លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន FUSIONEX របស់ប្រទេសម៉ាឡេស៊ី

ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ១២:០៦ នាទី ថ្ងៃត្រង់

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង    រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន FUSIONEX របស់ប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សាការងារអំពីប្រព័ន្ធសម្របសម្រួលពាណិជ្ជកម្ម ដែលគ្របដណ្តប់ទៅលើការសម្របសម្រួលច្រកចេញ-ចូលពាណិជ្ជកម្មតែមួយ។

ជាកិច្ចចាប់ផ្តើមនៃកិច្ចជំនួបពិភាក្សាការងារ លោកជំទាវរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន FUSIONEX របស់ប្រទេសម៉ាឡេស៊ី ដែលអញ្ជើញមកពិភាក្សាការងារអំពីប្រព័ន្ធសម្របសម្រួលពាណិជ្ជកម្ម ដែលគ្របដណ្តប់ទៅលើការសម្របសម្រួលច្រកចេញ-ចូលពាណិជ្ជកម្មតែមួយនៅកម្ពុជា។

ជាមួយគ្នានេះ លោកជំទាវប្រធានអង្គប្រជុំ បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ដែលកំពុងតែអនុវត្ត ក្នុងការគាំទ្រទៅលើការនាំចេញឱ្យកាន់តែប្រសើរឡើង រួមមាន៖ ការធ្វើវិមជ្ឈការទៅកាន់ថ្នាក់ក្រោមជាតិ (មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត) ក្នុងការសម្របសម្រួលជូនដល់អាជីវករចុះបញ្ជីពាណិជ្ជកម្ម និងបញ្ជាក់ប្រភពដើមទំនិញ(CO), ការអនុវត្តគម្រោងEIF ជាជំហានដំបូងផ្តោតលើ E-Commerce ចំពោះសហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើតទម្រង់ទីផ្សារបែប B2B & B2C ដល់សហគ្រិនកម្ពុជាក្នុងការអនុវត្តសហគ្រិនភាពបែបឌីជីថល ដោយលទ្ធផលនៃការអនុវត្តនេះនឹងធ្វើការបង្ហាញទៅកាន់ម្ចាស់ជំនួយគាំទ្រគម្រោងវិញផងដែរ។

ក្នុងឱកាសនោះ លោក Rami Sharaf អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានថ្លែងអំណរគុណចំពោះ លោកជំទាវប្រធានអង្គប្រជុំ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ដើម្បីធ្វើការជួបពិភាក្សារការងារជាមួយក្រុមហ៊ុន FUSIONEX នៃប្រទេសម៉ាឡេស៊ី និងបានបញ្ជាក់ជូនពីគោលបំណងនៃកិច្ចប្រជុំនេះ។ ទន្ទឹមនឹងនេះ លោកក៏បានស្នើសុំឱ្យមានការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ជាមួយក្រុមហ៊ុនFUSIONEX ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបង្កើតឱ្យមាន  DIGITAL TRADE HUB FOR CAMBODIA ដើម្បីធ្វើការសិក្សាបឋម (Pilot Study) លើការនាំចេញស្រូវអង្ករកម្ពុជា ផងដែរ។

លោកបានបញ្ជាក់ផងដែរថា ក្រុមហ៊ុនRoyal Group កំពុងតែរៀបចំសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នានេះ និងផ្ញើជូនក្រសួងពាណិជ្ជកម្មធ្វើការពិនិត្យ និងសម្រេច មុនពេលឈានដល់ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាជាផ្លូវការ។  

ជាមួយគ្នានេះដែរ លោក Raymond Lee នាយកកម្មវិធី នៃក្រុមហ៊ុន FUSIONEX បានធ្វើបទបង្ហាញអំពីប្រវត្តិ និងសកម្មភាពការងាររបស់ក្រុមហ៊ុន ដែលផ្តោតសំខាន់លើប្រព័ន្ធឌីជីថល ក្នុងការសម្រួលការងារជូនអតិថិជន ជាពិសេសការប្រតិបត្តិការគ្រប់គ្រង និងរក្សាទិន្នន័យទាក់ទងនឹងការនាំចេញ និងសម្រួលបែបបទពន្ធគយ ដើម្បីពន្លឿនការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ។  

លោកនាយក បញ្ជាក់ថា ការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន FUSIONEX នឹងផ្តល់ជូនដល់អ្នកប្រើប្រាស់ (រាជរដ្ឋាភិបាល ក្រុមហ៊ុន/ឧស្សាហកម្ម និងអតិថិជន) នូវអត្ថប្រយោជន៍ជាច្រើន រួមមាន៖ (១)កាត់បន្ថយពេលវេលានិងចំណាយ (២)គ្រប់គ្រង និងរក្សាទុកទិន្នន័យ (៣)បង្កើនការវិនិយោគ ទំហំពាណិជ្ជកម្មនាំចេញ និងការងារ (៤)បង្កើនប្រសិទ្ធភាព និងសុវត្ថិភាពនៃការនាំចេញ ដឹកជញ្ជូន និងសម្រួលបែបពន្ធគយ និង(៥)បង្ហាញពីដំណោះស្រាយជូនអតិថិជន។

នៅកិច្ចបញ្ចប់ លោកជំទាវប្រធានអង្គប្រជុំ បានថ្លែងអំណរគុណចំពោះ លោក Rami Sharaf និងក្រុមការងារនៃក្រុមហ៊ុន FUSIONEX ដែលបានអញ្ជើញមកជួបពិភាក្សាការងារ និងសង្ឃឹមយ៉ាងមុតមាំថា ក្រសួងពាណិជ្ជកម្មនឹងមានកិច្ចសហប្រតិបត្តិការល្អជាមួយក្រុមហ៊ុនទាំងពីរជាបន្តបន្ទាប់៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ