ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន ឯកឧត្តម FUMIAKI TAKAHASHI អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមកម្ពុជា-ជប៉ុន ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ០៨:០៦ នាទី យប់

👁 3

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន

ឯកឧត្តម FUMIAKI TAKAHASHI អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមកម្ពុជា-ជប៉ុន និងសហការី ចូលរួមពិភាក្សាការងារ ក្នុងគោលបំណងជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម FUMIAKI TAKAHASHI និងសហការីមកកាន់ប្រទេសកម្ពុជាជាថ្មីម្តងទៀត និងថ្លែងអំណរគុណចំពោះ ឯកឧត្តម ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាការគាំទ្រជាបន្តបន្ទាប់ដល់ក្រសួងពាណិជ្ជកម្មក្នុងពេលកន្លងមក។

ក្នុងជំនួបនេះផងដែរ គណៈប្រតិភូសមាគមជប៉ុន-កម្ពុជា ក៏បានធ្វើបទបង្ហាញជូន ឯកឧត្តមរដ្ឋមន្រ្តី និងអង្គប្រជុំអំពីប្រតិបត្តិការធុរកិច្ចក៏ដូចជាទិសដៅរបស់ក្រុមហ៊ុនជប៉ុនមួយចំនួននៅកម្ពុជា ជាពិសេស ការវិនិយោគលើវិស័យវារីវប្បកម្ម ផលិតផលសុខភាព កម្លាំងពលកម្ម សូត្រជាដើម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានគាំទ្រ និងផ្តល់អនុសាសន៍ណែនាំឱ្យក្រុមហ៊ុនធ្វើការពាក់ព័ន្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនឱ្យកាន់តែជោគជ័យបន្ថែមទៀត ជាពិសេសការនាំផលិតកម្ពុជាចូលទីផ្សារជប៉ុនតាមរយៈមជ្ឈមណ្ឌលធុរកិច្ចកម្ពុជានៅជប៉ុនជាដើម។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្ត និងជំរុញឱ្យសមាគមជប៉ុន-កម្ពុជាទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិកមានដូចជា៖ អាសិប និងកិច្ចព្រមព្រៀងទ្វេភាគីក៏ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាជាមួយដៃគូអាស៊ាន ដើម្បីពង្រីកទីផ្សារ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

ក្នុងជំនួបនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាប ឯកឧត្តមប្រធានសមាគម និងសហការីនៃសមាគមជប៉ុន-កម្ពុជា អំពីការងារអាទិភាពសំខាន់ៗ មួយចំនួនដែលក្រសួងពាណិជ្ជកម្ម បាននិងកំពុងអនុវត្តក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យកាន់តែប្រសើរឡើងលើវិស័យពាណិជ្ជកម្ម និងធុរកិច្ច ដើម្បីជួយសម្រួលដល់វិនិយោគិននៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមប្រធានសមាគម បានថ្លែងអំណរគុណចំពោះអនុសាសន៍ណែនាំរបស់ ឯកឧត្តមរដ្ឋមន្រ្តី ក៏ដូចជាការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមប្រធានសមាគម ក៏បានប្តេជ្ញាចិត្តក្នុងការផ្សព្វផ្សាយ និងកៀរគរវិនិយោគិនជប៉ុនឱ្យកាន់តែច្រើនបន្ថែមទៀតមកវិនិយោគនៅកម្ពុជា។

នៅកិច្ចបញ្ចប់ ភាគីទាំងពីរ ក៏បានអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២៣ និងបានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ