ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ១១:១៥ នាទី យប់
👁 2
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចា តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារចរចាអន្តរក្រសួងទាំង ១១ក្រុម សំដៅត្រៀមចូលរួមការចរចាជុំទី៣ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CAM-UAE CEPA) ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់នៅថ្ងៃទី២០ ដល់ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងឌុយបៃ អេមីរ៉ាតអារ៉ាប់រួម។
ថ្លែងក្នុងឱកាសនោះ លោកជំទាវប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធាន និងសមាជិក សមាជិការនៃក្រុមការងារទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារបានយ៉ាងល្អ និងប្រកបដោយស្មារតីបុរេសកម្ម មានភាពបត់បែន និងទំនួលខុសត្រូវខ្ពស់ក្នុងគ្រប់ជុំចរចាកន្លងមក និងបានស្នើឱ្យបន្តស្មារតីដ៏ថ្លៃថ្លានេះសម្រាប់ជុំចរចាបន្ទាប់ ដើម្បីឈានសម្រេចបានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ក្នុងពេលឆាប់ៗ ខាងមុខ សំដៅបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ រួមមាន អ្នកប្រើប្រាស់ ផលិតករ ធុរជន និងវិនិយោគិន។
ជាមួយគ្នានេះ ប្រធានក្រុមការងារទាំង ១១ក្រុម ដែលជាថា្នក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ពីអន្តរក្រសួង-ស្ថាប័ន បានធ្វើបច្ចុប្បន្នភាពលើវឌ្ឍនភាពការងារនៃជំពូកនីមួយៗរបស់ខ្លួន បន្ទាប់ពីការចរចាជុំទី២ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២២ នៅកម្ពុជា។ ជំពូកទាំងនោះ រួមមាន៖ ពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវា វិនិយោគ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក វិធានដើមកំណើតទំនិញ កិច្ចសម្រួលពាណិជ្ជកម្ម របាំងបច្ចេកទេសពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ កម្មសិទ្ធិបញ្ញា ឧបាស្រ័យពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស សហគ្រាសធុនតូចនិងមធ្យម និងច្បាប់និងស្ថាប័ន។
បើផ្អែកតាមវឌ្ឍនភាពការងារដែលសម្រេចបានចាប់តាំងពីការចរចាជុំទី២មកទល់បច្ចុប្បន្ន អង្គប្រជុំមានសុទិដ្ឋិនិយមថា ការចរចាលើអត្ថបទនៃកិច្ចព្រមព្រៀង CAM-UAE CEPA អាចនឹងបញ្ចប់ទាំងស្រុងក្នុងការចរចាជុំទី៣ នាពេលខាងមុខ រីឯការចរចាលើការបើកច្រកទីផ្សារសម្រាប់ពាណិជ្ជកម្មទំនិញ និងពាណិជ្ជកម្មសេវានឹងអាចបញ្ចប់ទៅបាន ក្នុងអំឡុងអន្តរកិច្ចប្រជុំ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣