ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ១១:២៥ នាទី យប់
👁 3
(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាតំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ធីប័រ បាឡូហ្គ៍ឌី (Tibor BALOGHDI) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសហុងគ្រីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលបានការតែងតាំងថ្មី និងមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ព្រមទាំងសហការី ដើម្បីផ្លាស់ប្តូរយោបល់ ពិភាក្សាលើវឌ្ឍនភាព និងស្វែងរកកាលានុវត្តភាពបន្ថែម ក្នុងការលើកស្ទួយកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម។
ជាកិច្ចចាប់ផ្ដើម លោកជំទាវរដ្ឋលេខាធិការ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលទើបទទួលបានការតែងតាំងថ្មី និងបានថ្លែងអំណរគុណដល់ភាគីហុងគ្រី ក្នុងការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម។
ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានស្នើសុំឱ្យវិនិយោគិនហុងគ្រី សិក្សានិងស្វែងយល់បន្ថែមពីកាលានុវត្តភាពពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា ព្រមទាំងជំរុញឱ្យនាំចូលផលិតផលកសិកម្ម និងឧស្សាហកម្មពីកម្ពុជាបន្ថែមទៀត។
ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណ លោកជំទាវរដ្ឋលេខាធិការ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការបន្តពង្រឹងទំនាក់ទំនងល្អ ជាពិសេសក្នុង វិស័យពាណិជ្ជកម្មឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅបន្ថែមទៀត ដើម្បីឈានដល់កម្រិតសក្តានុពលពេញលេញ។
ក្នុងឱកាសនោះ ភាគីទាំងពីរ បានកត់សម្គាល់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការរៀបចំកិច្ចប្រជុំលើកទី១ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះ ព្រមទាំងវេទិកាជំនួបធុរកិច្ចរវាងកម្ពុជា-ហុងគ្រី ដែលសម្រេចបានយ៉ាងរលូន ជាមួយនឹងលទ្ធផលជាផ្លែផ្កា ក៏ដូចជាភាពរីកចម្រើនក្នុងទំនាក់ទំនងពាណិជ្ជកម្ម ដែលឆ្លុះបញ្ចាំងដោយកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគី។ ស្របគ្នាដែរ ភាគីទាំងពីរ ក៏បានបង្ហាញនូវឆន្ទៈក្នុងការគ្រោងរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ និងជំនួបធុរកិច្ចលើកទី២ នៅអំឡុងឆមាសទី២ ឆ្នាំ២០២៣ នាពេលខាង
មុខ។ លោកជំទាវ ក៏បានជំរុញឱ្យភាគីទាំងពីរ ដែលជាសមាជិកគណៈកម្មការនេះ រួមមានក្រសួង-ស្ថាប័នពាក់ព័ន្ធ ជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ឬកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួច ឱ្យមានប្រសិទ្ធភាព។ ការលើកទឹកចិត្ត និងសហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន គឺជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព។
បន្ថែមពីនេះ ភាគីកម្ពុជា ក៏បានស្នើភាគីហុងគ្រីក្នុងការផ្តល់អាហារូបករណ៍បន្ថែម និងវគ្គបណ្តុះបណ្តាលនានាពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ដើម្បីអភិវឌ្ឍសមត្ថភាពមន្រ្តីជំនាញ ដែលគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការចូលរួមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ភាគីហុងគ្រី ក៏បានបង្ហាញពីការគាំទ្រនិងលើកទឹកចិត្តដល់និស្សិតនិងមន្រ្តីកម្ពុជា ក្នុងការចូលរួមដាក់ពាក្យឱ្យបានច្រើន។ ជាពិសេស ភាគីហុងគ្រី បានបង្ហាញពីសញ្ញាណវិជ្ជមានចំពោះការស្នើសុំរបស់ភាគីកម្ពុជា ពាក់ព័ន្ធនឹងការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP+ នៅពេលដែលកម្ពុជាចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច។
ជាកិច្ចបញ្ចប់ ភាគីទាំងពីរ បានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែមានភាពរឹងមាំនិងស៊ីជម្រៅបន្ថែមទៀត៕
គួរបញ្ជាក់ថា៖ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជានិងហុងគ្រី នៅឆ្នាំ២០២២ សម្រេចបានប្រមាណ៧.៤៤ លានដុល្លារអាមេរិក ដែលមានការកើនឡើងគួរឲ្យកត់សម្គាល់ប្រមាណ៨៤% បើប្រៀបធៀបនឹងឆ្នាំ២០២០ (សម្រេចបានប្រមាណ៤លានដុល្លារអាមេរិក)។ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅហុងគ្រី រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង អង្ករ គ្រាប់ធញ្ញជាតិ បន្លែ ថ្នាំជក់ ផលិតផលឱសថ និងវត្ថុធ្វើអំពីស្បែកជាដើម រីឯទំនិញនាំចូល
សក្តានុពលពីហុងគ្រីមកកម្ពុជាវិញ រួមមាន៖ វត្ថុផ្សេងៗធ្វើពីលោហធាតុធម្មតា គីមីសរីរាង្គ ផលិតផលធ្វើពីទឹកដោះ សរសៃអំបោះសិប្បនិម្មិត ផលិតផលកែច្នៃចេញពីសាច់ សាច់ត្រី ឬគ្រាប់ធញ្ញជាតិ។ល៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣