ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ១២:១៦ នាទី ថ្ងៃត្រង់
👁 4
(កំពង់ចាម)៖ ដើម្បីលើកទឹកចិត្តដល់សិស្សពូកែ និងសិស្សដែលទើបប្រលងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បាននាំយករង្វាន់ទោចក្រយានយន្ត, ថវិកា, និងអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនសិស្សានុសិស្សចំនួន ១ ៣៣៣នាក់ ក្នុងនោះសិស្សនិទ្ទេស A ចំនួន ១៣នាក់ និងលោកគ្រូ-អ្នកគ្រូ ព្រមទាំងឪពុកម្តាយ-អាណាព្យាបាលសិស្សនិទ្ទេស A ផងដែរ។
ពិធីប្រគល់ទទួលនេះ បានរៀបចំឡើងនៅទីស្នាក់ការគណបក្សស្រុកបាធាយ និងព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ, ឯកឧត្តម ឡេង តុង ទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឯកឧត្តម ឡោ ចាន់លី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម, ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន, ក្រុមប្រឹក្សា និងគណៈអភិបាលស្រុកទាំងពីរ, លោក ផេន សុផល អភិបាល នៃគណៈអភិបាលស្រុកបាធាយ, លោក ខេង ម៉េងឈុន អភិបាល នៃគណៈអភិបាលស្រុកព្រៃឈរ, លោក លោកស្រី ប្រធានការិយាល័យអង្គភាពចំណុះ និងជុំវិញស្រុកទាំងពីរ, មន្រ្តីការិយាល័យអប់រំ យុវជន និងកីឡា មេឃុំ នាយក-នាយិកា, លោកគ្រូ អ្នកគ្រូ បង្រៀនថ្នាក់ទី១២, លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីនៃកងកម្លាំងប្រដាប់អាវុធទាំងបី, លោក លោកស្រី ក្រុមគ្រូពេទ្យ, អាណាព្យាបាលសិស្ស និងក្មួយៗសិស្សានុសិស្សនៃស្រុកទាំងពីរ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និង ការអបអរសាទរចំពោះក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានខិតខំរៀនសូត្រ រហូតទទួលបានជោគជ័យពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកនាយក លោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ អាណាព្យាបាល អាជ្ញាធរស្រុក និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀន ស្រាវជ្រាវ បំពាក់បំប៉នបន្ថែម ជួយឧបត្ថម្ភគាំទ្រ និងរៀបចំថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងអំឡុងពេលប្រឡងបានយ៉ាងល្អប្រសើរ ធ្វើឱ្យការប្រឡងមធ្យមសិក្សាទុតិយភូមិនៅទូទាំងស្រុកទាំងពីរ ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យតាមការរំពឹងទុក។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថាការតស៊ូខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលបានជោគជ័យរបស់ក្មួយៗ មិនត្រឹមតែជាមោទនភាពសម្រាប់ឪពុក ម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ប៉ុណ្ណោះទេ ប៉ុន្តែគឺជាមោទនភាពសម្រាប់ស្រុកបាធាយ និងព្រៃឈរទាំងមូលផងដែរ។ ជាក់ស្តែង តាមរបាយការណ៍របស់លោកអភិបាល នៃគណៈអភិបាលស្រុកបាធាយ ឃើញថា បើប្រៀបធៀបជាមួយឆ្នាំសិក្សា២០២០-២០២១ ចំនួនសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅស្រុកបាធាយ មានការកើនឡើងពី៥៥,១៧% ទៅដល់ ៦៨,៩៨% ហើយជាពិសេសគឺ សិស្សនិទ្ទេសA គឺបានកើនឡើងពី ០២នាក់ រហូតដល់ ០៥នាក់។ ដោយឡែកតាមរបាយការណ៍របស់លោកអភិបាល នៃគណៈអភិបាលស្រុកព្រៃឈរឃើញថា បើទោះបីជាចំនួនសិស្សទទួលបាននិទ្ទេសA មានការថយចុះពី ១៧នាក់ មកនៅត្រឹម ០៨នាក់ក៏ដោយ ប៉ុន្តែចំនួនសិស្សដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិមានការកើនឡើង ៩.៤៩% បើប្រៀបធៀបជាមួយឆ្នាំសិក្សា២០២០-២០២១។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូល នូវក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ ក្មួយៗ និងចៅៗទាំងអស់។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកពីប្រសាសន៍សំខាន់ៗរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ពាក់ព័ន្ធជាមួយស្ថានភាពជាក់ស្តែងរបស់ស្រុកទាំងពីរ ដែលត្រួវរួមគ្នាអនុវត្តឱ្យបាន សម្រាប់អង្គភាពពាក់ព័ន្ធ មន្ត្រីអប់រំ លោកនាយក លោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាលសិស្ស និងក្មួយៗ យកទៅត្រិះរិះពិចារណា និងប្រតិបត្តិឱ្យបានត្រឹមត្រូវ ដើម្បីអភិវឌ្ឍមូលដ្ឋាន និងអភិវឌ្ឍខ្លួនឱ្យកាន់តែប្រសើរថែមទៀត ដូចខាងក្រោម៖
- គ្រប់គ្រឹះស្ថានសិក្សា សូមបន្តលើកកម្ពស់សុខភាពសិក្សា និងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ដោយបន្តអនុវត្តតាមអភិក្រម “៣កុំ ៣ការពារ” ជាពិសេសត្រូវមានយន្តការ និងវិធានការឆ្លើយតបភ្លាមៗទៅនឹងប្រធានស័ក្តិនានា។
- គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវបន្តរៀបចំបរិស្ថានសាលារៀនស្អាត សាលារៀនបៃតង មានទឹកស្អាត មានបង្គន់អនាម័យ កន្លែងលាង និងសួនធម្មជាតិ ។ល។ ឱ្យស័ក្តិសមជាទីកន្លែងសម្រាប់ការអប់រំ និងបណ្ដុះគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញាំញីផ្លូវចិត្ត ផ្លូវកាយ។
- លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តដើរតួជាបុគ្គលនាំមុខ ជាឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស ដើម្បីយកចំណេះដឹងថ្មីៗ គរុកោសល្យថ្មីៗ មកបង្ហាត់បង្រៀនដល់សិស្ស ឱ្យមានចំណេះដឹងទូលំទូលាយ និងអភិវឌ្ឍខ្លួនទៅជាពលរដ្ឋសកល និងជាអ្នកបន្តវេន សម្រាប់ថ្ងៃអនាគត។
- ក្មួយៗ សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ សូមបន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន និងចូលរួមឱ្យបានសស្រាក់សស្រាំក្នុង “អំពើល្អ” ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិយើងទាំងមូល ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។
- មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប សូមនាំកូន នាំចៅ មកចុះឈ្មោះចូលរៀន និងបន្តផ្ដល់ការគាំទ្រការលើកទឹកចិត្ត និងជួយបង្រៀនបន្ថែមដល់កូន ដល់ចៅតាមគ្រប់រូបភាព។
- អាជ្ញាធរដែនដី សហគមន៍ អ្នកពាក់ព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ក្នុងមូលដ្ឋាននៃស្រុកបាធាយ សូមបន្តចូលរួមគាំទ្រឱ្យកាន់តែសកម្មថែមទៀត ក្នុងការអភិវឌ្ឍសាលារៀន និងបន្តជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីការការពារកុមារពីអំពើហឹង្សា ពលកម្មកុមារគ្រប់ទម្រង់ ព្រមទាំងយុទ្ធនាការនៃការប្រមូលកុមារចូលរៀន និងសារៈសំខាន់នៃការអប់រំ តាមរយៈការផលិតកម្មវិធីអប់រំ និងវីដេអូបង្រៀន ដើម្បីឱ្យសេវាអប់រំកាន់តែមានភាពទូលំទូលាយសំបូរបែប និងបានឈានទៅដល់គ្រប់ទីកន្លែង គ្រប់ពេលវេលា ស្របទៅនឹងទស្សនាទាននៃការអប់រំពេញមួយជីវិត។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា រង្វាន់ទោចក្រយានយន្ត និងថវិកា ព្រមទាំងអាហារូបករណ៍ ដែលបាននាំយកមកប្រគល់ជូនសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ និងឪពុកម្តាយ-អាណាព្យាបាលសិស្សនិទ្ទេស A នៅវេលាព្រឹកនេះ រួមមាន៖
ស្រុកបាធាយ៖
១. ផ្តល់ជូនទោចក្រយានយន្ត ម៉ាក ហុងដា Wave ចំនួន ០៥ គ្រឿង ដែលក្នុងនោះ ០៣គ្រឿង ជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិកាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយថវិកាម្នាក់ ៥ម៉ឺនរៀល សម្រាប់ក្មួយៗទាំង ០៥នាក់ ដែលទទួលបាននិទ្ទេសA។
២. ឧបត្ថម្ភថវិកាម្នាក់ ៣០ម៉ឺនរៀល សម្រាប់ក្មួយៗដែលទទួលបាននិទ្ទេស B ចំនួន ៣៧នាក់ ។
៣. ឧបត្ថម្ភថវិកាម្នាក់ ៥ម៉ឺនរៀល សម្រាប់ក្មួយៗចំនួន ៥៨៣នាក់ ដែលទទួលបាននិទ្ទេស c, D និង E ។
៤. ឧបត្ថម្ភថវិកាជូនលោកនាយក លោកស្រីនាយិកា នាយករង នាយិការង វិទ្យាល័យទាំង៥ ចំនួន១៦នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល។
៥. ឧបត្ថម្ភថវិកាជូនលោកគ្រូ អ្នកគ្រូ វិទ្យាល័យទាំង៥ ចំនួន៨៥នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល។
៦. ឧបត្ថម្ភថវិកាជូនមន្រ្តីការិយាល័យអប់រំ យុវជន និងកីឡាស្រុក ចំនួន១១នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល។
៧. ឧបត្ថម្ភថវិកាជូន លោក លោកស្រី អាណាព្យាបាលសិស្សនិទ្ទេស A ចំនួន ៥នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល
៨. ឧបត្ថម្ភថវិកាជូនក្រុមគ្រូពេទ្យ ចំនួន ០៥នាក់ ក្នុងម្នាក់ ៣ម៉ឺនរៀល និង
៩. ឧបត្ថម្ភថវិកាជូនលោក លោកស្រីក្រុមប្រឹក្សាស្រុក គណៈអភិបាល ប្រធានការិយាល័យ អង្គភាពចំណុះ និងជំវិញស្រុក និងមេឃុំ ចំនួន ៥៦នាក់ ក្នុងម្នាក់ ២ម៉ឺនរៀល ។
ស្រុកព្រៃឈរ៖
១. ផ្តល់ជូនទោចក្រយានយន្ត ម៉ាក ហុងដា Wave ចំនួន ០៨ គ្រឿង ជាមួយថវិកាម្នាក់ ៥ម៉ឺនរៀល សម្រាប់ក្មួយៗទាំង ០៨នាក់ ដែលទទួលបាននិទ្ទេសA។
២. ឧបត្ថម្ភថវិកាម្នាក់ ៣០ម៉ឺនរៀល សម្រាប់ក្មួយៗដែលទទួលបាននិទ្ទេស B ចំនួន ៥១នាក់ ។
៣. ឧបត្ថម្ភថវិកាម្នាក់ ៥ម៉ឺនរៀល សម្រាប់ក្មួយៗចំនួន ៦៦២នាក់ ដែលទទួលបាននិទ្ទេស c, D និង E ។
៤. ឧបត្ថម្ភថវិកាជូនលោកនាយក លោកស្រីនាយិកា នាយករង នាយិការង វិទ្យាល័យទាំង៦ ចំនួន១៥នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល។
៥. ឧបត្ថម្ភថវិកាជូនលោកគ្រូ អ្នកគ្រូ វិទ្យាល័យទាំង៦ ចំនួន៧៤នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល។
៦. ឧបត្ថម្ភថវិកាជូនមន្រ្តីការិយាល័យអប់រំ យុវជន និងកីឡាស្រុក ចំនួន១៣នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល។
៧. ឧបត្ថម្ភថវិកាជូន លោក លោកស្រី អាណាព្យាបាលសិស្សនិទ្ទេស A ចំនួន ៨នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល
៨. ឧបត្ថម្ភថវិកាជូនក្រុមគ្រូពេទ្យ ចំនួន ០៥នាក់ ក្នុងម្នាក់ ៣ម៉ឺនរៀល និង
៩. ឧបត្ថម្ភថវិកាជូនលោក លោកស្រីក្រុមប្រឹក្សាស្រុក គណៈអភិបាល ប្រធានការិយាល័យ អង្គភាពចំណុះ និងជំវិញស្រុក និងមេឃុំ ចំនួន ៦៣នាក់ ក្នុងម្នាក់ ២ម៉ឺនរៀល ។
១០. ផ្តល់នូវអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ២៥កន្លែង ក្នុងនោះស្រុកព្រៃឈរ ទទួលបានចំនួន ១៥កន្លែង និងស្រុកបាធាយ ទទួលបាន ១០កន្លែង សម្រាប់ផ្តល់ជូននិស្សិតក្រីក្រ ហើយអាហារូបករណ៍ទាំងនេះ (ក្រុមការងារបានប្រគល់ជូនក្មួយៗសិស្សានុសិស្សរួចរាល់ហើយ)។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យសិស្សានុសិស្សទាំងអស់ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ នៅថ្នាក់មហាវិទ្យាល័យបន្តទៀត ដើម្បីក្រេបជញ្ជក់នូវចំណេះវិជ្ជា សំដៅពង្រឹងសមត្ថភាពរបស់ខ្លួន ឱ្យក្លាយទៅជាសសរទ្រូងឆ្នើមរបស់ប្រទេសជាតិ។ ជាពិសេស បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រក្សាការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបន្តយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ និងការពារខ្លួនពីការឆ្លងជម្ងឺកូវីដ១៩ ព្រមទាំងជម្ងឺផ្សេងទៀត តាមរយៈការរក្សាអនាម័យ និងអនុវត្តវិធានការ “៣កុំ ៣ការពារ” ឱ្យបានខ្ជាប់ខ្ជួន និងណែនាំបងប្អូន កូន ក្មួយ ដែលគ្រប់អាយុត្រូវចាក់វ៉ាក់សាំង ឱ្យទៅចាក់ឱ្យបានគ្រប់ដូសគ្រប់ៗគ្នា និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ខណៈគ្រោះថ្នាក់ចរាចរណ៍បានធ្វើឱ្យមនុស្សស្លាប់ជារៀងរាល់ថ្ងៃ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣