាពិសេសកំពុងធ្វើការងារពាក់ព័ន្ធនឹងការបង្កើតមជ្ឈមណ្ឌលព័ត៌មានពាណិជ្ជកម្ម ផងដែរ។ បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្មក៏

- បានចូលរួមក្នុងការរៀបចំសេចក្តីព្រាងរបាយការណ៍ពាក់កណ្តាលអាណត្តិ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា (IDP)និងការរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០២២-២០៣០។

- បានប្រកាសបើកការចរចាជាផ្លូវការលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និងបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ព្រមទាំងគ្រោងនឹងរៀបចំចរចាបញ្ចប់នៅថ្ងៃទី២០-២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅអេមីរ៉ាតអារ៉ាប់រួម នាពេលខាងមុខផងដែរ។

- បានទទួលតួនាទីជាប្រធានដឹកនាំ ក៏ដូចជាការទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំសំខាន់ៗនានា ដែលស្ថិតក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២ ដោយបានរៀបចំ និងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកម្រិតឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធចំនួន ៤លើក, ធ្វើជាប្រធានដឹកនាំ និងរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះអាស៊ាន ស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម ចំនួន ៣លើក, ទទួលរៀបចំជាម្ចាស់ផ្ទះ ចំនួន២លើក សម្រាប់កិច្ចប្រជុំក្រុមការងារជាន់ខ្ពស់ ស្តីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។ ស្ថិតក្នុងកម្រិតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ក្នុងនាមជាប្រធានរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងជាប្រធានក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានទទួលធ្វើជាម្ចាស់ផ្ទះ ក៏ដូចជាដឹកនាំកិច្ចប្រជុំដូចតទៅ៖

 កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៨  

 កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន

 កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ ចំនួន០២ លើក  

 កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងសៀមរាប និង

 កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។

សម្រាប់សសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ ក្រសួងសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ដោយក្នុងចំណោមសមិទ្ធផលអាទិភាពសេដ្ឋកិច្ចចំនួន១៩ ដែលកម្ពុជាបានដាក់ចេញ ត្រូវបានបញ្ចប់យ៉ាងពេញលេញលើសមិទ្ធផលអាទិភាពសេដ្ឋកិច្ចចំនួន៩ ហើយចំនួន ៧ បច្ចុប្បន្នត្រូវបានបញ្ចប់ជាដុំកំភួនក្នុងឆ្នាំ២០២២។ ជាមួយគ្នានេះ សមិទ្ធផលអាទិភាពសេដ្ឋកិច្ចចំនួន៣នឹងត្រូវធ្វើក្នុងឆ្នាំ២០២៣។

- បានសម្របសម្រួលជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំធាតុចូល មតិយោបល់ ឯកសារសមិទ្ធផល ឯកសារបកប្រែ បទអន្តរាគមន៍ និងសុន្ទរកថានានា សម្រាប់គោរពជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងក្នុងកម្មវិធីពាក់ព័ន្ធ នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផងដែរ។

- បានបន្តពង្រឹងការងារត្រួតពិនិត្យទំនិញប្រើប្រាស់ និងផលិតផលនាំចូល ជាប្រចាំ តាមរយៈការចុះត្រួតពិនិត្យគុណភាពទំនិញនៅតាមទីផ្សារជាប្រចាំ ផ្សព្វផ្សាយនិងណែនាំអាជីវករនិងអ្នកប្រើប្រាស់ឱ្យបានយល់ពីសារៈសំខាន់នៃសុវត្ថិភាពម្ហូបអាហារ ដោយបានឃ្លាំពិនិត្យទីផ្សារចំនួន ៨៨០លើក និងដកហូតទំនិញមិនអនុលោមភាពប្រមាណជិត ២៤ តោន មកកម្ទេចចោល។

- បានកសាងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដែលសេចក្តីព្រាងច្បាប់នេះ ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ព្រមទាំងបានកសាងនូវឯកសារគតិយុត្តក្រោមច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារចំនួន៧ ក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ចំនួន១១ និងក្រោមច្បាប់ស្តីពីការប្រកួតប្រជែងចំនួន១២។

- បានរៀបចំប្រព័ន្ធការងាររដ្ឋបាល និងទំនាក់ទំនងតាមប្រព័ន្ធស្វ័យប្រវត្តកម្ម, បាននិងកំពុងរៀបចំក្របខណ្ឌគតិយុត្ត និងបទដ្ឋានបច្ចេកទេស និងក្រមសីលធម៌, សម្របសម្រួលយ៉ាងសកម្មឱ្យវិស័យឯកជន ចូលរួមឱ្យបានពេញទំហឹងក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បង្កើតក្រុមការងារចំពោះកិច្ច សិក្សាពីលទ្ធភាព និងសម្របសម្រួលការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអនឡាញបរទេស តាមរយៈថ្នាល់បច្ចេកវិទ្យារបស់ក្រុមហ៊ុន Alibaba របស់ចិន។

- បាននាំមុខ និងចូលរួមយ៉ាងសកម្មលើការធ្វើបរិវត្តកម្មវិស័យឌីជីថល និងការចរចាក្នុងកម្រិតតំបន់ និងសាកល ជាមួយនឹងការអនុវត្តដោយផ្ចិតផ្ចង់បំផុតប្រកបដោយស្មារតីបុរេសកម្ម នូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ជាពិសេសេវិធានការគោលនយោបាយទាំង១៣ សំដៅអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងសករាជថ្មី និងស្របតាមនិន្នាការសកលផង ដោយឈរលើមូលដ្ឋានផលប្រយោជន៍ជាតិជាធំ និងរក្សាបាននូវអធិបតេយ្យភាពជាតិ។

ចំពោះទិសដៅការងារសំខាន់ៗ សម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៣ វិញ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនថា ក្រសួងពាណិជ្ជកម្ម នៅមានការងារ និងបញ្ហាជាច្រើនទៀតដែលត្រូវប្រឈមមុខ ហើយអង្គសន្និបាតនេះ បានផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំក៏ដូចជាមន្រ្តីរាជការក្រសួង-ស្ថាប័នពាក់ព័ន្ធពិភាក្សា និងផ្តល់អនុសាសន៍ល្អៗបន្ថែមដល់ក្រសួងពាណិជ្ជកម្ម ក្នុងគោលដៅកែលម្អការងារឱ្យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាផ្តល់ធាតុចូលសម្រាប់រៀបចំផែនការសកម្មភាព និងយុទ្ធសាស្រ្ត ដើម្បីអនុវត្តទិសដៅការងារពាណិជ្ជកម្មសម្រាប់ឆ្នាំ២០២៣ ឱ្យសម្រេចបាននូវលទ្ធផលត្រចះត្រចង់។ អនុសាសន៍ និងការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបិទអង្គសន្និបាតគឺជាធាតុចូលដ៏មានសារៈសំខាន់បំផុត សម្រាប់ធ្វើការរៀបចំទិសដៅការងាររបស់ក្រសួងពាណិជ្ជកម្មសម្រាប់ឆ្នាំ២០២៣។

នៅចុងបញ្ចប់នៃសុន្ទរកថា ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្មទាំងអស់ និងប្តេជ្ញាដឹកនាំនិងអនុវត្តទិសដៅ ការងារពាណិជ្ជកម្មសម្រាប់ឆ្នាំ២០២៣ ឱ្យបានជោគជ័យតាមការគ្រោងទុក តាមរយៈការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ដែលបានដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងឱកាសប្រកាសបិទបញ្ចប់សនិ្នបាតប្រចាំឆ្នាំក្រសួងពាណិជ្ជកម្មឆ្នាំ២០២២ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលគន្លឹះដែលក្រសួងពាណិជ្ជកម្មសម្រេចបាន ព្រមទាំងបានផ្តល់អនុសាសន៍ល្អណែនាំបន្ថែមមួយចំនួន ដើម្បីឱ្យក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធយកទៅអនុវត្តស្របតាមទិសដៅការងារពាណិជ្ជកម្ម សម្រាប់ឆ្នាំ២០២៣ រួមមាន៖  

ទី១. ត្រូវបន្តពង្រឹងការកែទម្រង់ផ្ទៃក្នុង ដោយត្រូវប្រកាន់ខ្ជាប់នូវ អភិក្រមទាំង ៥ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ ឆ្លុះ កញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និង វះកាត់ ដើម្បីពង្រឹងក្រមសីលធម៌, ភាពស្អាតស្អំ និង អភិបាលកិច្ចល្អ ក្នុងការបំពេញការងារ និង តួនាទី ប្រកបដោយវិជ្ជាជីវៈ និង ប្រសិទ្ធភាពខ្ពស់។ ជាពិសេស ត្រូវបន្តការពង្រឹងគុណភាពនៃការផ្តល់សេវាសាធារណៈគ្រប់ប្រភេទរបស់ក្រសួង តាមរយៈការសម្រួលនីតិវិធីរដ្ឋបាល និងការតភ្ជាប់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ទៅនឹងថ្នាលបច្ចេកវិទ្យាផ្លាស់ប្តូរទិន្នន័យរួម (CamDX) ក៏ដូចជាការចូលរួម ដោយសកម្ម ក្នុងការអនុវត្តប្រព័ន្ធបញ្ឈរតែមួយជាតិ ផងដែរ។

ទី២. បន្តដាក់ចេញ, ជំរុញការផ្សព្វផ្សាយ និងអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងពាណិជ្ជកម្មក្នុងប្រទេស, ពាណិជ្ជកម្មអន្តរជាតិ, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងកិច្ចការពារអ្នកប្រើប្រាស់ជាដើម ដើម្បីចូលរួមលើកតម្កើងជីវភាពរស់នៅរបស់ប្រជាជនស្របតាមគោលការណ៍សេដ្ឋកិច្ចទីផ្សារ ព្រមទាំងត្រូវចូលរួមអនុវត្តក្នុងឆន្ទៈមុតស្រួច និងភាពជាម្ចាស់នូវក្របខណ្ឌយុទ្ធសាស្ត និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល និងត្រូវសម្របសម្រួលជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំគោលនយោបាយពាណិជ្ជកម្មជាមួយបណ្ដាប្រទេសដែលកម្ពុជាមានឱនភាពជញ្ជីងពាណិជ្ជកម្មធំ ផងដែរ។

ទី៣. បន្តដឹកនាំ និងធ្វើកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធបំផុតជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងឡាយដែលកម្ពុជាកំពុងមាន, ជាពិសេស កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និង កម្ពុជា-កូរ៉េ ឱ្យបានជាអតិបរមា ហើយត្រូវបន្តផ្សព្វផ្សាយទៅកាន់សាធារណជន អំពីផលប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះផងដែរ ជាពិសេសការផ្សព្វផ្សាយទៅកាន់វិស័យឯកជន ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម ដើម្បីឱ្យផ្នែកឯកជនត្រៀមខ្លួនរួចរាល់ និងចូលរួមបានពេញលេញជាមួយរាជរដ្ឋាភិបាលក្នុងការទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ ឱ្យបានជាអតិបរមា។

ទី៤. បន្តជំរុញកំណើននៃការនាំចេញមុខទំនិញ និងសេវាថ្មីបន្ថែមទៀត តាមរយៈការរក្សាទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី តាមរយៈការបើកច្រកទីផ្សារបន្ថែមទៀត ការរៀបចំផែនការ និងយុទ្ធសាស្ត្រចរចាដ៏មានប្រសិទ្ធភាព ដើម្បីជំរុញការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងដៃគូសំខាន់ៗដទៃទៀតរបស់កម្ពុជាមានជាអាទិ៍ អេមីរ៉ាតអារ៉ាប់រួម, ឥណ្ឌា, ជប៉ុន, សហភាពសេដ្ឋកិច្ចអឺរ៉ាអាស៊ី (EAEU), កាណាដា និងជាមួយបណ្តាប្រទេសអាមេរិកឡាទីនជាដើម។ ត្រង់ចំណុច នេះ, ក្រសួងក៏ត្រូវសិក្សាដោយមានការពិគ្រោះយោបល់ឱ្យបានទូលំទូលាយ ជាមួយភាគីពាក់ព័ន្ធ លើផលប្រយោជន៍ និង ថ្លៃដែលត្រូវបង់លើការសម្រេចបាននូវកិច្ចព្រមព្រៀងទាំងនោះផងដែរ។

ទី៥. បន្តពង្រឹងទីផ្សារដែលមានស្រាប់ ក៏ដូចជាការបើកចំហទីផ្សារបន្ថែម តាមរយៈការសិក្សាទុកជាមុន និងការដាក់ចេញនូវយុទ្ធសាស្ត្រ ឬវិធានការចាំបាច់នានា ដើម្បីធានាឱ្យបានថាផលិតផលថ្មីៗដែលកម្ពុជាកំពុងចាប់ផ្តើមផលិត ឬនឹងផលិតបាននាអនាគត នឹងមានទីផ្សារសមស្រប ទាំងសម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ព្រមទាំងត្រូវបន្តផ្សព្វផ្សាយព័ត៌មានអំពីទីផ្សារ និងវិធានការចាំបាច់នានាទៅកាន់គ្រប់ផលិតករទាំងអស់ ដើម្បីចៀសវាងការផ្គត់ផ្គង់លើសតម្រូវការទីផ្សារដែលនាំឱ្យមានការធ្លាក់ថ្លៃ។

ទី៦. បន្តគិតគូរអំពីទិសដៅអនាគត និងត្រូវត្រៀមខ្លួនជាប្រចាំចំពោះការប្រែប្រួលនៃនិម្មាបនកម្មរសដ្ឋកិច្ចរបស់តំបន់ និងសកល ដោយត្រូវសិក្សា និងសង្កេតជានិច្ចនូវរាល់ការប្រែប្រួលភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចដែលអាចមានវិបាកមកលើសេដ្ឋកិច្ច និងវិស័យពាណិជ្ជកម្មរបស់កម្ពុជា ហើយក៏ត្រូវពង្រឹងការត្រៀមខ្លួនរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តផែនការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ឱ្យបានសម្រេចតាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិនៅក្នុងឆ្នាំ ២០២៤ ខាងឮមុខនេះ ព្រមទាំងបន្តរយៈពេលអន្តរកាលតាមការចាំបាច់។ ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងត្រូវបន្តពិនិត្យឱ្យបានល្អិតល្អន់អំពីផលប៉ះពាល់នៃការចាកចេញពីប្រទេស LDC នេះ ទៅនឹងការចរចាក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងក្របខណ្ឌតំបន់មកលើសេដ្ឋកិច្ចកម្ពុជា, ជាពិសេសត្រូវត្រៀមខ្លួនក្នុងការចរចាស្នើសុំភាពអនុគ្រោះថ្មីតាមរយៈប្រព័ន្ធ GSP Pus សំដៅរក្សាទីផ្សារ និងរក្សាលំនឹងផលិតកម្ម រួមទាំងភាពទាក់ទាញសម្រាប់ការវិនិយោគនៅកម្ពុជា ហើយក៏ត្រូវសិក្សាផងដែរអំពីផលប៉ះពាល់ពីការបាត់បង់ទីផ្សារ (Preferences Eroson) និងភាពអនុគ្រោះពិសេសដោយឡែក (Special and Differential Treatment) បន្ទាប់ពីកម្ពុជាបានចាកចេញពីប្រទេស LDC។

ទី៧. បន្តជំរុញការផ្សព្វផ្សាយ និងការអនុវត្ត ព្រមទាំងកសាងច្បាប់ពាណិជ្ជកម្មបន្ថែមទៀត សំដៅជួយរក្សាស្ថិរភាពសេដ្ឋកិច្ច, ផ្តល់ផលប្រយោជន៍ និងបង្កើតចំណូលជូនប្រជាពលរដ្ឋ ដូចជាច្បាប់ស្តីពីកិច្ចសន្យាពាណិជ្ជកម្ម និងភ្នាក់ងារពាណិជ្ជកម្ម, ច្បាប់ស្តីពីអាថ៌កំបាំងពាណិជ្ជកម្ម និងព័ត៌មានដែលមិនអាចបង្ហាញ (Law on Trade Secret and Undisclosed Information), ការធ្វើវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម, និង ក្រមសីលធម៌វិជ្ជាជីវៈទាក់ទងនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាដើម៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ