ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើក វេទិកាធុរកិច្ច វិនិយោគ និងទេសរណ៍ កម្ពុជា-ចិន

ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ០២:០៥ នាទី រសៀល

👁 4

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(រដ្ឋធានីប៉េកាំង)៖ នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាធុរកិច្ច វិនិយោគ និងទេសរណ៍ កម្ពុជា-ចិនក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Hu Chunhua ឧបនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងឥស្សរៈជនជាន់ខ្ពស់ ព្រមទាំង វត្តមានធុរជន និងវិនិយោគិនកម្ពុជា និងចិន ក្នុងវិស័យធុរកិច្ច វិនិយោគ និងទេសចរណ៍ជាច្រើនរូប។

វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី មកកាន់ទីក្រុងប៉េកាំង ដោយមានកិច្ចសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងមានការចូលរួពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនរបស់ប្រទេសទាំងពីរប្រមាណ ៣០០នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សម្រាប់កិច្ចសហប្រត្តិបត្តិការវិស័យពាណិជ្ជកម្មរវាងកម្ពុជា-ចិន ក្រៅពីសក្តានុពលទីផ្សារដែលមានស្រាប់ ដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងកិច្ចព្រមព្រៀងអាសិប (RCEP) កម្ពុជាបានបន្តពង្រីកសក្តានុពល ថ្មីៗបន្ថែមទៀត នោះគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ ដែលជាមូលដ្ឋានសម្រាប់ត្រួសត្រាយផ្លូវក្នុងការអនុវត្តភាពជាដៃគូយុទ្ធសាស្រ្ត និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ក្រៅពីនេះ កម្ពុជាបានបន្តជំរុញលើកកម្ពស់ និងធ្វើពិពិធកម្មការនាំចេញរបស់ខ្លួន ដោយខិតខំទាញយកអត្ថប្រយោជន៍ពីកាលានុវត្តភាពដែលមាននាពេលបច្ចុប្បន្ន និងចាំបាច់ត្រូវរៀបចំធានានូវភាពអំណោយផលពីទីផ្សារថ្មីៗ ព្រមទាំងត្រូវពង្រឹងភាពប្រកួតប្រជែងបន្ថែមទៀត ជាពិសេស សម្រាប់ការនាំចេញទៅបណ្តាប្រទេសក្នុងតំបន់ ដែលផ្តល់សក្តានុពលដល់ធុរជន និងវិនិយោគិនក្នុង និងក្រៅប្រទេស ជាពិសេសធុរជន និងវិនិយោគិនចិន។  

ថ្លែងសុន្ទរកថាបើកវេទិកានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថាចំណងមិត្តភាពដែកថែបដែលមិនអាចបំបែកបានរវាងកម្ពុជានិងចិន ដែលបានបង្កើតឡើងដោយថ្នាក់ដឹកនាំជំនាន់មុន និងបានពូនជ្រុំបន្ថែមដោយថ្នាក់ដឹកនាំបច្ចុប្បន្ន នឹងនៅបន្តជាអមតៈជាច្រើនជំនាន់បន្តទៀត ទោះបីជាប្រទេសយើងទាំងពីរបានជួបឧបសគ្គអ្វីក៏ដោយ តែកម្ពុជានិងចិននៅតែរួមគ្នាដោះស្រាយ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បន្តថា គោលបំណងនៃទស្សនកិច្ចរបស់សម្តេចលើកនេះ គឺផ្លាស់ប្តូរយោបល់ជាមួយថ្នាក់ដឹកនាំចិន ដើម្បីកសាងសហគមន៍មួយវាសនាតែមួយ និងផលប្រយោជន៍រួមគ្នា។ កម្ពុជា និងចិនមានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឈរលើគោលការណ៍ជឿទុកចិត្តគ្នា គោរពគ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគ្នា ពិសេសគឺកម្ពុជាបានគាំទ្រនយោបាយចិនតែមួយយ៉ាងខ្ជាប់ខ្ជួន។

សម្តេចតេជោនាយករដ្ឋមន្រ្តី រំពឹងថា ណវេទិកានេះនឹងជំរុញដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងកម្ពុជា-ចិន ក្នុងការបន្តអនុវត្តនយោបាយបើកចំហ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ-ផ្លូវមួយ ដែលនឹងជួយស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីជំងឺកូវីដ-១៩ ព្រមទាំងជួយពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា-ចិនឱ្យកាន់តែប្រសើរជាងមុន ជាពិសេសបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនបានចូលជាធរមាន កាលពីដើមឆ្នាំ២០២២កន្លងទៅនេះ។ ហេតុដូចនេះ វិស័យឯកជនប្រទេសទាំងពីរត្រូវខិតខំយកវេទិកានេះ ផ្លាស់ប្តូរមតិយោបល់ និងចាប់ដៃគូ សហការតាមវិស័យ អាទិភាពនានាឱ្យបានជាអតិបរមា និងសូមទុកចិត្តថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន នឹងបន្តគាំទ្រដល់វិស័យឯកជនជានិច្ច។

សម្តេចតេជោនាយករដ្ឋមន្រ្តី បញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន តាមរយៈយន្តការនានាដូចជា៖ ការបង្កើតផែនការសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ២០២៣-២០២៥ ការបង្កើតរបៀងស្រូវអង្ករនិងត្រី ការបង្កើតច្រកតែមួយរួមគ្នាសម្រាប់ការធ្វើពាណិជ្ជកម្ម ការបង្កើតរបៀងអភិវឌ្ឍឧស្សាហកម្មដែលជាគំរូសម្រាប់ឈានទៅបង្កើតតំបន់សេដ្ឋកិច្ចពហុបំណងខេត្តព្រះសីហនុ និងការលើកទឹកចិត្តឱ្យកម្ពុជាអាចចូលរួមយ៉ាងពេញលេញនូវពិព័ណ៌នាំចេញ-នាំចូល របស់ចិន ព្រមទាំងពិព័ណ៌នាំចូលអន្តរជាតិ ជាដើម បានជំរុញឱ្យមានកំណើនពាណិជ្ជកម្មសរុបរវាងកម្ពុជា-ចិន កើនឡើងជារៀងរាល់ឆ្នាំ។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២២ កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន មានកំណើនប្រមាណ ៤,៤៨% ធៀបនឹងឆ្នាំ២០២១កន្លងទៅ។ ដោយឡែក វិស័យវិនិយោគឯកជនរបស់ចិននៅកម្ពុជាក្នុងឆ្នាំ២០២២ មានការថយចុះប្រមាណ ៣៥,១ភាគរយ ធៀបនឹងឆ្នាំ២០២១ ដោយសារឥទ្ធិពលនៃជំងឺកូវីដ-១៩ មិនទាន់ផុតរលត់។

ទោះយ៉ាងណា ភ្ញៀវទេសចរណ៍ចិនដែលមកទស្សនាកម្ពុជាក្នុងឆ្នាំ២០២២ មានការកើនឡើង ១៣៣,៥% ធៀបនឹងឆ្នាំ២០២១។ បន្ថែមលើនេះទាក់ទងនឹងត្រៀមទទួលការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគបរទេស, រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងរៀបចំតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង (Multi-purposed SEZ) ដែលមានផ្ទៃដីសរុប ១.១១៤ហិចតា សម្រាប់ការចូលទៅវិនិយោគដោយវិនិយោគិនបរទេស បន្ទាប់ពីការអនុវត្តគំរូរបៀងអភិវឌ្ឍន៍ឧស្សាហកម្មទទួលបានជោគជ័យនៅខេត្តព្រះសីហនុ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បន្ថែមថា រាជរដ្ឋាភិបាលក៏បានដាក់ចេញឱ្យអនុវត្តនូវច្បាប់វិនិយោគថ្មី និងច្បាប់ស្តីពីដៃគូរវាងរដ្ឋ និងវិស័យឯកជនផងដែរ សំដៅជួយគាំទ្រដោយគ្មានការរើសអើងដល់វិនិយោគិនបរទេស ដែលអនុលោមតាមវិធានអន្តរជាតិផងដែរ។ តាមរយៈវេទិកានេះ វិស័យឯកជននៃប្រទេសទាំងពីរ នឹងបានទទួលនូវព័ត៌មានថ្មីៗទាក់ទងនឹងគោលនយោបាយ  វិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ របស់ប្រទេសទាំងពីរ និងជាពិសេសអាចពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកបានដៃគូអាជីវកម្មរបស់ខ្លួន ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ច វិនិយោគ និងទេសចរណ៍ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ