ឯកឧត្តម សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំស្ដីពី ការពិនិត្យ និងផ្ដល់យោបល់លើតារាងកិច្ចសន្យាពាណិជ្ជកម្មទំនិញ និងសេវាកម្មបឋម (Initial Offers) និងតារាងបញ្ជីលើកលែង MFN (MFN Exemptions List) របស់ប្រទេសទីម័រឡេស្ដេ

ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ០៥:១៥ នាទី ល្ងាច

👁 2

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំស្ដីពី ការពិនិត្យ និងផ្ដល់យោបល់លើតារាងកិច្ចសន្យាពាណិជ្ជកម្មទំនិញ និងសេវាកម្មបឋម (Initial Offers) និងតារាងបញ្ជីលើកលែង MFN (MFN Exemptions List) របស់ប្រទេសទីម័រឡេស្ដេ ដោយមានការចូលរួមពីអន្ដរក្រសួង-ស្ថាប័ន និងស្ថានបេសកកម្មអចិន្ដ្រៃយ៍កម្ពុជាប្រចាំអង្គការ WTO ក្នុងគោលបំណងប្រមូលធាតុចូល សំណូមពរ និងយោបល់ ពីបណ្ដាអន្ដរក្រសួង-ស្ថាប័ន ដើម្បីឆ្លើយតបទៅនឹងសំណើរបស់ប្រទេសទីម័រឡេស្ដេ ដែលបានស្នើកម្ពុជា ធ្វើការពិនិត្យ និងផ្ដល់យោបល់លើតារាងខាងលើ ក្នុងដំណើរការចរចាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមប្រធានអង្គប្រជុំ បានថ្លែងស្វាគមន៍តំណាងអន្ដរក្រសួង-ស្ថាប័ន ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើតារាងកិច្ចសន្យាពាណិជ្ជកម្មទំនិញ និងសេវាកម្មបឋម (Initial Offers) និងតារាងបញ្ជីលើកលែង MFN របស់ប្រទេសទីម័រឡេស្ដេ ក្នុងដំណើរការចរចាចូលជាសមាជិកអង្គការ WTO។ ឯកឧត្តមប្រធាន បានបញ្ជាក់ជូនអង្គប្រជុំថា ជាគោលការណ៍របស់ប្រមុខថ្នាក់ដឹកនាំ កម្ពុជាគាំទ្រ និងជួយជ្រោមជ្រែងទីម័រឡេស្ដេ ឱ្យបានចូលជាសមាជិកក្នុងអង្គការ និងសហគមន៍អន្ដរជាតិ រួមមានអង្គការ WTO និងអាស៊ានជាដើម។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់អំពីគោលបំណងនៃកិច្ចប្រជុំនេះមាន ៣ចំណុចសំខាន់ៗគឺ (១) ការគាំទ្រផ្នែកនយោបាយ, (២) នីតិវិធីច្បាប់ និង(៣) ការត្រួតពិនិត្យលើបញ្ជីទំនិញ និងសេវាកម្ម។

ជាកិច្ចបន្ទាប់ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដល់នាទីជូន តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការ WTO ដើម្បីធ្វើបទបង្ហាញស្ដីពី ដំណើរការនៃការចរចាចូលជាសមាជិក WTO របស់ទីម័រឡេស្ដេ និងតារាងកិច្ចសន្យាពាណិជ្ជកម្មទំនិញ និងសេវាបឋម (Initial Offers) និងតារាងបញ្ជីលើកលែង MFN (MFN Exemptions List) របស់ប្រទេសទីម័រឡេស្ដេ។

ជាលទ្ធផល អង្គប្រជុំបានពិភាក្សាយ៉ាងផុលផុសលើតារាងពាណិជ្ជកម្មទំនិញ និងសេវារបស់ទីម័រឡេស្ដេ ដោយអន្ដរក្រសួង-ស្ថាប័នបានឯកភាពជាទូទៅលើតារាងទំនិញ និងសេវាបឋមនេះ ហើយក៏មានបណ្ដាក្រសួងមួយចំនួនមានសំណួរមួយចំនួនតូចពាក់ព័ន្ធនឹងតារាងកិច្ចសន្យាពាណិជ្ជកម្មសេវា ដែលស្នើសុំខាងប្រទេសទីម័រឡេស្ដេមានការបកស្រាយបន្ថែម។

ចំពោះទិសដៅការងារបន្ទាប់ តាមសំណើរបស់ស្ថានបេសកកម្ម បណ្ដាអន្ដរក្រសួងនឹងផ្ញើជូនយោបល់ និងសំណួរជាលាយល័ក្ខអក្សរ ជូនក្រសួងពាណិជ្ជកម្ម និងស្ថានបេសកកម្មកម្ពុជា ដើម្បីសម្របសម្រួលសុំការបញ្ជាក់បន្ថែមពីភាគីទីម័រឡេស្ដេ ដើម្បីជ្រោមជ្រែង និងពន្លឿនការចរចាចូលជាសមាជិកអង្គការ WTO របស់ទីម័រឡេស្តេ ឱ្យបានឆាប់។

ជាកិច្ចបញ្ចប់ ឯកឧត្ដមប្រធានអង្គប្រជុំ បានថ្លែងអំណរគុណចំពោះតំណាងអន្ដរក្រសួង-ស្ថាប័ន ដែលបានចូលរួមកិច្ចពិភាក្សានេះ ដែលផ្ដល់នូវលទ្ធផលគួរជាទីពេញចិត្ត៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ