ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិ នៃក្របខណ្ឌពង្រឹងសមាហរណកម្ម (EIF)

ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ០៩:៥៩ នាទី យប់

👁 3

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម ជាមួយ លោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិនៃក្របខណ្ឌពង្រឹង សមាហរណកម្ម (EIF) ដើម្បីពិភាក្សាការងារលើសមិទ្ធិផលសម្រេចបានកន្លងមក និងការបន្តពង្រឹងកិច្ច សហប្រតិការក្រោមក្របខណ្ឌជំនួយពាណិជ្ជកម្ម និងកម្មវិធីរបស់ EIF។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកបណ្ឌិត Ratnakar Adhikari និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្របខណ្ឌពង្រឹងសមាហរណកម្ម ដែលតែងតែផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់កម្ពុជា តាមរយៈគម្រោងនានាដែលមានគោលដៅអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មនៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ពីសារៈសំខាន់នៃជំនួយពាណិជ្ជកម្ម ក្នុងការបង្កើនឱកាសពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសអភិវឌ្ឍន៍តិចតួច រួមទាំងកម្ពុជាផងដែរ។

ឆ្លៀតក្នុងឪកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានរៀបរាប់អំពីសមិទ្ធិផលសំខាន់ៗដែលសម្រេចបានកន្លងមកក្នុង រយៈពេលជាង១០ឆ្នាំ តាមរយៈការអនុវត្តគម្រោងដែលទទួលបានបានគាំទ្រពីក្របខណ្ឌពង្រឹងសមាហរណកម្ម ដោយក្នុងនោះ រួមមាន៖ គម្រោង EIF Tier 1, កម្មវិធីការធ្វើពិពិធកម្ម និងពង្រីកការនាំចេញ (CEDEP I), CEDEP II, កម្មវិធីគាំទ្រដល់និរន្តរភាព (SSP), យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) 2019-23, យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, និងគម្រោង Go4eCAM ដែលបាននិងកំពុងអនុវត្តដោយក្រសួងពាណិជ្ជកម្ម។

បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីសំណូមពរលើកិច្ចការសំខាន់ៗដែលក្របខណ្ឌពង្រឹងសមាហរណកម្ម អាចចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជាបន្ថែមទៀត ក្នុងនោះរួមមាន ការពង្រីកវិសាលភាពនៃគម្រោង Go4eCAM ការអភិវឌ្ឍសមត្ថភាពពាក់ព័ន្ធនឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការធ្វើបច្ចុប្បន្នភាពឯកសារយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា និងការត្រៀមចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍតិចតួចរបស់កម្ពុជា។

ជាកិច្ចបញ្ចប់ ក្រសួងពាណិជ្ជកម្ម និងក្របខណ្ឌពង្រឹងសមាហរណកម្ម បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការបន្ត ពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈជំនួយពាណិជ្ជកម្ម សំដៅជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ